ជាតិ
សង្គមជាតិ
​កម្ពុជា​បានជំនួយ​ជាង ២សែន​ដុល្លារ​ទៀត​ពី​ជប៉ុន​លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន​បី​
17, Dec 2015 , 9:17 am        
រូបភាព
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក យូជិ គូម៉ាម៉ារ៉ូ
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក យូជិ គូម៉ាម៉ារ៉ូ
ដោយ:

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង​ចំនួន ២៦៨,២៤៨ ដុល្លារ​អាមេរិក ដល់​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំនួន៣ គឺគម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អន្លុង​រូង ខេត្តពោធិ៍សាត់ គម្រោង​ស្តារឡើងវិញ ​ប្រឡាយ​រង​ស្តៅ ខេត្តព្រៃវែង និង​គម្រោង​សាងសង់​ទីស្នាក់ការ​អភិរក្ស​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល ខេត្តពោធិ៍សាត់​។​


​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​គូ​សាណូ​ណិ​) នា​រសៀល​ថ្ងៃទី​១៦​ធ្នូ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក យូ​ជិ គូ​ម៉ា​ម៉ា​រ៉ូ (Yuji KUMAMARU) បានបញ្ជាក់​ពី​មូល​ហេតុដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជំនួយ​នេះ​។ លោក​និយាយថា ប្រជាជន​ជប៉ុន​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​វិស័យ​ប្រព័ន្ធធារាសាស្ត្រ និង​បរិស្ថាន ដូចនេះ​ទើប​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​ប្រជាជន​កម្ពុជា​នៅក្នុង​វិស័យ​ទាំងនេះ តាមរយៈ​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​។​

​ក្នុងនាម​ប្រជាជន​ជប៉ុន លោក​សង្ឃឹមថា គម្រោង​ទាំងបី​នេះ នឹង​អនុវត្ត​ន៍យ៉ាង​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ជាពិសេស លោក​សង្ឃឹមថា សំណង់​ជំនួយ​ខាងលើនេះ នឹងត្រូវ​បានថែទាំ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាជន​កាន់តែច្រើន​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​ទាំងនេះ​។ លោក​បញ្ជាក់​ផងដែរ​ថា​៖«​ខ្ញុំ​សង្ឃឹមថា គម្រោង​ទាំងនេះ នឹង​ជួយ​ពង្រឹង​ជា​បន្តទៀត​ នូវ​ទំនាក់ទំនង​មិត្តភាព​ដែលមាន​រួចមកហើយ​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​»​។​

​បើតាម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Yuji KUMAMARU ស្ថាប័ន​ដែល​ត្រូវ​ទទួល​ថវិកា​ជំនួយ​នេះ រួមមាន​ទី​១ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ទទួល​ថវិកា​ជំនួយ​ចំនួន៨៩,៧៧៥​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អន្លង់​រូង១​ខ្សែ​ប្រវែង ២១០០​ម៉ែត្រ សាងសង់​លូ​ជ្រុង​១​កន្លែង និង​សំណង់​លូ​បញ្ចេញ​ទឹក​៣​កន្លែង ក្នុង​ខេត្តពោធិ៍សាត់​។ ប្រជាកសិករ​ជាង ១៥០០​នាក់ នឹង​ទទួលបាន​ទឹក​ស្រោចស្រព​ដីស្រែ តាមរយៈ​គម្រោង​នេះ​។​

​ទី​២ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង ទទួល​ជំនួយ​ថវិកា​៨៩,៤២៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្តារឡើងវិញ​ប្រឡាយ​រង​ស្តៅ​១​ខ្សែ​ប្រវែង ២២៥០​ម៉ែត្រ សំណង់​បញ្ចូល​ទឹក​១​កន្លែង សំណង់​ស្ទាក់​ទឹក​១​កន្លែង និង​សំណង់​លូ​រំដោះ​ទឹក​២​កន្លែង​។ ប្រជាកសិករ​ជាង ១០០០​នាក់ នឹង​ទទួលបាន​ទឹក​ស្រោចស្រព​ដីស្រែ​របស់​ពួកគេ ក្រោយពី​គម្រោង​នេះ ត្រូវបានបញ្ចប់​។ និង​ទី​៣ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ទទួល​ជំនួយ​ថវិកា​ចំនួន ៨៩,០៥០​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ទីស្នាក់ការ​អភិរក្ស​តំបន់​ការពារ​ជួរ​ភ្នំ​ក្រវ៉ា​ញ ភាគ​កណ្តាល​ចំនួន​មួយ​ខ្នង​កម្ពស់​២​ជាន់ ស្មើ​នឹង១០​បន្ទប់ ក្នុង​ខេត្តពោធិ៍សាត់​។ រដ្ឋាភិបាល​ជប៉ុន​រំពឹងថា គម្រោង​ទី​បី​នេះ នឹង​ជួយ​ពង្រឹង​ការ​យាមល្បាត​ពី​ការកាប់​ព្រៃឈើ​ខុសច្បាប់​។​

​គួរបញ្ជាក់​ផងដែរ ពិធី​ចុះហត្ថលេខា​ផ្តល់ជំនួយនៅ​រសៀល​នេះ ប្រព្រឹត្តទៅ​ក្រោម​វត្តមានឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ អ្នកសម្របសម្រួល​គម្រោង Kusanone និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​៕

Tag:
 កម្ពុជា​-​ជប៉ុន​
  គម្រោង​អភិវឌ្ឍ​
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com