ពីនេះ ពីនោះ
ហេតុអ្វីបានជាគ្រូបង្រៀនមួយចំនួនបង្រៀនសាលាឯកជន ល្អជាងបង្រៀននៅសាលារដ្ឋ? មិនយល់..? 17, Oct 2015 , 4:40 pm
× នៅពេលនិយាយពីសីលធម៌គ្រូបង្រៀនគេតែងតែនឹកដល់ភ្លាមពីតួនាទីនិងកាតព្វកិច្ចរបស់គ្រូបង្រៀនដែលត្រូវធ្វើ និងផ្ដល់ឲ្យសិស្សរបស់ខ្លួន។ តួនាទី និងកាតព្វកិច្ច ដែលជាក្រមសីលធម៌សម្រាប់គ្រូបង្រៀនគ្រប់រូបត្រូវប្រតិបត្តិនោះគឺ ការស្រឡាញ់និងការថ្នាក់ថ្នមសិស្ស មានភាពម៉ឹងម៉ាត់គួបផ្សំជាមួយនឹងចិត្តទូលាយនិងសណ្ដោស មានស្មារតីយុត្តិធម៌ មានភក្តីភាព អំណត់អត់ធន់ មានវិធីសាស្ត្រក្នុងការបង្រៀនគ្រប់គ្រាន់ មានការយល់ដឹងនិងចំណេះដឹងទូលាយ។ ហើយកិច្ចការរបស់គ្រូគឺត្រូវទៅអប់រំបញ្ញា អប់រំកាយ អប់រំសីលធម៌ អប់រំពលកម្ម អប់រំសិល្ប៍វិជ្ជាដល់សិស្សនិស្សិតហើយធ្វើការផ្ទេរចំណេះជូនសិស្សដោយស្មារតីស្មើភាព។
ប៉ុន្តែមានគ្រូបង្រៀនមួយចំនួន ទៅបង្រៀននៅសាលារដ្ឋ គឺទៅបំពេញតែអវត្តមាន បង្ហាញតែមុខ បង្រៀនសិស្សដែរតែមិនសូវដិតដល់ ព្យាយាមធ្វើយ៉ាងណាឲ្យតែបានដល់ម៉ោង ផ្ទេរចំណេះដឹងឲ្យសិស្សមិនបានពេញលេញ។ តែនៅពេលទៅបង្រៀននៅសាលាឯកជន បង្រៀនគួរ ឬបង្រៀនតាមផ្ទះវិញ ទាំងវិធីសាស្ត្របង្រៀន ទាំងរបៀបពន្យល់ ការផ្ទេរចំណេះជូនសិស្ស និងការគោរពម៉ោងពេល គឺបំពេញបានល្អជាទីបំផុត។
តើតួនាទី និងកាតព្វកិច្ចរបស់គ្រូបង្រៀនត្រូវប្រែប្រួលតាមសាលារដ្ឋ និងឯកជនមែនទេ? ឬគ្រូចាំបាច់ត្រូវតែបង្រៀនល្អនៅសាលាឯកជន ហើយសាលារដ្ឋបំពេញតែមុខបានហើយ? តាមពិតទៅក៏មានគ្រូបង្រៀនដែលល្អ ដែលបំពេញតួនាទីរបស់ខ្លួនបានល្អ មានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួនដែរទាំងនៅសាលារដ្ឋនិងឯកជន។ ចុះហេតុអ្វីបានជាមានគ្រូបង្រៀនមួយចំនួនបែរជាធ្វើការងារ បែងចែកគោលការណ៍អត្ថប្រយោជន៍ ដែលខ្លួនទទួលបានពីការបង្រៀនរបស់ខ្លួន? តើការធ្វើបែបនេះអាចនិយាយបានថាក្បត់មនសិការគ្រូបង្រៀនបានទេ? តើមូលហេតុអ្វីបានជាគ្រូបង្រៀនមួយចំនួនចាំបាច់ធ្វើបែបនេះ? ពិតជាពិបាក់យល់ពីគំនិតគ្រូបង្រៀនប្រភេទនោះណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com