ពីនេះ ពីនោះ
តើ​គំនិត​ដូចគ្នា នាំទៅរក​ភាព​តូចចង្អៀត និង​គ្រោះថ្នាក់​ឬ​យ៉ាងណា?
27, Sep 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ស្ទើរតែ​ជាទូទៅ​តែងតែ​ចង់បាន​មតិរួម​មួយ គំនិត​រួមមួយ​ដើម្បី​ធ្វើ​កិច្ច​ការងាយ​ចុះសម្រុង​គ្នា។ ក៏ប៉ុន្តែ​បើ​យើង​សម្លឹង​មើលទៅ​អ្នក​គិត​ស៊ីជម្រៅ អ្នក​គិត​បែប​ទស្សនវិជ្ជាសម័យមុនៗក៏ដូចជា​បច្ចុប្បន្ន និង​អ្នក​គិត​បែប​វិទ្យាសាស្ត្រ តែងតែមាន​គំនិតផ្សេងៗគ្នា ហើយ​បង្កើតបាន​របកគំហើញផ្សេងៗគ្នា ទៅតាម​អ្វីដែល​ជន​ទាំងនោះ​បានគិត បាន​ឆ្ងល់ បាន​លើក​ជា​ទឡ្ហីករណ៍ ជា​ទ្រឹស្ដី និង​វិធីសាស្ត្រ​របស់​ពួកគាត់។

តាមពិតទៅ​ការ​មានគំនិត​ដូចគ្នា​គឺ​ល្អ តែ​យើង​ក៏ត្រូវ​តែពិចារណា​ផងដែរ​ថា គំនិត​ខ្វែងគ្នា​ធ្វើ​ឲ្យ​មានការ​រីកចម្រើន និង​កែតម្រូវ​នាំទៅរក​បរិបទ​ថ្មី។ ជាក់ស្ដែង​គំនិត​ផ្ទុយគ្នា​រវាង​អា​រី​ស្តូ​ត និង​គ្រូ​របស់ខ្លួន​ប្លា​តុង បានធ្វើ​ឲ្យ​អា​រី​ស្តូ​ត​រកឃើញ​អ្វីដែល​ថ្មី ប្លែក និង​មាន​ទឡ្ហីករណ៍​រឹងមាំ​ជាង​ប្លា​តុង​ទៅទៀត។ ចំណែក​ទស្សនវិទូផ្សេងៗជាច្រើន​ទៀត​គឺ​កម្រ​មាន​ជំហរ​គាំទ្រ​គំនិត​អ្នក​គិតផ្សេងៗណាស់ គាត់​តែងតែ​ព្យាយាម​ស្វែងរក​ចំណុចខ្សោយ​គំនិត​ទាំងឡាយ​ដែល​បានលើកឡើង ហើយ​ធ្វើការ​រិៈ​គន់ ដើម្បី​ក៏​សាង​ប្រព័ន្ធ​គំនិត​និង​ទឡ្ហីករណ៍​ថ្មី​មួយ ដែលមាន​លក្ខណៈ​សម​ហេតុ សម​ផល ទៅតាម​បរិបទ​សង្គម​ជាដើម។

យ៉ាងណា​ម៉ិ​ញ គំនិត​ដូចគ្នា ឬ​ហៅថា​មតិ​ឯកច្ឆន្ទ​អាច​នាំទៅរក​គ្រោះថ្នាក់​ដោយសារតែ​មតិ​ភាគច្រើន។ ព្រោះថា​នៅពេល​ខ្លះ​មតិ​ភាគច្រើន រួមគំនិត​គ្នា​ក្នុង​មាគ៌ា​ខុស អាច​នាំ​ឲ្យ​ស្ថាប័ន ឬ​សង្គម​មួយ​ប្រឈម​និង​គ្រោះថ្នាក់​ធំ។ បញ្ហា​នេះ​ភាគច្រើន​តែងតែ​កើត​ក្នុងសង្គម​ប្រជាធិបតេយ្យ ក្រោម​ស្លាក់​ក្រុម​អ្នកដឹកនាំ ដែល​តែងតែ​គិតថា​យក​មតិ​ភាគច្រើន​ជាធំ តែ​មតិ​ភាគច្រើន​នោះ​វា​ជា​គំនិត​ខុសឆ្គង បម្រើ​ឲ្យ​ផលប្រយោជន៍​អ្នកមួយ​ក្រុម​ធំ​នោះ។

ជារួម​ចំពោះ ការ​មានគំនិត​ដូចគ្នា ការ​មានមតិ​ឯកច្ឆន្ទ គឺជា​សញ្ញាណ​ល្អ​មួយ​ដើម្បី​ធ្វើ​កិច្ចការ។ ក៏ប៉ុន្តែ គំនិត​បែបនេះ កន្លងទៅ​ក៏​កម្រ​នាំទៅរក​ការរីកចម្រើន និង​រក្សាបាន​សន្តិភាព​បាន​ទាំងស្រុង​ណាស់។ ក្នុងន័យនេះ​មិនមែន​មានន័យថា​បោះចោល​មាគ៌ា​នេះ​ទេ។ តែ​យើង​ត្រូវតែ​ទាមទារ​រក​ឲ្យ​បាន​នៅ​ការយល់ឃើញផ្សេងៗគ្នា គំនិតផ្សេងៗគ្នា ទឡ្ហីករណ៍ផ្សេងៗគ្នា និង​វិធីសាស្ត្រផ្សេងៗគ្នា យកមក​ធ្វើជា​ប្រធានបទ​ដើម្បី​ជជែក​ឆ្ពោះទៅរក​ការបើក​ទូលាយ​នៃ​គំនិត។ ដូច​ពាក្យ​មួយ​ឃ្លា​ថា «មនុស្ស​ដប់​នាក់​មានគំនិត​ដប់» ហេតុនេះ​មនុស្ស​ម្នាក់​ទទួលយក​គំនិតផ្សេងៗគ្នាច្រើន វា​ល្អ​ជាង​មនុស្ស​ច្រើន​ប្រមូល​ផ្ដុំគ្នា​ទទួលយក​គំនិត​តែមួយ។



Tag:
 ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com