ពីនេះ ពីនោះ
ហេតុផល​សំខាន់​បួន​យ៉ាង​នាំ​ឲ្យ​មនុស្ស​មាន​សីលធម៌
22, Sep 2015 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
ពេលណា​និយាយ​ពី​ពាក្យ​ថា​សីលធម៌ គេ​អាច​ដឹងបាន​ភ្លាម​ថា ជា​ទង្វើ​ឬក៏​សកម្មភាព​ដែល​បុគ្គល​ប្រព្រឹត្ត​ល្អ​ទាំង​កាយ វាចា ការប្រកាន់​នូវ​ចរិយា​ល្អ មារយាទ​ល្អ សេចក្ដី​ល្អ និង​ការចៀសវាង​រាល់​ទង្វើ​អាក្រក់​ទាំងឡាយ។ ទើប​យើង​អាច​សង្កេតឃើញថា មនុស្ស​គោរព និង​ប្រតិបត្តិ​សីលធម៌​ដោយ​ផ្អែកលើ​មូលហេតុផ្សេងៗគ្នា ដូចខាងក្រោម៖


ការ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន៖ មនុស្ស​មួយចំនួន​យល់ឃើញថា​សីលធម៌​គឺជា​ទង្វើ​មួយ​ដែល​ផ្ដល់​សារៈប្រយោជន៍​យ៉ាងច្រើន​ចំពោះ​ខ្លួន ទាំង​កិត្តិយស ការប្រាស្រ័យ​ទាក់ទង ទំនាក់ទំនង​មនុស្ស​នៅក្នុង​សង្គម  និង​តម្លៃ​នានា។  ហេតុនេះ​បើ​គ្មាន​ប្រយោជន៍​ដល់​បុគ្គល​អ្នកប្រព្រឹត្ត​ទេ នោះគេ​ក៏​មិនបាច់​ប្រកាន់យក​សីលធម៌​ដែរ។

ជំនឿ​សាសនា៖   មនុស្ស​គោរព​សាសនា​ព្រោះតែ​ខ្លួន​មិនដឹង​ពីអ្វី​ដែល​នឹង​កើតមាន​ចំពោះ​ខ្លួន​នៅពេល​ខាងមុខ និង​នៅក្រោយ​ពេលដែល​ខ្លួន​អស់​អត្ថិភាព​ជីវិត​នៅលើ​ផែនដី។ ពេលដែល​ខ្លួន​មាន​ជំនឿ​លើ​សាសនា​ណាមួយ សាសនា​នោះ​អាចជួយ​រំដោះខ្លួន​ពី​ទុក្ខវេទនា នៅពេល​ខាងមុខ។ នៅក្នុង​ជំនឿ​របស់គេ គឺ​នៅក្នុង​សាសនា​មាន​អាទិទេព ឬ​មាន​អ្វី​ម្យ៉ាង​ដែល​ដែល​កំពុងតែ​ចាំមើល​មើល​សកម្មភាពរ​បស់​ពួកគេ និង​ចាំ​ដាក់ទោស​ចំពោះ​ទង្វើ​អាក្រក់​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត ទើប​នាំ​គេ​មិន​ហ៊ាន​ធ្វើអំពើ​អាក្រក់។ គេ​ខិតខំ​ធ្វើអំពើ​ល្អ​ដើម្បី​ផ្គាប់ចិត្ត​អាទិទេព​ដើម្បី​ទទួល​ពរជ័យ​មកវិញ។

ការ​គិតពី​ផលប្រយោជន៍​រួម៖ មនុស្ស​មួយចំនួន​យល់ថា​ការប្រតិបត្តិ​សីលធម៌​គឺ​វា​ផ្តល់​ផលប្រយោជន៍​ដល់​សារ​ធារ​ណៈ​ជន​ទូទៅ ទាំង​នៅក្នុង​គ្រួសារ ស្ថាប័ន​ការងារ និង​កន្លែង​សាធារណៈ​ទូទៅ ហើយ​គិតថា​វា​មិន​នាំ​ឲ្យ​ខូចប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ។

ជា​រឿង​ដែល​ត្រឹមត្រូវ​ដែល​មនុស្ស​ត្រូវធ្វើ៖  ចំណែក​បុគ្គល​មួយចំនួន​គឺ​គេ​ប្រតិបត្តិ​សីលធម៌​ព្រោះ​ពុទ្ធិ និង​សតិបញ្ញា​របស់គេ​ជា​អ្នក​បង្ហាញ​ឱ្យគេ​ស្អប់​អំពើអាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ដោយ​មិន​គិតពី​ផលប្រយោជន៍ ឬ​ខ្លាច​ចំពោះ​ការដាក់ទណ្ឌកម្ម​ពី​អាទិទេព​នោះឡើយ តែ​គេ​គិត​ទៅលើ​ហេតុផល​ត្រឹមត្រូវ។

ដោយ​មើល​លើ​គោលការណ៍​ខាងលើ និង​សកម្មភាព​ប្រតិបត្តិ​កន្លងមក យើង​សង្កេតឃើញថា ទាំង​អ្នក​ជឿ​លើ​សាសនា ទាំង​អ្នក​មិន​ជឿ​អាទិទេព​អាចមាន​ឬ​គ្មាន​សីលធម៌។ តែ​អ្វីដែល​សំខាន់​គឺ​គេ​ប្រកាន់យក​គោលការណ៍​ណាមួយ​ឱ្យបាន​ច្បាស់លាស់​ប៉ុណ្ណោះ។ ចំណែក​អ្នក​ដែល​ប្រតិបត្តិ​សីលធម៌​ដោយ​ផ្អែកលើ​គោលការណ៍  ស្អប់ខ្ពើម​អំពើអាក្រក់ និង​ខ្លាច​អំពើអាក្រក់ គឺជា​មនុស្ស​ដែលមាន​សតិសម្បជញ្ញៈ​ខ្ពស់ និង​ជាម​នុស្ស​ដែល​ដឹកនាំ​ជីវិត​ដោយ​បញ្ញាញាណ៕


© រក្សាសិទ្ធិដោយ thmeythmey.com