ជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី នឹងធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា
25, Sep 2015 , 8:19 pm        
រូបភាព
យុវជន​អាមេរិក ៦៤នាក់​នៃ​ក្រុមទី៩ នៃ​ក្រុម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត Peace Corps បាន​ចូលរួម​ធ្វើ​ពិធី​សច្ចាប្រណិធាន​ចូល​បំពេញការងារ​ស្ម័គ្រចិត្ត​របស់​ពួកគេ​នៅតាម​ភូមិ​ឃុំ​ក្នុងប្រទេស​កម្ពុជា ។ ពិធី​នេះ​ត្រូវ​បានរៀបចំ​នៅក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី២៥ខែកញ្ញា​នេះ។ វត្ត​មាននៃ​ឯកអគ្គរដ្ឋទូត​ថ្មី លោក William A. Heidt ដែល​ទើប​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​សៅរ៍​ទី១៩កញ្ញា។


ពួកគេ​នឹងត្រូវ​ទៅ​ធ្វើការ​នៅក្នុង​ខេត្ត​ចំនួន១៤ នៅ​ជុំវិញ​ប្រទេស​កម្ពុជា រួមមាន​ខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ កំពត ព្រៃវែង សៀមរាប ស្វាយរៀង តាកែវ ពោធិ៍សាត់ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ កោះកុង និង​ខេត្តកំពង់ឆ្នាំង។

លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ដែលមាន​វត្តមាន​នៅក្នុង​ពិធី​នេះ បាន​មានប្រសាសន៍ថា អង្គការ Peace Corps តំណាង​ឲ្យ​ការផ្សារភ្ជាប់​គ្នា​យ៉ាង​ល្អប្រសើរ​រវាង​ប្រជាជន​កម្ពុជា និង​អាមេរិក។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ​បន្ថែមថា «ខ្ញុំ​នឹងធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​បាន​ស្គាល់​អ្នកស្ម័គ្រចិត្ត​មួយចំនួន ក៏ដូចជា​សហគមន៍​ដែល​ពួកគេ​កំពុងស្នាក់នៅ​បំពេញការងារ»។

អ្នកស្ម័គ្រចិត្ត Peace Corps ត្រូវ​រស់នៅ និង​ធ្វើការ​នៅតាម​សហគមន៍​ជនបទ​លើ​គម្រោង បច្ចេកទេស​ចំនួន ២ គឺ​គម្រោង​បង្រៀន​ភាសា​អង់គ្លេស និង​បណ្តុះបណ្តាល​គ្រូ និង​គម្រោង​លើកកម្ពស់​សុខភាព​តាម​សហគមន៍។ អ្នក​ទាំងនោះ​ក៏​នឹងធ្វើ​ការ​ផងដែរ​ក្នុង​គម្រោង​នានា​ក្នុង​សហគមន៍​ជាមួយ​សម​ភាគី​កម្ពុជា​របស់​ពួកគេ ដូចជា​សកម្ម​ភាពទាក់ទង​នឹង​ការអប់រំ​បរិស្ថាន      សិល្បៈ កីឡា សុវត្ថិភាព​ចរាចរណ៍ និង​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​ក្នុងចំណោម​យុវជន។

បច្ចុប្បន្ន​មាន​អ្នកស្ម័គ្រចិត្ត Peace Corps ចំនួន១០៧នាក់​ដែល​មក​បំពេញការងារ​នៅ​កម្ពុជា ក្នុង​មាន៤៤នាក់ ដែល​កំពុង​បំពេញការងារ និង៦៣នាក់ ដែល​ទើប​បញ្ចប់​វគ្គ​រៀនសូត្រ និង​ត្រៀម​ចុះទៅ​បំពេញការងារ​នៅ​បណ្តា​ខេត្ត​នានា​នៅ​ប្រទេស​កម្ពុជា។ គិត​ចាប់ពី​ឆ្នាំ២០០៧មក ទីភ្នាក់ងារ Peace Corps មាន​អ្នកស្ម័គ្រចិត្ត​ចំនួន៤៦៥នាក់ ដែល​បានធ្វើការ​នៅតាម​ខេត្ត​ចំនួន១៧ខេត្ត នៅ​ទូទាំងប្រទេស​កម្ពុជា៕


Tag:
 Peace Corps
  ស្ថានទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com