កីឡាជាតិ
ជាតិ
ចិន៖ ជម្រើសជាតិ​កម្ពុជា​ឈ្នះ ក្រុម Lao Champa ២១-០ ខណៈ​ឧ​ត្ត​មរ​កបាន៨គ្រាប់
22, Nov 2015 , 11:14 am        
រូបភាព
ដោយ: រួបរួម

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានទទួល​ជ័យជម្នះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​មិត្តភាព​អន្តរជាតិ 2015 Yunnan, Asean International Football Open Tournament នៅ​កីឡដ្ឋាន MANGSHI STADIUM ក្នុង​យូ​ណាន ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី២២ ខែ​វិ​ច្ឆិកា​នេះ។ ពួកគេ​បាន​យកឈ្នះ​ក្រុម Lao Champa របស់​ឡាវ​ក្នុង​លទ្ធផល ២១-០ ។

ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​បាន​ទម្លាយ​សំណាញ់៣គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្លិប​ចិន Baotau Nanjiao បាន​ក្លាយជា​តារា​ឆ្នើម​ម្តងទៀត​ក្នុងជំនួប​ថ្ងៃនេះ​ជាមួយ​ក្រុម​ឡាវ Lao Champa។ ក្នុង​ជ័យជម្នះ​សរុប ២១-០ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន​តែម្នាក់ឯង​ចំនួន៨គ្រាប់ ទូច រ៉ូ​ម៉ា រកបាន៤គ្រាប់ កែ វណ្ណៈ រកបាន៣គ្រាប់ ខណៈ ផាន់​នី អ៊ី​រដ្ឋា, ខែ​ក ខេមរិន្ទ, ស៊ុន វ៉ាន់​ដេ​ត, ច្រឹង ពលរដ្ឋ, ឈិន ឈឿន និង​ទិ​ត្យ ឌី​ណា បន្ថែម​បាន​ម្នាក់១គ្រាប់។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​ជម្រើស និង​ក្លិប​ចំនួន៩ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ មិត្តភាព 2015 Yunnan, Asean International Football Open Tournament នៅក្នុង​យូ​ណាន ប្រទេស​ចិន។ កម្ពុជា បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា តំណាង​ដោយ​ក្រុម​ជម្រើសជាតិ ខណៈ​ឡាវ វៀតណាម និង​ម្ចាស់ផ្ទះ តំណាង​ដោយ​ក្លិប។

យោងតាម​កម្មវិធី​ប្រកួត​របស់​កម្ពុជា ដែល​ស្ថិតនៅ​ក្រុម​ពូ​ល A ក្រោយ​ជួប​ជាមួយ​ក្លិប Lao Champa របស់​ឡាវ ពួកគេ​នឹង​បន្ត​តទល់​បន្ថែមទៀត​ជាមួយ​ក្លិប Hanoi T&T របស់​វៀតណាម និង​ក្លិប Yuannan របស់​ម្ចាស់ផ្ទះ​ចិន៕



Tag:
 បាល់ទាត់
  ជម្រើសជាតិ​កម្ពុជា
  015 Yunnan
  Asean International Football Open Tournament
© រក្សាសិទ្ធិដោយ thmeythmey.com