ជាតិ
សង្គមជាតិ
រង់ចាំ​លោកនាយក​រដ្ឋមន្ត្រី​ធ្វើ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ​លើ​ហ្វ៊េ​ស​ប៊ុ​ក
22, Sep 2015 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
 
នៅ​ថ្ងៃទី២០កញ្ញា ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អំពី​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ដែលមាន​ឈ្មោះថា Samdech Hun Sen, Cambodian Prime minister។ បើទោះជា​គណនី​ហ្វ៊េ​ស​ប៊ុ​កមួយ​នេះ​ទំនងជា​ត្រូវបាន​បង្កើត និង​មាន​សកម្មភាព​ជាប្រចាំ​តាំងពី​ឆ្នាំ២០១០មក​មែន ប៉ុន្តែ​កន្លងមក មន្ត្រីជាន់ខ្ពស់​នានា​បាន​បដិសេធថា គណនី​ហ្វ៊េ​ស​ប៊ុ​ក​នេះ មិនមែនជា​របស់លោក​នាយករដ្ឋមន្ត្រី​ឡើយ។
 
គ្មាន​ការអះអាង​ណាមួយ​ថា វា​ជា​គណនី​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​មែន ប៉ុន្តែ​រាល់​សកម្មភាព​ការងារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី រូបភាព​នៃ​ការជួបពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី និង​ប្រតិភូ​បរទេស ត្រូវបាន​បង្ហោះ​ផ្សាយ​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​នេះ ពេលខ្លះ យ៉ាង​រហ័ស​ទៀតផង។ មានតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍ និង​កាសែត​មួយចំនួន​ដែលមាន​សម្មានចិត្ត​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ដកស្រង់​ព័ត៌មាន​ទាំងនោះ​ពី​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime minister យកមក​ផ្សព្វផ្សាយ បើទោះជា​មិនមាន​ការប្រកាស​ផ្លូវការ​ថា​គណនី​មួយ​នេះ ពិតជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ សារព័ត៌មាន​មួយចំនួន​ដែល​ប្រកាន់​វិជ្ជាជីវៈ​ខ្ពស់​ខ្ពស់ និង​ភ្នាក់ងារ​ព័ត៌មាន​បរទេស​ប្រចាំ​នៅ​កម្ពុជា មិនអាច​ប្រើប្រាស់​ទិន្នន័យ ឬ​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime minister នោះទេ។
 
ឥឡូវនេះ ខុទ្ទកាល័យ​របស់លោក​នាយករដ្ឋមន្ត្រី​បានប្រកាស​អំពី​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ហើយ។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ជាច្រើន​ដែល​បន្លំ​អត្តសញ្ញាណ​ថា ជា​គណនី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី នេះ​បើតាម​ការបញ្ជាក់​របស់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និង​បន្ទាប់ពី​គណនី​ពិតប្រាកដ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី មាន​អ្នកគាំទ្រ​លើសពី១លាន​នាក់​ហើយ។
 
បើសិនជា​ហ្វ៊េ​ស​ប៊ុ​ក​នេះ​ជា​របស់លោក​នាយករដ្ឋមន្ត្រី​ហើយ​នោះ គេ​នៅ​រង់ចាំ​អាន​ការសរសេរ​ដោយផ្ទាល់​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី នៅក្នុង​កាលៈទេសៈ​ចាំបាច់​នានា។ គឺជា​ពាក្យពេចន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ម្ចាស់​គណនី ដែល​ប្រើពាក្យ «ខ្ញុំ»។ គឺ​មិនមែន​ក្រុមការងារ ដែល​និយាយ​អំពី ហើយ​សារព័ត៌មានធំៗ និង​មហាជន​កាន់តែច្រើន​នឹង​បន្ថែម​ការយកចិត្តទុកដាក់​ទៅលើ​គណនី​ហ្វ៊េ​ស​ប៊ុ​ក​របស់​មេដឹកនាំ​ប្រទេស​នេះ។
 
តាមពិត តាំងពី​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១០ គេ​ឃើញ​ម្ចាស់​គណនី​ពិតជា​បានធ្វើ​ទំនាក់ទំនង​ផ្ទាល់​ដោយ​សរសេរ​ពី​គំនិត​របស់ខ្លួន​ទៅកាន់​អ្នកគាំទ្រ គ្រាន់តែ​ពេលនោះ status ទាំងនោះ​ត្រូវបាន​សរសេរ​ជា​ភាសា​អង់គ្លេស។ មានសារសំខាន់ៗមួយចំនួន​នៅពេលនោះ ដែល​អ្នកសារព័ត៌មាន​អាច​យកទៅ​ប្រើប្រាស់​ក្នុង​អត្ថបទ​របស់​ពួកគេ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា នៅពេលនោះ​វា​មិនមាន​ការបញ្ជាក់​ណាមួយ​ថា គណនី​នោះ​ជា​របស់លោក​នាយករដ្ឋមន្ត្រី។
 
គួរ​បញ្ជាក់ថា លោក ហ៊ុន សែន បានបង្ហាញ​អំពី​សកម្ម​ភាពរស់រវើក​ខ្លាំង​នៅលើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាពិសេស​នៅលើ​បណ្តាញ​សង្គម ដែល​លោក​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​របស់លោក​នៅ​ទូទាំងប្រទេស៕
 

Tag:
 ហ៊ុន សែន
  ហ្វ៊េ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com