ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP និង​CNRP ចាប់ផ្តើម​សរសើរ​រៀងខ្លួន​ថា កំពុងមាន​សំឡេងគាំទ្រ​ច្រើន
25, Sep 2015 , 5:00 pm        
រូបភាព
ដោយ:
អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែងថា នាពេល​បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ មាន​សំឡេងគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន បើទោះបី​បក្ស​ខ្លួន​មាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា​ក្តី។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់លោក កឹម សុខា ថា ជាការ​ស្រមើស្រមៃ​ប៉ុណ្ណោះ តែ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ទេ ដែលមាន​សំឡេងគាំទ្រ​ច្រើន។


គ្រាន់តែ​លោក កឹម សុខា សរសើរ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បច្ចុប្បន្ន​មាន​សំឡេងគាំទ្រ​ភាគច្រើន បើ​ទោះ​ខ្លួន​មាន​សំឡេង​តិច​ក្នុង​រដ្ឋសភា​ក្តី លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់លោក​អនុប្រធាន​គណបក្សប្រឆាំង​ថា ជាការ​ដេក​ស្រមើស្រមៃ​របស់លោក កឹម សុខា ដែល​ផ្ទុយ​ពី​ការពិត។ ការពិត ដែល​អ្នកនាំពាក្យ​រូបនេះ​អះអាង​ផ្ទុយ​ពី​លោក កឹម សុខា ថា គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ទេ ដែល​កំពុង​កើត​ប្រជាប្រិយ​ភាពជា​លំដាប់ និង​មាន​សំឡេងគាំទ្រ​ភាគច្រើន។
 
ជាការ​កត់សម្គាល់​ក្រោយពី​ស្ងប់ស្ងាត់​អស់​មួយរយៈ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​សារ​នយោបាយ​ជា​បន្តបន្ទាប់ បន្ទាប់ពី លោក ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ​រិះគន់​មេដឹកនាំ​គណបក្សប្រឆាំង​មិន​ដាច់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ នៅ​ពោះ​មុខ​គាំទ្រ​របស់ខ្លួន​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរឥស្លាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោក កឹម សុខា បានលើកឡើង​យ៉ាងនេះ​ថា៖« ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​មាន​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​ក៏ដោយ ក៏ប៉ុន្ដែ​ជាក់ស្ដែង​នៅក្នុង​ស្រទាប់​មហាជន​ខ្មែរ គណបក្ស​សង្គ្រោះ​ជាតិ​មាន​សំឡេង​ភាគច្រើន។ នេះ​ជា​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​យើង និង​របស់​ជាតិ​យើង»។
 
ជាថ្មី​ម្តងទៀត លោក ឈឹម ផល​វរុណ និយាយថា បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើង ខណៈ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារតែ​សម្តី​ភូតកុហក​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា៖ « ពាក្យ​កុហក​ទាំងនោះ យើង​ដឹង​គ្រប់គ្នា​ហើយ​ថា ក្រោយ​បោះឆ្នោត​មេដឹកនាំ​គណបក្ស​នេះ ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ បោះឆ្នោត​ឡើងវិញ​មុន​អាណត្តិ និង​ប្រកាស​អត់​ចូល​សភា។ តែ​ខ្លួន​ទាមទារ​មិនបាន និង​មិន​គោរព​សម្តី​ខ្លួនឯង។ ហើយ​ពេល​បាន​ចូល​សភា ឃ្លាន​អំណាច»។ ជាងនេះទៅទៀត​លោក ឈឹម ផល​វរុណ បន្ត​លើកឡើងថា ការបង្កើត​គណបក្សតូចៗ មាន​គណបក្ស​លោក ម៉ម សូណង់ដូ គណបក្ស លោក សួន សេរី​រដ្ឋា និង​គណបក្ស​មូលដ្ឋាន ជាដើម ដែល​លោក​និយាយថា ជា​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹងធ្វើ​ឲ្យ​គណបក្ស​ដែលមាន​សំឡេង​នៅក្នុង​សភា ៥៥ កៅអី​បច្ចុប្បន្ន​មួយ​នេះ ធ្លាក់ចុះ​អ្នកគាំទ្រ។
 
លោក ឈឹម ផល​វរុន ថែមទាំង​ហ៊ាន​និយាយទៀតថា ឧបមា​ថា ប្រសិនបើ​រយៈពេល ១ សប្តាហ៍​ទៀត មានការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្លាក់​កៅអី​មក​សល់​តែ ២០ កៅអី​ប៉ុណ្ណោះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​កៅអី​បន្ថែមទៀត​ប្រមាណ ១៥ និង​ជាង ២០ កៅអី​ទៀត នឹង​បាន​ទៅ​គណបក្សតូចៗធ្លាប់​គាំទ្រ​គណបក្សប្រឆាំង។ លោក ឈឹម ផល​វរុណ មាន​ជំនឿ​យ៉ាងខ្លាំង​ថា បោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះឆ្នោត៕
 

Tag:
 លោក កឹម សុខា
  លោក ឈឹម ផល​វរុណ
© រក្សាសិទ្ធិដោយ thmeythmey.com