ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ប្រាប់​ខ្មែរ​ក្រៅប្រទេស​ថា កម្ពុជា​មិនមែនជា​របស់​អ្នកកាន់អំណាច​ក្រុម​ណាមួយ​ទេ!
25, Sep 2015 , 10:04 am        
រូបភាព
រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​
រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​
ដោយ: ថ្មីៗ
 
ក្នុងពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​នៅក្នុង​ទីក្រុង​ញ៉ូ​វយ​ក​សហរដ្ឋអាមេរិក លោក ហ៊ុន សែន  ប្រាប់​ទៅ​អ្នកគាំទ្រ​ខ្លួន​នៅក្រៅ​ប្រទេស​ទាំងនោះ ឲ្យ​ឈប់​លាប​ពណ៌​គ្នា​ទៅវិញទៅមក។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ទាំងនោះ​ថា កម្ពុជា មិនមែនជា​ប្រទេស របស់​ក្រុមអ្នកមានអំណាច​ណាមួយ​នោះឡើយ ។
 
លោក ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​មិនមែនជា​កម្មសិទ្ធិ​របស់​ក្រុមអ្នកមានអំណាច​ណាមួយ​ទេ តែ​ជា​ប្រទេស​របស់​ប្រជាជន​ខ្មែរ​ទាំងអស់។ ប្រសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​បន្លឺឡើង​ដូច្នេះ នៅ​ចំពោះមុខ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ខ្មែរ-កាណាដា និង​និស្សិត​ខ្មែរ នៅក្នុង​ទីក្រុង​ទីក្រុង​ញ៉ូ​វ​យ៉​ក កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ក្នុងជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​នោះ លោក ហ៊ុន សែន បានបញ្ជាក់​បែបនេះ​ថា៖« ប្រទេស​កម្ពុជា គឺជា​ប្រទេស​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ រាប់ទាំង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​រស់នៅ​ក្រៅប្រទេស​ទាំងអស់​ផងដែរ»។
 
លោកនាយ​រដ្ឋមន្ត្រី ក៏​ប្រាប់​ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​ទាំងនោះ ឲ្យ​ឈប់​លាប​ពណ៌​គ្នា​ផងដែរ។«យើង​កុំ​ខ្វល់​ពី​អតីតកាល​ថា​ជា​អ្វី​នោះ តែ​ផ្ទុយទៅវិញ​យើងទាំងអស់គ្នា​ជា​ជាតិ​សាសន៍​ខ្មែរ​តែមួយ ហើយ​កាលដែល​យើង​មក​រស់នៅ​បែក​ឃ្លាត​ពី​ប្រទេស​កំណើត​គឺ​កើតឡើង​ដោយសារតែ​អ្នកនយោបាយ​មួយចំនួន ដែល​បង្ខំ​ឲ្យ​យើង​ទៅ​នៅទីនេះ​ទៅ​នៅ​ទីនោះ​បែបនេះ»។ លោក ហ៊ុន សែន បរិយាយ​យ៉ាង​នេះហើយ ក៏​បន្ត​និយាយ​សរសើរ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា «កម្ពុជា​ឥឡូវ​មិន​ដូច​ពី​ពេលមុន​តទៅទៀត​ទេ គឺ​កម្ពុជា​កំពុងធ្វើការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់ ចាប់តាំងពី​ទីក្រុង​រហូតដល់​តំបន់​ចុងកាត់មាត់ញក»។
 
មានប្រសាសន៍​ដល់​ចំណុច​នេះ លោក ហ៊ុន សែន ឆ្លៀត​ថ្លែង​ការពារ​ថា ខ្លួន​និយាយ​នៅពេលនេះ គឺ​មិនមែន​និយាយ​ក្នុងនាម​ជា​មេដឹកនាំ​គណបក្សនយោបាយ​នោះទេ គឺ​លោក​និយាយ​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​លោក​អះអាងថា «កំពុង​ដឹកនាំ​ប្រទេសមួយ​កំពុង​ដើរ​លើផ្លូវ​ត្រូវ និង​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ»។ លោក ហ៊ុន សែន ស្នើ​ឲ្យ​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ត្រឡប់​ទៅ​កម្ពុជា ដើម្បី​ពិនិត្យមើល​ជាក់ស្តែង​ជាជាង​ដឹង​ពី​ស្ថានភាព​កម្ពុជា តាមតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក ហ៊ុន សែន អត្ថាធិប្បាយ​បន្ថែម​យ៉ាងនេះ​ថា៖«អ្វីដែល​បងប្អូន​បានឮ​និង​បានឃើញ​នៅ តាម​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់ខ្លួន​គឺ​វា​មិនទាន់​គ្រប់គ្រាន់​នោះទេ ផ្ទុយទៅវិញ​គឺមាន​តែ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ដោយផ្ទាល់​ទេ ទើប​អាច​ដឹងថា តើ​កម្ពុជា​បច្ចុប្បន្ន កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បែបណា​នោះ»។
 
សូមបញ្ជាក់ថា គោលដៅ​សំខាន់​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​អាមេរិក​នៅពេលនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូវយ៉ក​ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៧ ខែកញ្ញា៕
 
 
 

Tag:
 លោក ហ៊ុន សែន
  លាប​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com