ពីនេះ ពីនោះ
«ខ្ញុំ​មិន​ខ្វល់​ពី​រឿង​នយោបាយ», ជា​ទស្សនៈ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ជាតិខ្មែរ!
16, Oct 2015 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅពេល​គេ​ដើរចូល​ហាង​គុយទាវ​កាហ្វេ ឬ​ហាង​បាយផ្សេងៗ ដែលជា​កន្លែង ជជែក​គ្នា​ពី​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ គេ​តែងតែ​លឺ​ពាក្យ​ថា «កុំ​មិន​ខ្វល់​ពី​រឿង​នយោបាយ។ រឿង​នយោបាយ​ទុក​ឲ្យ​អ្នកនយោបាយ​គេ​ធ្វើ នរណា​ឈ្នះ ខ្ញុំ​នៅតែ​ធ្វើជា​អ្នកលក់ដូរ ខ្ញុំ​នៅតែ​ធ្វើជា​កម្មករ ខ្ញុំ​នៅតែ​ធ្វើ​ខ្ញុំគេ​ដដែល»។ ទស្សនៈ​នេះ ត្រូវបាន​មនុស្ស​ខ្មែរ​មួយចំនួន យកមកអនុវត្ត និង​សាបព្រោះ​បន្ត​នៅក្នុង​សង្គម។ ឃ្លា​ទាំងនេះ បាន​បង្អាក់​ដំណើរការ​សង្គម ដំណើរការ​រដ្ឋបាល​សាធារណៈ និង បានធ្វើ រចនាសម្ព័ន្ធ​សង្គម​ខ្មែរ ត្រូវ​រលាយ ប្រសិនបើ ពលរដ្ឋ​ខ្មែរ​គ្រប់រូប អនុវត្តន៍​តាម​ពាក្យ​មួយ​ឃ្លា​នេះ។ តើ​ហេតុអ្វី គ្រាន់តែ​ពាក្យ​មួយ​ឃ្លា​នេះ​សោះ អាច​បំផ្លាញ​ដំណើរ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ខ្មែរ?


ពាក្យ​មួយ​ឃ្លា​ថា «ខ្ញុំ​មិន​ខ្វល់​ពី​រឿង​នយោបាយ» មិនដឹង​ជាមាន​ប្រភព​មកពីណា បរទេស ឬ​ខ្មែរ​ជា​អ្នកបង្កើត​នោះទេ ប៉ុន្តែ​ឃ្លា​នេះ បាន​នឹង​កំពុង​ស្ថិតនៅ​យ៉ាង​ស្ងៀមស្ងាត់ ក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​មួយចំនួន ដែល​តែងតែ​ភ្លយមាត់​ម្តងម្កាល នៅតាម​ហាង​កាហ្វេ ហាង​បាយ គុណ​ទាវ និង​កន្លែង​ដែល​មនុស្ស​ជជែក​គ្នា។ ឃ្លា​ដ៏​គ្រោះថ្នាក់​នេះ បាន​បង្អាក់​ទឹកចិត្ត យុវជន​មួយចំនួន ដែល​ខិតខំ​តាមដាន​ពី​សកម្មភាព​អ្នកនយោបាយ ជាពិសេស ការដឹកនាំ​ប្រទេស ដើម្បី​ធ្វើ​ឲ្យ​ពួកគេ មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ ក្នុង​ការបម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ។  ចំពោះ​អ្នក​ដែល​ទើប​ចង់​ចេះ ចង់ដឹង ក្មេងខ្ចី អំពី​រឿង​នយោបាយ គ្រាន់តែ​លឺ​ពាក្យ​មួយ​ឃ្លា​នេះ ពួកគេ​អាច​នឹង​ដកខ្លួន​លេង​ខ្វល់ លែង​ចង់​ស្តាប់ លេង​ចង់​លឺ​ពី​បញ្ហា​នេះ​បន្តទៀត។

ជាការ​ពិត ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​ធ្លាប់​ឆ្លងកាត់​របប​វាលពិឃាត (របប​ខ្មែរក្រហម) គឺ​នៅតែ​ដិតដាម​នូវ​ការភ័យខ្លាច​ចំពោះ​ពាក្យ​ថា«នយោបាយ»។ ដើម្បី​ឲ្យ​ពលរដ្ឋ​ឈប់​ខ្លាច មិនមែន​រងចាំ​តែ​បន្ទោស​ពលរដ្ឋ​នោះទេ តែ​ត្រូវ​ពន្យល់​ពួកគេ​ឲ្យ​បានច្បាស់លាស់​ពី​ពាក្យ​ថា នយោបាយ។

នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត ពាក្យ​ថា នយោបាយ មានន័យថា ឧបាយ​ក្នុង​ការដឹកនាំ កលល្បិច​ឬ​មេគំនិត​ដែល​គេ​ផ្តើមឡើង​ដើម្បី​ដឹកនាំ​ជន​ដទៃ ឲ្យ​ប្រព្រឹត្ត​ទៅរក​ទីដៅ​យ៉ាងនេះ ឬ​យ៉ាងនោះ ឬ​កិច្ច​ការដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​រដ្ឋ។ តាមពិតទៅ​ពាក្យ​នេះ មាន​ដើម្បី​កំណើត​មកពី​ភាសា​ក្រិច​បូរាណ​ថា ប៉ូ​លិ​ធិ​កា(Politika) ជា​ភាសា​អង់គ្លេស គេ​ប្រែ​ថា ប៉ូលីស​ធិ​ច(Politics) ហើយ​ប្រែជា​ភាសា​ខ្មែរ​ថា នយោបាយ។

សម្រាប់​និយមន័យ​នៃ​ពាក្យ​ថា​នយោបាយ ត្រូវបាន​ទស្សនវិទូ​ផ្តល់​និយមន័យខុសៗគ្នា ប៉ុន្តែ​និយមន័យ​ទាំងឡាយ មិនបាន​ចាក​ឆ្ងាយ​ពី​ខ្លឹមសារ​ដើម​របស់​វា​នោះទេ។

សម្រាប់​ទស្សនវិទូ​ក្រិច លោក ប្លា​តុង ពាក្យ​ថា នយោបាយ មានន័យថា ជា​ភាព​ប៉ិនប្រសប​ផង និង​ជា​ចំណេះដឹង​ផ្នែក​ទ្រឹស្តី​ផង សម្រាប់​ដឹកនាំ​គ្រប់គ្រង​អប់រំ​មនុស្ស ធ្វើ​ឲ្យ​មនុស្ស​មាន​ក្តី​ជឿជាក់ ឬ​ស្រុះស្រួល​គ្នា​ទៅលើ​អ្វីមួយ។ រីឯ​ទស្សនវិទូ​ក្រិច​ម្នាក់ទៀត លោក អា​រី​ស្តូ​ត បាន​ឲ្យ​និយមន័យ ពាក្យនយោបាយ​ថា ជា​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​ដល់​ភាព​ថ្កុំថ្កើង​រុងរឿង សម្បូរ​សប្បាយ​របស់​ម​នុស្ស​ក្នុង​បុរី​ទាំងមូល។  លោក​អា​រី​ស្តូ​ត ក៏បាន​ឲ្យ​និយមន័យ​ដ៏​ខ្លី​បំផុត​ថា«មនុស្ស​តាម​ធម្មជាតិ​គឺជា​សត្វ​នយោបាយ»។ (ដកស្រង់​ពី​សៀវភៅ«ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស»រៀបរៀង​ដោយ​លោក​សាស្ត្រាចារ្យ អ៊ុំ ប៉ុ​ម)។

ខ្លឹមសារ​ដើម​នៃ​ពាក្យ​ថា នយោបាយ គឺ​មានន័យថា ជា​មធ្យោបាយ​ក្នុងការ​ដឹកនាំ ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ណាមួយ។ ការធ្វើ​នយោបាយ គឺ​ការធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​នូវ​ប្រយោជន៍​រួម ឬ​ប្រយោជន៍​សាធារណៈ។ នៅ​ក្នុងន័យនេះ មនុស្ស​ដែល​រស់នៅ​ក្នុងសង្គម ចាំបាច់​ត្រូវតែ​ចូលរួម នៅក្នុង​កិច្ចការ​នយោបាយ ព្រោះ​នយោបាយ គឺ​សំដៅលើ​ការដឹកនាំ​គ្រប់គ្រង​រដ្ឋ។ ប្រសិនបើ​មនុស្ស​មិន​ខ្វល់​ពី​រឿង​នយោបាយ បានន័យថា មនុស្ស​លែង​ខ្វល់​ពី​ប្រយោជន៍​សាធារណៈ លែង​ខ្វល់​ពី​ធម្មជាតិ​មនុស្ស​ដែល​ចូលចិត្ត​រស់នៅ​ជា​លក្ខណៈ​សង្គម​រួម​ផ្តុំ។  មនុស្ស​បាន​ចងក្រង​គ្នា​ជា​កិច្ចសន្យា​សង្គម(Social contract) ដែល​មនុ​ស្សបាន មក​រស់នៅ​ផ្តុំគ្នា ដើម្បី​រស់នៅ​ជាមួយគ្នា ដោយ​ចង់បាន​ការធានា​សុវត្ថិភាព និង​ចង់​ទទួលបាន​ការរស់នៅ​មួយ​ប្រកបដោយ​សេចក្តីសុខ។ មនុស្ស​មិនអាច​រស់នៅ ដាច់ដោយឡែក​ម្នាក់ឯង​បានទេ នេះ​ជា​លក្ខណៈ​ចិត្តសាស្ត្រ និង​សង្គមសាស្ត្រ ពីព្រោះ មនុស្ស​ត្រូវការ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក។

សរុបមក ផ្នត់គំនិត​មិន​ខ្វល់​ពី​រឿង​នយោបាយ គឺជា​ផ្នត់គំនិត​ដ៏​គ្រោះថ្នាក់​សម្រាប់​សង្គម​ខ្មែរ ពីព្រោះ ទស្សនៈ​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ ឈប់​តាមដាន​ការងារ​របស់​មន្ត្រីរាជកា​រ​គ្រប់​ប្រភេទ និង​ការងារ​របស់​ថ្នាក់ដឹកនាំ​ប្រទេសជាតិ។ ការដែល​ពលរដ្ឋ​មិន​ខ្វល់​ពី​ការងារ ប្រទេសជាតិ​នេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកនយោបាយ​មួយចំនួន យក​ប្រជាពលរដ្ឋ​ជា​ឈ្នាន់ ដើម្បី​ក្តាប់​អំណាច​បានយូរ​អង្វែង ហើយ​ធ្វើបាប ជិះជាន់​គាបសង្កត់ រំលោភ​សិទ្ធ​ពលរដ្ឋ​តាម​ទំនើងចិត្ត ដែល​ផ្ទុយ​ពី​សង្គម​ទំនើប ដែល​ពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​អំពី​រឿងរ៉ាវ​នយោបាយ ហើយ​ពលរដ្ឋ​ក្នុងសង្គម​នោះ តែងតែមាន​ឥទ្ធិពល​លើ​អ្នកដឹកនាំ​ប្រទេស។

ការដែល​ពលរដ្ឋ​មិន​ខ្វល់​ពី​រឿង​នយោបាយ បានន័យថា ពលរដ្ឋ​មិនបាន​ខ្វល់​ពី​ប្រយោជន៍​សាធារណៈ មិន​ខ្វល់​ពី​ប្រយោជន៍​រួម ពោល​គិតតែ​ពី​កេងចំណេញ​ពី​ប្រយោជន៍​សាធារណៈ ដើម្បី​បំប៉ន​ប្រយោជន៍​បុគ្គល។  ហើយ​នៅក្នុង​សង្គម​មួយ ដែលមាន​ពលរដ្ឋ​បែបនេះ​កាន់តែច្រើន សង្គម​នោះ​ប្រាកដជា​ពិបាក​នឹង​ងើប​ចេញពី​ភាពក្រីក្រ​ខ្លាំងណាស់។

ដូច្នេះ​ពាក្យ​មួយ​ឃ្លា​ថា«ខ្ញុំ​មិន​ខ្វល់​ពី​រឿង​នយោបាយ» ល្មម​ពលរដ្ឋ​ខ្មែរ ផ្លាស់ប្តូរ​ទស្សនៈ​មួយ​នេះ ចេញពី​សង្គម​ខ្មែរ​ហើយ ព្រោះ​បើ​មនុស្ស​ខ្មែរ នៅតែ​យក​ទស្សនៈ​នេះ មកប្រើប្រាស់ និង​ផ្សព្វផ្សាយ​បន្តទៀត​នោះ នោះ​ប្រទេសជាតិ​នឹង​មិនអាច​រីកចម្រើន​បាន​នោះទេ តែ​ផ្ទុយទៅវិញ ទស្សនៈ​នេះ បែរជា​បាន​បំផ្លាញ​ប​ឫសគល់​នៃ​ស្មារតី​ពលរដ្ឋ​ខ្មែរ ឲ្យ​ឈប់​ខ្វល់​ពី​តម្លៃ​ជាតិ  និង​ធ្វើ​ឲ្យ​កម្លាំង​សាមគ្គី​របស់​ជាតិខ្មែរ មាន​ភាព​រង្គោះរង្គើ ដែល​អាច​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត៕


Tag:
 នយោបាយ
  ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com