ពីនេះ ពីនោះ
ជាង​៣០​ឆ្នាំ​ពាក្យ​កុហក​នៅតែ​ពេញនិយម​ក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​!
10, Dec 2015 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​កុហក បោកប្រាស់ គឺជា​ពាក្យ​មួយ​ដែល​នរណាៗ​ក៏​ស្អប់ តែ​ពេលខ្លះ​អ្នក​ដែល​ស្អប់​ពាក្យ​នេះ​ស្រាប់តែ​កំពុង​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​មនុស្ស​និយាយ​កុហក​ដើម្បី​រក្សា​ជីវិត នោះគេ​ហៅថា​ចេះ​បត់បែន និង​មើល​កាលៈទេសៈ​។


​ការនិយាយ​កុហក​មិនមែន​អាក្រក់​ទាំងស្រុង​នោះទេ តែ​ក៏​មិនមែនជា​សកម្មភាព ទង្វើ និង​ជា​ចេតនា​ល្អ​នោះដែរ​នៅក្នុង​ជីវិត​ទំនាក់ទំនង​ក្នុងសង្គម​។ ជាពិសេស​ចេតនា ទង្វើ និង​សកម្មភាព​កុហក​វា​មិនមែនជា​សញ្ញាណ​ល្អ​ទៀត​ទេ សម្រាប់​សង្គមមនុស្ស​ប​ច្ចុ​ប្បន្ន​។​

​សកម្មភាព​មិត្ត​កុហក​មិត្ត បុគ្គល​កុហក​បុគ្គល​ដើម្បី​ប្រយោជន៍​ខ្លួន​គឺជា​រូបភាព​មួយ​ដែល​តែងតែ​កើតមាន​។ កត្តា​នេះ​បានធ្វើ​ឲ្យ​មានទំនាស់ និង​ការបែកបាក់​មិត្តភាព ព្រោះ​ជា​មិត្តភាព​ដែល​ស្ថិតនៅក្រោម​រូបភាព​នៃ​ការបោកប្រាស់​។ នៅ​កន្លែង​ការងារ បុគ្គលិក​កុហក​ចៅហ្វាយនាយ ចៅហ្វាយនាយ​បោកប្រាស់​កូនចៅ​ក្នុង​រូបភាព​ផ្សេងៗ​ដែលជា​លទ្ធផល​គ្មាន​អ្វីដែល​ចំណេញ​ចំពោះ​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បំពេញការងារ​នៅពេល​ការពិត​ត្រូវបាន​គេ​ដឹង​។​

​ទោះជា​យ៉ាងណា​សកម្មភាព​កុហក​បោកប្រាស់​ខាងលើ ថ្វីត្បិតតែ​វា​មិនល្អ តែ​វា​ជះឥទ្ធិពល​ត្រឹមតែ​បុគ្គល​និង​បុគ្គល​ដែល​បាន​ប្រព្រឹត្ត ប៉ុន្តែ​អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺ បច្ចុប្បន្ន​អ្នកនយោបាយ បែរជា​ធ្វើ​នយោបាយ​បោកប្រាស់ ភូតភរ កុហក ប្រជារាស្ត្រ​ខ្លួនឯង​ដើម្បី​តែ​ប្រយោជន៍​បក្សពួក​ខ្លួន​។ ចំណែក​អ្នកនយោបាយ​ខ្លះ​នៅតែ​បន្ត​កុហក​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដែល​កើតមាន បំភ្លៃ​ការពិត ព្រោះតែ​ខ្លាច​គេ​ស្គាល់​រឿងអាស្រូវ​របស់ខ្លួន​ក្នុង​អតីតកាល​។ បើ​និយាយ​រឿងរ៉ាវ​ប្រវត្តិ​អាស្រូវ​ខ្លួន​ថា​ប៉ះពាល់​កិត្តិយស​ខ្លួន​មិន​ហ៊ាន​និយាយ​មិន​ថ្វី​ទេ តែ​រឿងរ៉ាវ​មួយចំនួន​គឺជា​រឿង​ដែល​ពាក់ព័ន្ធ​និង​ប្រយោជន៍​ជាតិ ក៏​អ្នកនយោបាយ​ហ៊ាន​កុហក​ប្រជាជន​ខ្លួនឯង​ដែរ​។

​ជាការ​ពិត​ណា​ស់ពាក្យ​ថា​«​ការពិត​នៅតែ​ជាការ​ពិត​» គឺ​នៅតែមាន​ភាពត្រឹមត្រូវ នៅពេលដែល​វិសាលភាព​នៃ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ និង​ចំណេះដឹង​របស់​មនុស្ស ផ្នែក​ការគិត​ពិចារណា​បានច្បាស់លាស់ និង​ស៊ី​ជ្រៅ​។ ពេលនោះ​ហើយ​ដែល​គំនិត​កុហក បោកប្រាស់​ត្រូវបាន​វាយបក​ទៅ​បុគ្គល​ទាំងនោះ​វិញ ដែលជា​ផល​សង​នៃ​ទង្វើ​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com