ជាតិ
ក្រសួង​ព័ត៌មាន​សម្រេច​បិទ​ការផ្សាយ​ភាពយន្ត​បរទេស​ចាប់ពី​ម៉ោង៧ទៅ​ម៉ោង៩យប់
25, Sep 2015 , 11:43 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​បានសម្រេច​មិន​ឲ្យ​ចាក់ផ្សាយ​ភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ម៉ោង៧ដល់​ម៉ោង៩យប់ ចាប់ពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។ សេចក្តីសម្រេច​បិទ​ការផ្សាយ​ភាពយន្ត​បរទេស​នេះ ធ្វើឡើង​នៅក្នុង ស​ន្និសីទ​សារព័ត៌មាននៅ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី២៥ ខែកញ្ញា នេះ។


បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ចំពោះ​ការចាក់​ផ្សព្វផ្សាយ​ភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​នោះ នៅថ្ងៃនេះ​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីសម្រេច បិទ​ការចាក់ផ្សាយ​ភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ចន្លោះ​ពី​ម៉ោង៧ ដល់​ម៉ោង ៩យប់។ ក្នុងអំឡុង​ពេលនេះ ក្រសួង​អនុញ្ញាត​ឲ្យ​តែ​ផលិតកម្ម​ឬ​វណ្ណ​កម្ម​ក្នុងស្រុក ទើប​អាច​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បាន។ ការសម្រេច​នេះ ត្រូវបាន​ក្រសួង​ព័ត៌មាន​អះអាងថា គឺ​ក្នុង​គោលបំណង​លើកតម្កើង​មោទនភាព​ជាតិ។

សេចក្តីសម្រេច​នេះ​នឹង​អនុវត្តន៍​ចាប់ពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។ បើសិនជា​ស្ថា​នី​ទូរទស្សន៍​ណា ល្មើស​ទៅនឹង​ការសម្រេច​របស់​ក្រសួង​ព័ត៌មាន ក្រសួង​នឹងធ្វើ​ការដក​អាជ្ញាប័ណ្ណ​ស្ថា​នី​ទូ​ទស្សន៍​ទាំងនោះ។

ក្នុង​សន្និសីទ​កា​សែត​​នៅ​ព្រឹក​នេះ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ដូច្នេះ​ថា៖«កាលពី​ឆ្នាំ១៩៩៣ ក្រសួង​ក៏​ធ្លាប់បាន​សម្រេច​ឲ្យ​ចាក់​បញ្ចាំងភាពយន្ត​បរទេស​ចំនួន៤០ភាគរយ ប៉ុន្តែ​ដោយសារតែ​មិនមាន​ភាពយន្ត​ក្នុងស្រុក ទើប​ធ្វើ​ឲ្យ​យើង​មានការ​លំបាក ដែល​យើង​ត្រូវ​គាបសង្កត់​លើ​ទូរទស្សន៍។ ប៉ុន្តែ​ឥឡូវនេះ យើង​លែង​កំណត់​ជា​ភាគរយ​ទៀតហើយ គឺ​យើង​កំណត់​ជា​ម៉ោង​វិញ»។ លោក​បន្ថែមថា នៅពេល​មាន​ភាពយន្ត​ខ្មែរ​មាន​គ្រប់គ្រាន់​ហើយ ក្រសួង​នឹង​កំណត់​ជា​ភាគរយ​ភាពយន្ត​បរទេស ឲ្យ​ដូច​ប្រទេស​ដទៃ​ដែរ។

លោក​ខៀវ កាញារីទ្ធ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​ទូរទស្សន៍ គួរ​ជួយ​លើកស្ទួយ​ផលិតកម្ម​ក្នុងស្រុក​ដើម្បី​បាន​ចាក់​បញ្ចាំង​ផ្សាយ​នៅតាម​កញ្ចក់​ទស្សន៍ ព្រោះ​ទូរទស្សន៍​បើ​គ្មាន​ការឧបត្ថម្ភ ទូរទស្សន៍​នឹងមិន​អាច​ផ្សាយ​បានទេ។

គួររម្លឹកថា ក្រសួង​ព័ត៌មាន ធ្លាប់បាន​សម្រេច មិន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់ពី​ម៉ោង ៦ ដល់៨យប់​នៅលើ​កញ្ចក់​ទូរទស្សន៍។ ហើយ​នៅថ្ងៃនេះ ក្រសួង​ព័ត៌មាន បានសម្រេច​បិទ​ការផ្សាយ​ភាពយន្ត​បរទេស​នៅលើ​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ម៉ោង៧ ដល់​ម៉ោង៩យប់។


Tag:
 ភាពយន្ត
  ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com