អន្តរជាតិ
ឥណ្ឌូណេស៊ី​តាម​ចាប់ខ្លួន​មេដឹកនាំ​បណ្ដាញ​ភេរវ​ករ​ដែលមាន​ទំនាក់ទំនង​ជាមួយ IS
23, Dec 2015 , 8:59 pm        
រូបភាព
ដោយ:
​ឥណ្ឌូណេស៊ី​កំពុងតែ​តាម​ចាប់ខ្លួន​មេដឹកនាំ​នៃ​បណ្ដាញ​មួយ​មាន​ជាប់ទាក់ទង​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ក្រោយ​មានការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ដែលមាន​គម្រោង​វាយប្រហារ​គ្រាប់បែក​នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី ។ នេះ​បើ​យោងតាម​មន្ត្រីប៉ូលិស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែធ្នូ ។​


​កងកម្លាំង​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​របស់​ឥណ្ឌូណេស៊ី​កំពុង​ស្វះ​ស្វែងរក​ចាប់ខ្លួន​មេដឹកនាំ​បណ្ដាញ​ដែល​គាំទ្រ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​អាស៊ាន​មួយ​នេះ ។ ប្រតិបត្តិការ​បានចាប់ផ្ដើម​ក្រោយ​មាន​វាយឆ្មក់​ជា​បន្តបន្ទាប់​នៅតាម​ទីក្រុង​លើ​កោះ​ជ្វា​កាលពី​ចុង​សប្ដាហ៍​មុន ។ ហើយ​ការ​វាយឆ្មក់​បាន​ចាប់ខ្លួន​មនុស្ស​៩​នាក់ ព្រមទាំង​រឹបអូស​បាន​ឧបករណ៍​ធ្វើ​គ្រាប់បែក​ផងដែរ ។ ជាមួយគ្នានេះ ការភ័យខ្លាច​ចំពោះ​ការវាយប្រហារ​ភេរវកម្ម មានការ​កើនឡើង​ខ្លាំង ពី​សំណាក់​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​បាន​ប្រយុទ្ធ​នៅ​ស៊ី​រី ។​

​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី លោក Anton Charliyan បាន​បញ្ជាក់ថា ប៉ូលិស​បានដឹង​ពី​ផែនការ​វាយប្រហារ​ទាំង​នោះ ហើយ​ពួកគេ​មាន​គម្រោង​វាយប្រហារ​លើ​មន្ត្រី​កំពូលៗ​របស់​ឥណ្ឌូណេស៊ី រួមទាំង​ប្រ​ធានា​ធិ​តី ចូ​កូ វី​ដូ​ដូ (Joko Widodo) និង​មាន​ផែនការ​វាយប្រហារ​លើ​ទីតាំង​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត ។

​ខណៈដែល​ការ​វាយឆ្មក់​ចាប់​បានតែ​សកម្មជន​នោះ លោក Charliyan បាន​បន្ថែមថា ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​បណ្ដាញ​នេះ ដែលមាន​ទីតាំងនៅ​ទីក្រុង Solo ។ លោក​បន្តថា ក្រុម​នេះ​មានការ​ដឹកនាំ​មួយ​ដែល​តំណាង​ឲ្យ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។

​លើសពីនេះទៅទៀត​នោះ អ្នកនាំពាក្យ​ប៉ូលិស​រូបនេះ​បាន​បង្ហាញថា មាន​អ្នកគាំទ្រ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ប្រហែល​១​ពាន់​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ជិត​២៥០​លាន​នាក់ ។ យ៉ាងណាមិញ គេ​មិនទាន់​ឃើញ​មានការ​វាយប្រហារ​អ្វី​ពី​សំណាក់​ក្រុម​ជ្រុលនិយម​នេះ​មកលើ​ទឹកដី​ឥណ្ឌូណេស៊ី​ទេ ។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ឆ្នាំ​២០០០ មានការ​វាយប្រហារ​ភេរវកម្ម​ធំ​មួយ​នៅលើ​កោះ​បាលី​ដែល​បានសម្លាប់​មនុស្ស​២០២​នាក់ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​។ ហើយ​ចាប់តាំងពី​នោះមក ប៉ូលិស​បាន​បំបែក​ផែនការ​វាយប្រហារ​ជាច្រើនលើក តែ​ពេលនេះ​ឥណ្ឌូណេស៊ី​ហាក់​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាមួយនឹង​ការ​សាយភាយ​របស់​ក្រុម​រដ្ឋ​ឥស្លាម ៕


Tag:
 ឥណ្ឌូណេស៊ី​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com