ជាតិ
សង្គមជាតិ
មន្ត្រី​ជំនាញ​កម្ពុជា​នឹង​ទៅ​សម្ភាស​ព័ត៌មាន​ជនភៀសខ្លួន​កោះ​ណូ​រូ​នៅ​ដើមខែ​ក្រោយ
22, Sep 2015 , 10:30 am        
រូបភាព
កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ត្រួតពិនិត្យ និង​សម្ភាស​ព័ត៌មាន​ពី​ជនភៀសខ្លួន​កោះ​ណូ​រូ ដែល​គ្រោង​ចង់​មក​តាំងទី​រស់នៅ​ក្នុងប្រទេស​កម្ពុជា នៅ​ដើមខែ​តុលា​ក្រោយនេះ។


ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​កម្ពុជាទទួលបន្ទុកជនភៀសខ្លួន នឹង​ទៅ​ត្រួតពិនិត្យ​សម្ភាស​ជនភៀសខ្លួន​កោះ​ណូ​រូ នៅ​សប្ដាហ៍​ទី១ ខែតុលា ដើម្បី​យក​ពួកគេ​មក​តាំងទី​រស់នៅ​កម្ពុជា តាម​គោលការណ៍​ស្ម័គ្រចិត្ត។ គម្រោង​ទៅ​ត្រួតពិនិត្យ​ជនភៀសខ្លួន​នេះ ដោយសារ​តែមាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ ចំនួន៤ទៀត ស្ម័គ្រចិត្ត​ចង់​មក​រស់នៅ​ប្រទេស​កម្ពុជា។

ចំណែក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ ដែល​ចង់​ត្រឡប់​ទៅកាន់​ស្រុកកំណើត​ខ្លួន​វិញ​នោះ មកដល់ពេលនេះ​មិនទាន់មាន​ការឆ្លើយតប​ពី​ស្ថានទូត​មី​យ៉ាន់​ម៉ា ក្នុងការ​អនុញ្ញាតិ​បើកផ្លូវ​ឲ្យ​ជនភៀសខ្លួន​នោះ​នៅឡើយ​ទេ។ នេះ​បើតាម​លោក ខៀវ សុភ័គ។

គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី៤មិថុនា​កន្លងទៅ ជនភៀសខ្លួន៤នាក់​ពី​កោះ​ណូ​រូ មក​រស់នៅ​រាជធានី​ភ្នំពេញ  ក្រោម​កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី-កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងឆ្នាំ២០១៤ ។ ជនភៀសខ្លួន​ទាំងនោះ រួមមាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់ ៣នាក់ (ស្រី១នាក់)។ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ទីលំនៅ​ដល់ ពួកគេ​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ៕


Tag:
 ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com