ជាតិ
អ្នករាយការណ៍​ថ្មី​របស់ UNសន្យាថា ប្រមូល​ភស្តុតាង​ឲ្យ​បាន​ច្បាស់​មុននឹង​សន្និដ្ឋាន
21, Sep 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូ​ណា ស្ម៊ី​ត សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់ខ្លួន ក្នុង​ការជួយ​លើកកម្ពស់​សិទ្ធមនុស្ស​នៅ​កម្ពុជា ដោយ​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​អធិប​តេ​យ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឡើយ។លោកស្រី រ៉ូ​ណា ស្ម៊ី​ត ជួប​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា​នេះ នា​វិមាន​សន្តិភាព ដើម្បី​ពិភាក្សាគ្នា​អំពី​តួនាទី​របស់ខ្លួន​ក្នុង​អាណត្តិ​ដែល​ត្រូវបំពេញ​ក្នុងប្រទេស​កម្ពុជា។


បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោកស្រី រ៉ូ​ណា ស្ម៊ី​ត អះអាងថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​ស្ថាប័ន និង​បុគ្គល​ពាក់ព័ន្ធ​នានា ដើម្បី​ប្រមូល​ព័ត៌មាន​និង​ភស្តុតាង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុននឹង​សន្និដ្ឋាន​នៅក្នុង​របាយការណ៍​ខ្លួន​ឲ្យ​មាន​ភាពត្រឹមត្រូវ ស្របតាម​ច្បាប់​អ្នកធ្វើ​របាយការណ៍ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ណាមួយ​ឡើយ។

ជាការ​ឆ្លើយតប​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា បញ្ហា​សិទ្ធិមនុស្ស​ជា​បញ្ហា​កញ្ចប់​មួយ ដែល​តម្រូវ​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​លើកស្ទួយ​សិទ្ធមនុស្ស​នៅ​កម្ពុជា។ នេះ​បើតាម​លោក អ៊ាង សុផល្លែត។

លោកស្រី រ៉ូ​ណា ស្ម៊ី​ត ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦ឆ្នាំ នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

គួរ​រម្លឹក​ដែរ​ថា  អតីត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី តែងតែ​ប៉ះ​សម្ដី​គ្នា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​រាល់​សេចក្តីរាយការណ៍ និង​ការផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ ត្រូវបាន​រដ្ឋាភិបាល​ប​ដិ​សេធ​ច្រានចោល​ជានិច្ច៕


Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com