កីឡាជាតិ
ជាតិ
លោក Lee ដឹកនាំ​កីឡាករ​២០​នាក់​ទៅ​ដណ្តើមពាន​មិត្តភាព​អន្តរជាតិ​នៅ​ចិន​
18, Nov 2015 , 4:00 pm        
រូបភាព
ដោយ: រួបរួម
​មួយថ្ងៃ​ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​ជាតិ​ជប៉ុន ២-០ នៅ​ជើង​ទី​២ ជុំ​ទី​២ នៃ​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​មិត្តភាព​អន្តរជាតិ 2015 Yunnan, Asean International Football Open Tournament នៅក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន​។


​ព្រឹត្តិការណ៍ 2015 Yunnan, Asean International Football Open Tournament នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​ទីក្រុង Mangshi ភាគ​ខាងលិច​នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន ដោយមាន​ការចូលរួម​ពី​ក្រុម​មកពី ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ផងដែរ​។​

​យោងតាម​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២០​នាក់​ដែល​ចេញដំណើរ​ទៅ​ប្រកួត​នៅ​ចិន មិនមាន​កីឡាករ​ណាមួយ​មកពី​ក្លិប​កំពូល​ទាំង​៤ រួមមាន ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល បឹងកេត​អង្គរ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នោះឡើយ ខណៈ​ក្រុម​ទាំងនេះ​នៅ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។​

​កីឡាករ​ទាំង​២០​នាក់​មាន​សមាសភាព​ម​ក​ពី​ក្លិប​ក្រសួងការពារជាតិ (​ឈិន ឈឿន​, ច្រឹង ពលរដ្ឋ​, កែ វណ្ណៈ​, ខែ​ក ខេមរិន្ទ​, ពុំ ដា​រាំង​, រឿ​ម ចាន់​រឿន​, ទូច រ៉ូ​ម៉ា​, អ៊ុំ សេរី​រ័ត្ន​) ស្វាយរៀង (​ហួយ ផល្លី​ន​, ផាន់​នី អ៊ី​រដ្ឋា​, នេន សុធា​រ័ត្ន​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ណុប តុលា​, សំអឿន ពិដោរ​, សឿ​យ វិសាល​) អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ (​នួន បូរី​, ប្រាក់ មុន្នី​ភា​រុណ​, សាន់ ធី​ដេ​ត​, ស៊ុន វ៉ាន់​ដេ​ត​, ទិ​ត្យ ឌី​ណា​)​។​

​ក្រៅ​នេះ សមាសភាព​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូបង្វឹក​រួមមាន លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ក្រុម លោក អ៊ុង កន​យ៉ា​និ​ត លោក អ៊ុំ សាវង្ស និង​លោក ហោ សុខ​ហេង ជា​ជំនួយការ​លោក Lee Tae Hoon លោក អ៊ិន សុខា ជា​គ្រូ​ចាំទី លោក ហៃ ស័​ក្ខ​រី និង​លោក សៀង ប៊ុណ្ណា ជា​គ្រូពេទ្យ​។​

​កាលពី​ឆ្នាំមុន ព្រឹត្តិការណ៍ Yunnan, Asean International Football Open Tournament មាន​ក្រុម​៦​នៅ​តំបន់​អាស៊ាន និង​ក្រុម​២​នៅ​ខេត្ត​យូ​ណាន បាន​ចូលរួម​ប្រកួត ហើយ​កម្ពុជា​តំណាង​ដោយ​ក្លិប​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ល្អ​ឡើយ​៕


Tag:
 ​បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  2015 Yunnan
  Asean International Football Open Tournament
© រក្សាសិទ្ធិដោយ thmeythmey.com