ជាតិ
EU៖ សមភាព​យេន​ឌ័រ ជា​តម្លៃ​ស្នូលរបស់​សហភាព​អឺរ៉ុប
25, Sep 2015 , 5:09 pm        
រូបភាព
សហភាព​អឺរ៉ុប និង​ការិយាល័យ​ទទួលបន្ទុក​កិច្ច​ការបរទេស បានអនុម័ត​ទទួលយក​ក្របខណ្ឌ​ថ្មី​មួយ​សម្រាប់​សកម្ម​ភារ​បស់​សហភាព​អឺរ៉ុប លើ​សមភាព​យេន​ឌ័រ និង​ការផ្តល់អំណាច​ដល់​ស្ត្រី ក្នុង​ទំនាក់ទំនង​កិច្ចការបរទេស​សហភាព​អឺរ៉ុប។ ក្របខណ្ឌ​ថ្មី​ដែល​នឹងត្រូវ​អនុវត្តន៍​សម្រាប់៥ឆ្នាំ គឺ២០១៦-២០២០នេះ។


ក្របខណ្ឌ​ថ្មីដែលបានសម្រេចអនុម័ត​កាល​ពី​ដើមសប្តាហ៍​នេះ ​នឹង​គាំទ្រ​ដល់​ប្រទេស​ជា​ដៃគូ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេសជិតខាង​ដទៃទៀត ឲ្យ​សម្រេចបាន​នូវ​លទ្ធផល​ជាក់ស្តែង ឆ្ពោះទៅ​សមភាព​យេន​ឌឺ ដែលជា​តម្លៃស្នូល​របស់​សហភាព​អឺរ៉ុប ក៏ដូចជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ថ្មី​ដែលមាន​ស្ថេរភាព(SDGs) ដែល​នឹង​អនុម័ត​ជា​ផ្លូវការ​នៅក្នុង​សប្តាហ៍​នេះ។

លោកស្រី Federica Mogherini ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ បាន​មានប្រសាសន៍ថា៖«សម្រាប់​ក្របខណ្ឌ​ដែល​ទើប​អនុម័ត​នេះ សហភាព​អឺរ៉ុប នឹង​ខិតខំ​ធ្វើការ​ដើម្បី​សមភាព​យេន​ឌឺ ជាមួយ​គ្រប់​ស្ថាប័ន​កិច្ចការបរទេស​ទាំងអស់។ អ្នកស្រី​បន្តថា៖«សិទ្ធិ​ស្រី្ត និង​សិទ្ធិមនុស្ស​គឺ​តែមួយ។ យើង​ចង់​ផ្តល់​ឲ្យ​ដៃគូ​របស់​យើង ជាមួយនឹង​ការគាំទ្រ​ដែលមាន​ប្រសិទ្ធភាព​ដែល​ពួកគេ​ត្រូវការ ដើម្បី​ប្រឆាំងនឹង​ការប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី និង​ផ្តល់​អំណាច​ដល់​ពួកគេ។ ស្ត្រី​ដែលជា​អ្នកចូលរួម​យ៉ាងសកម្ម​ភាព​នៅក្នុង​សកម្មភាព​នយោបាយ សង្គម»។

សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ទៀតថា ក្របខណ្ឌ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ឆ្នាំ២០១៦នេះ នឹង​កសាង​សមិទ្ធិផល​បន្ថែមទៀត បន្ថែម​ពីអ្វី​ដែល​សម្រេចបាន និង​បានមកពី​ការអនុវត្ត​ផែនការ​សកម្មភាព​យេនឌ័រ​ក្នុងការ​អភិវឌ្ឍ​នៅ​ឆ្នាំ២០១០-២០១៥ ។ ទឹកប្រាក់​ប្រមាណ១០០លាន​អឺរ៉ូ ត្រូវ​បានផ្តល់​រួចទៅហើយ សម្រាប់​គោលដៅ​ដែល​បានកំណត់​ដ៏​ជាក់លាក់​មួយ ក្នុងការ​កែលម្អ​សិទ្ធិ​ស្ត្រី និង​កុមារី ខណៈពេលដែល​ពួកគេ នឹងមាន​អនុភាព​ទៅលើ​កត្តា​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ៕


Tag:
 សហភាព​អឺរ៉ុប
 យេន​ឌឺ
© រក្សាសិទ្ធិដោយ thmeythmey.com