ជាតិ
សេដ្ឋកិច្ច
ADB៖ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការព្យាករណ៍
22, Sep 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា នៅតែ​រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧ភាគរយ សម្រាប់​ឆ្នាំ២០១៥នេះ និង ៧.២% សម្រាប់​ឆ្នាំ ២០១៦ ។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបញ្ជាក់​ពី​ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា  នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច«ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី  (ADO) ២០១៥» ដែល​របស់​បោះពុម្ពផ្សាយ​ជាប្រចាំ​ឆ្នាំ​របស់ខ្លួន។
 


បើទោះជា​កំណើន​នេះ មានការ​ល្បឿន​យឺត​ជាង​ការព្យាករណ៍​កាលពីដើម​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​ADB បាន​គូសបញ្ជាក់ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​នៅតែ​រឹងមាំ​រហូតដល់​ឆ្នាំ២០១៦ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ ADB កាលពី​ខែមីនា ដើមឆ្នាំ២០១៥នេះ បាន​ព្យាករណ៍​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច៧.៣ភាគរយ​សម្រាប់​ឆ្នាំ២០១៥ និង៧.៥ភាគរយ​នៅ​ឆ្នាំ២០១៦ ។បើតាម​ADB ការថយចុះ​នេះ ឆ្លុះបញ្ចាំង​ពី​ការថយចុះ​នូវ​សក្តានុពល​កំណើន សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​សន្ទុះ​យឺត​នៃ​សេដ្ឋកិច្ច​ប្រទេស​ឧស្សាហកម្មធំ។

លោក Jan Hansen សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​របស់​ADB មានប្រសាសន៍ថា៖«ឧស្សាហកម្ម​កាត់ដេរ សំណង់ និង​សេវាកម្ម ជាពិសេស​វិស័យ​ទេសចរណ៍ ហិរញ្ញវត្ថុ និង​អចលនទ្រព្យ នៅតែ​បន្ត​ជំរុញ​កំណើន​បន្ថែមទៀត ខណៈ​ការនាំចេញ​ថមថយ​បន្តិច​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០១៥នេះ ស្របពេល​វិស័យ​កសិកម្ម​ទទួលរង​ផលប៉ះពាល់​ដោយសារ​ភ្លៀង​ធ្លាក់​មាន​កម្រិត​ទាប និង​អូស​បន្លាយពេល​យូរ»។ លោក បន្តថា៖«តម្រូវការ​ក្នុងស្រុក​មានការ​កើនឡើង​ខ្លាំង ទន្ទឹមនឹង​ការនាំ​ចូល​ក៏មាន​កំណើន​ខ្ពស់។ ជាក់ស្តែង​ការផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​កើន​លើស៣០ភាគរយ ក្នុង​ខែឧសភា ឆ្នាំនេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤» ។

ADB ក៏បាន​បង្ហាញ​ទឡ្ហីករណ៍​មួយចំនួនទៀត​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​យឺតយ៉ាវ។ ទឡ្ហីករណ៍​ទាំងនោះ​រួមមាន ការថយចុះ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៤ ការថយចុះ​ចំនួន​ភ្ញៀវទេសចរ កម្រិត​អតិផរណា​ប្រចាំឆ្នាំ និង​ការ​ប្រឈម​នឹង​ការប្រកួតប្រជែង​របស់​ឧស្សាហកម្ម​កាត់ដេរ ព្រោះ​ការឡើង​ថ្លៃ​ប្រាក់​ដុល្លារ និង​គូ ប្រជែង​ដែល​ផ្តល់ប្រាក់​ឈ្នួល​ទាប ដូចជា​ប្រទេស​មី​យ៉ាន់​ម៉ា​ជាដើម៕


Tag:
 កំណើនសេដ្ឋកិច្ច
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com