ពីនេះ ពីនោះ
ជា​ប្រទេស​«​ប្រជាធិបតេយ្យ​»​មួយ​ដែល​ល្អ ត្រូវ​ទាមទារ​ហេតុផល​អ្វីខ្លះ​?
09, Dec 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា សង្គម​សក្ដិភូមិ មូលធននិយម កុម្មុយនីស្ដ សង្គមនិយម សាធារណរដ្ឋ ប្រជាធិបតេយ្យ ជាដើម គឺជា​បញ្ញត្តិ​សម្គាល់​ពី​ប្រព័ន្ធគ្រប់គ្រង​និង​ដឹង​នាំ​សង្គម​នានា​។ ចំណែក ប្រជាធិបតេយ្យ ត្រូវបាន​គេ​កំណត់ថា​ជា​ប្រព័ន្ធគ្រប់គ្រង​សង្គម​មួយ​ដែលមាន​គោលការណ៍​គ្រប់គ្រង​ល្អ​ជាងគេ ក្នុងចំណោម​ប្រព័ន្ធ​ដឹកនាំ​សង្គម​ទាំងអស់​។ ហើយ​មនុស្ស​មួយចំនួនធំ ឲ្យ​តែ​ឮថា​ប្រទេស​ខ្លួន​ប្រកាន់​ការដឹកនាំ​ដោយ​ប្រព័ន្ធ​បែប​ប្រជាធិបតេយ្យ តែងតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​បើ​គ្រាន់តែ បញ្ញត្តិ​ថា​«​ប្រជាធិបតេយ្យ​» អាច​គ្រប់គ្រាន់​ទេ​ដើម្បី​ឲ្យ​បាន​ប្រជាធិបតេយ្យ​ពិត​មួយ​?


​អ្នកនយោបាយ ថ្នាក់ដឹកនាំ​រដ្ឋ​ជាទូទៅ​លើកឡើងថា «​ប្រទេស​យើង​កំពុង​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​» នោះ​គឺ​មិនមែនជា​ហេតុផល​មួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ គួរ​ជឿទុកចិត្ត​ទាំងស្រុង​នោះទេ​។ ព្រោះ​អ្វី​ទាំងនោះ​គឺ​គ្រាន់តែ​ជាស​ម្ដី​ខ្វះ​មូលដ្ឋាន​ការពិត​ក្នុង​បរិបទ​ដែល​ស្ថានភាព​នៃ​ការយល់ដឹង​របស់​ប្រជាជន ក្នុងការ​តាមដាន និង​យល់ដឹង​ពី​នយោបាយ​នៅមានកម្រិត​។ ហើយក៏​ជា​សារជាតិ​អាក្រក់​របស់​អ្នកនយោបាយ​និង​ថ្នាក់​ដឹក​រដ្ឋ​អាក្រក់ ក្នុងការ​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​តែ​ប្រយោជន៍​នយោបាយ និង​ប្រយោជន៍​បក្សពួក​ខ្លួន​។​

​ក៏ប៉ុន្តែ​ដើម្បី​សម្គាល់​ពី​ភាពជាក់ស្ដែង​នៃ​ការគ្រប់គ្រង​សង្គម​មួយ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ក្នុងនាម​ជា​ពលរដ្ឋ​នៃ​សង្គម​មួយ គឺ​ចាំបាច់​ត្រូវតែ​ព្យាយាម​ស្វែងយល់​ពី​គោលការណ៍​មួយចំនួន ដែល​អាច​បញ្ជាក់ថា ជា​សង្គម​ប្រជាធិបតេយ្យ​។ ប្រជាធិបតេយ្យ​គឺ​ត្រូវ​មើលទៅ​លើ​៖ ការចូលរួម​របស់​ប្រជាពលរដ្ឋ នៅក្នុង​សកម្មភាព​ធ្វើ​ប្រជាមតិ​របស់​ប្រជាជន ទៅលើ​កិច្ចការ​ជាតិ​មួយចំនួន សេចក្ដីស្នើរ​ច្បាប់​នានា និង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​បញ្ហានយោបាយ​ធំៗ​នៅក្នុង​ប្រទេស ព្រោះ​ពួកគាត់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ជាតិ​។  ចំណែក អំណាច​របស់​អ្នកតំណាងរាស្ត្រ ដែល​បុគ្គល​ទាំងនោះ​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រជាជន​ដើម្បី​ទៅធ្វើ​ការងារ​ក្នុងនាម​ជា​អ្នក​នាំយក​កង្វល់​រាស្ត្រ និង​តំណាង​ឲ្យ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ ដើម្បី​យកទៅ​ដោះស្រាយ​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​កំពូល​នោះ មានអំណាច​កម្រិតណា​?

​ក្នុងនោះដែរ ប្រព័ន្ធ​បោះឆ្នោត​មាន​ភាពត្រឹមត្រូវ​និង​យុត្តិធម៌ ដែល​អាច​ជឿទុកចិត្ត​បានទេ​។ រីឯ​ការចូលរួម​ពហុ​គណបក្សនយោបាយ​ក្នុងការ​ប្រកួតប្រជែង ត្រូវមាន​យ៉ាងហោចណាស់​ចាប់ពី ពីរ​គណបក្សនយោបាយ តែ​មិន​អាចមាន​តែមួយ​គណបក្ស​នោះទេ​។ ប្រព័ន្ធយុត្តិធម៌​មាន​ភាព​ឯករាជ្យ​ហើយ​ឬ​នៅ និង​ការដឹកនាំ​បាន​យក​ច្បាប់ និង​ភាពជា​នីតិរដ្ឋ ច្បាស់លាស់​ក្នុង​កិច្ចការ ការពារ​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរឬទេ​។ ការលើកកម្ពស់​សេរីភាព និង​ការប្រកាន់យក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី ដែលជា​ទីផ្សារ​មួយ​បើកទូលាយ​ដល់​ប្រជាពលរដ្ឋ អាចធ្វើ​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច ដោយ​ស្មើភាព ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន​ដែរឬទេ​។ ការគោរព​សិទ្ធិមនុស្ស និង​ការរស់នៅ​ដោយ​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ក្នុងការ​ទាមទារ​ភាព​យុត្ត​ធម៌​ក្នុងនាម​ប្រជាពលរដ្ឋ ទទួលបាន​ហើយ​ឬ​នៅ​។ សិទ្ធិ​ទទួលបាន​ការអប់រំ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ត្រូវបាន​បើកទូលាយ​ហើយ​ឬ​នៅ ហើយ​មិន​មានការ​គាប់​ស​ង្គ​ត់​ផ្នែក​អប់រំ ព្រោះ​ការអប់រំ​គឺជា​ដំណើរ​បណ្ដុះ​គំនិត ចំណេះ ជំនាញ ទៅតាម​អំណោយទាន​ពី​ធម្មជាតិ និង​ការទទួលបាន​ព័ត៌មាន​ពិត​។ ចំណែក ការគ្រប់គ្រង មានការ​បែងចែក​អំណាច​ឲ្យ​បានច្បាស់លាស់​ទេ​។ និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​រដ្ឋាភិបាល មានការ​ទទួលខុសត្រូវ តម្លាភាព និង​អភិបាលកិច្ច​ល្អ ដែល​ប្រជាពលរដ្ឋ​អាច​ទទួលយក​បានដែរ​ឬទេ​?

​ជាការ​ពិត​ដំណើរ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​នេះ​គឺ ចាប់ផ្ដើម​ពី​ប្រជាជន​ដែលមាន​គុណភាព​។ នោះ​គឺ​ផ្ដើមចេញពី​ភាពឈ្លាសវៃ​របស់​ប្រជាជន ក្នុងការ​ជ្រើសរើស​មេដឹកនាំ​។ មួយវិញទៀត​ប្រជាធិបតេយ្យ​គេ​តែង​និយាយថា​យក​មតិ​ភាគច្រើន​ជាធំ​។ កត្តា​នេះ ពិតជា​មិនអាច​កំណត់ថា ជា​ប្រទេស​ប្រជាធិបតេយ្យ​បានទេ ព្រោះ​ពេលខ្លះ​មតិ​ភាគច្រើន​អាចធ្វើ​អំពើ​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុមមនុស្ស​មតិ​ភាគតិច និង​ប្រទេសជាតិ​។ ជាពិសេស​នៅក្នុង​រដ្ឋសភា​សំឡេង​ភាគច្រើន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​គឺ​មិនអាច​ចេះតែធ្វើ​អ្វី​តាមតែ​ក្រុម​ខ្លួន​យល់ឃើញ​នោះទេ​។ តែ​ត្រូវ​ចេះ​គោរព​ចំពោះ​ក្រុមមនុស្ស​សំឡេង​ភាគតិច ឬ​ក្រុម​អ្នកតំណាងរាស្ត្រ​មតិ​ភាគតិច​ផងដែរ​។ ហេតុនេះ​ត្រឹម​ពាក្យ​ថា «​ប្រជាធិបតេយ្យ​» គឺ​មិនមាន​ភាព​គ្រប់គ្រាន់​នោះទេ ព្រោះ​វា​គ្រាន់តែ​ជា​បញ្ញត្តិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com