ពីនេះ ពីនោះ
សួន Marjorie McNeely Conservatory នៅ​រដ្ឋ​មិ​នី​សូ​តា មាន​រុក្ខជាតិ និង​ផ្កា​ដ៏​ទាក់ទាញ
21, Sep 2015 , 4:41 pm        
រូបភាព
រដ្ឋ​មិ​នី​សូ​តា-សហរដ្ឋអាមេរិក៖ សួន​អភិរក្ស The Marjorie McNeely Conservatory ដែល​ស្ថិតក្នុង​បរិវេណ Como Park Zoo & Consevatory ក្នុង​ទីក្រុង Saint Paul រដ្ឋ​មិ​នី​សូ​តា សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ខួប១០០ឆ្នាំ​របស់ខ្លួន​នៅក្នុង​ឆ្នាំ២០១៥នេះ។ The Marjorie McNeely Conservatory ដែល​បាន​បើកសម្ពោធ​កាលពី​ឆ្នាំ១៩១៥ ក្លាយជា​គោលដៅ​ទេសចរណ៍​យ៉ាងសំខាន់​មួយ​សម្រាប់​អ្នក​ស្រឡាញ់​រុក្ខជាតិ​ដ៏​ស្រស់​បំពង។


សួន​អភិរក្ស​រុក្ខជាតិ និង​ផ្កា The Marjorie McNeely Conservatory គ្របដណ្តប់​ដោយ​ផ្ទាំង​កញ្ចក់ និង​មាន​ច្រកចេញចូល​យ៉ាង​ធំ​ទូលាយ។ ការបង្កើត​សួន​ជា​អាគារ​កញ្ចក់​នេះ​ឡើង គឺ​ដើម្បី​បង្កើត​ការចងចាំ និង​ផ្តល់​សារសំខាន់​ដល់​ធម្មជាតិ​ពិភពលោក។

សួន​នេះ​ត្រូវបាន​ចុះបញ្ជី​ជាទី​កន្លែង​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ១៩៧៤ ហើយ​កាលពី​ឆ្នាំ២០០២ ក្រុមគ្រួសារ​មួយ​ដែលមាន​ឈ្មោះថា Marjorie McNeely បានផ្តល់​វិភាគទាន៧លាន​ដុល្លារ​អាមេរិក​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​សួន ហើយ​ការផ្តល់​នេះ​គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​ម្នាក់​ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​ថែទាំ​សួន។ នៅ​ឆ្នាំ​ដដែល សួន​ដែលមាន​ឈ្មោះ​ដើម​ថា Como Park Conservatory ត្រូវ​ប្តូរ​ឈ្មោះ​ទៅជា The Marjorie McNeely Conservatory។

The Marjorie McNeely Conservatory បើក​ស្វាគមន៍​ភ្ញៀវទេសចរ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​គិត​ប្រាក់កម្រៃ​នោះឡើយ ប៉ុន្តែ​អ្នកទស្សនា​ក៏​អាច​បង់​វិភាគទាន​តាម​សទ្ធា​ជ្រះថ្លា​របស់ខ្លួន​ផងដែរ។ យោងតាម​របាយការណ៍ រុក្ខជាតិ​មាន​ជាង៤០០០០ដើម និង​ជាង៣០០០ប្រភេទផ្សេងៗគ្នា ដែលមាន​ប្រភព​មកពី​ប្រទេស​នានា​នៅ​គ្រប់​ទ្វីប។ បន្ថែម​ពីលើ​នេះ ផ្កា​ចម្រុះ​ពណ៌​មាន​រហូតដល់​ទៅ​ប្រមាណ៣៣០០០ប្រភេទ និង​មាន​លក្ខណៈប្លែកៗគ្នា​ទៅតាម​រដូវ​កាល។























Tag:
 ចំរើន-សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com