ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​កឹម សុខា ថ្លែង​នៅថ្ងៃនេះ​ថា សាមគ្គី​ផ្ទៃក្នុង​បក្ស​ជា​មូលដ្ឋាន​នៃ​ជ័យជំនះ
26, Sep 2015 , 3:04 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅថ្ងៃនេះ បាន​ថ្លែងថា សាមគ្គី​ផ្ទៃ​គណបក្ស​គឺជា​មូលដ្ឋាន​នៃ​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​វេទិកា​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន នៅ​ស្ថិត​ភូមិ​ស្វាយ​ពក ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម ដែលមាន​អ្នកចូលរួម៥០០នាក់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥នេះ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក កឹម សុខា។


ដើម្បី​បំបាត់​មន្ទិលសង្ស័យ​ពី​មតិ​មហាជន​ដែល​យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​មានការ​បែកបាក់​ផ្ទៃ​ក្នុងនោះ នៅថ្ងៃនេះ លោក​កឹម សុខា និង​លោក សម រង្ស៊ី បាន​ដឹក​ដៃ​គ្នា ទៅ​ចូលរួម​វេទិការ​មួយ​នៅ​ខេត្តកំពង់ចាម ដើម្បី​បង្ហាញ ពី​ភាព​សាមគ្គី​ផ្ទៃក្នុង​គណបក្ស ជា​សារ​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន។
 
លោក​កឹម សុខា បាន​ថ្លែងថា«មូលដ្ឋាន​នៃ​ជ័យជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ភាព​សាមគ្គី​ផ្ទៃក្នុង​គណបក្ស និង​ការរួមចំណែក​របស់​ប្រជាពលរដ្ឋ»។
 
ទាក់ទង​នឹង​ថ្លែង​របស់​កឹម សុខា​នេះ អ្នកវិភាគ​នយោបាយ​លោក​អ៊ូ វីរៈ យល់ឃើញថា ការ​ថ្លែង​នេះ​គឺជា​ការត្រឹមត្រូវ ព្រោះ​មានតែ​ការ​រួប​គ្នា​ទេ ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ឈ្នះឆ្នោត​បាន។ លោក​បន្ថែមថា ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អូសទាញ​គណបក្ស​ផ្សេង​ឲ្យ​ចូល​ជាមួយ​ខ្លួន​បាន ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​នីតិវិធី​សម្របសម្រួល និង​បើកទូលាយ ចំពោះ​អ្នក​ដែល​ចង់​ចងសម្ព័ន្ធភាព​ជាមួយ ទើប​អាចធ្វើ​ឲ្យ​គណបក្ស​ដទៃ​ព្រម​ច្របាច់​បញ្ចូល​ជាមួយ​បាន តែ​បើសិនជា​មិនមាន​បទបញ្ជាផ្ទៃក្នុង ឬ​យន្តការ​ឲ្យ​ត្រឹមត្រូវ និង​ច្បាស់លាស់​នោះទេ គណបក្ស​ផ្សេង​នឹងមិន​មាន​ជំនឿ ព្រមទាំង​មិនឃើញ​ពី​តម្លៃ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។
 
សូមបញ្ជាក់​ផងដែរ​ថា ការ​ថ្លែង​របស់លោក​កឹម សុខា គឺធ្វើឡើង​បន្ទាប់ពី លោកស្រី​ឡាក់ សុភាព ជា​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​និង លោក ម៉ម សូ​ណង់ដូរ ដែល​ធ្លាប់​គាំទ្រ​ខ្លួន បាន​ចោទប្រកាន់​ពី​ការមិន​គោរព​កិច្ចសន្យា​ជាមួយ​ពលរដ្ឋ អំពើពុករលួយ និង​ការបែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រមទាំង​ទៅ​បង្កើត​គណបក្ស​ថ្មី​ជា​ហូរហែរ ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជាមានការ​ព្រួយបារម្ភ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com