ជាតិ
សង្គមជាតិ
ប្រាសាទ​គោកចក​កំពុង​ត្រូវបាន​សង្គ្រោះ​ដោយ​ក្រុម​អ្នកជំនាញ
28, Dec 2015 , 2:45 pm        
រូបភាព
សៀមរាប៖ ក្នុង​រមណីយដ្ឋាន​អង្គរ ប្រាសាទ​ភាគច្រើន​ត្រូវបាន​សង់​ឡើង​ពី​ថ្មភក់ ឫ​ថ្មបាយក្រៀម។ មាន​ប្រាសាទ​តិច​ណាស់ ដែល​សង់​ពី​ដីឥដ្ឋ ព្រោះ​បុព្វបុរស​ខ្មែរ​យល់ថា វា​ងាយ​នឹង​ដួលរលំ។ ប្រាសាទ​គោកចក គឺជា​ប្រាសាទ​មួយ​ដែល​សង់​ឡើង​ពី​ដីឥដ្ឋ ហើយ​ប្រាសាទ​នេះ កំពុង​រង​ការខូចខាត​ជា​ទម្ងន់។ ដើម្បី​អភិរក្ស​ប្រាសាទ​នេះ​ឡើងវិញ អ្នកជំនាញ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាននិងកំពុង​រៀបចំ​ជួសជុល​ប្រាសាទ​គោកចក ទៅតាម​រចនាបថ​ដើម ដោយ​លំនាំ​បុរាណវិទ្យា​យ៉ាង​ល្អិតល្អន់​បំផុត។


អស់​រយៈពេល២ឆ្នាំ​មកហើយ ដែល​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា រៀបចំ​ជួសជុល សង្គ្រោះ​ប្រាសាទ​គោកចក។ ប្រាសាទ​គោកចក កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី៣ និង​ឡើង​សង់​ពី​ដីឥដ្ឋ។ បច្ចុប្បន្ន ប្រាសាទ​គោកចក ទទួលរង​នូវ​ការ​ខូច​ខា​ច​ច្រើន ដោយសារ​កត្តា​ពីរ​យ៉ាង គឺ​កត្តា​ធម្មជាតិ និង​កត្តា​ខឿន​ប្រាសាទ។

ចាប់ពី​ឆ្នាំ២០១៤មក អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ បានរៀបចំ​ក្រុមការងារ ដើម្បី​ជួសជុល​ប្រាសាទ​គោកចក។ ក្រុម​អ្នកជំនាញ មានការ​លំបាក​ក្នុង​ការងារ​ជួសជុល ព្រោះថា វា​មាន​ភាពស្មុគស្មាញ​ជាង​ប្រាសាទ​ដទៃ ដែល​សង់​ពី​ថ្មបាយក្រៀម ឫ​ថ្មភក់។


លោក ស្រ៊ុន តិច អ្នក​បុរាណវិទ្យា និង​ជា​អ្នក​កំណាយ​ក្នុង​បរិវេណ​ប្រាសាទ​គោកចក បាន​ឲ្យ​ដឹងថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​គោកចក រង​ការខូចខាត​ច្រើន ដោយសារ​ប្រាសាទ​នេះ សង់​ឡើង​ដោយមាន​ខឿន​ដីឥដ្ឋ។ លោក តិច ពន្យល់ថា៖« យើង​ដឹង​ហើយ​ថា ខឿន​ប្រាសាទ​នេះ គឺ​រៀប​ពី​ថ្ម​ដុត (ដីឥដ្ឋ) ជាកាំៗ ហើយ​បាន​គាត់​ក្រាល​ថ្មបាយក្រៀម ហើយ​បន្ទាប់មក គាត់​រៀបចំ​ដីឥដ្ឋ​មួយ​សារ​ទៀត ចឹ​ង​ដីឥដ្ឋ និង​ថ្មបាយក្រៀម មិនមាន​កម្លាំង​ខាំ​ភ្ជាប់​គ្នា​នោះទេ...ជាទូទៅ​ប្រាសាទ​នៅ​តំបន់​អង្គរ គេ​ច្រើន​យក​ថ្មបាយក្រៀម​រៀប​ធ្វើ​ខឿន ព័ន្ធ​ជុំវិញ​ដោយ​ថ្មភក់»។

អ្នកស្រី នេ​ត ស៊ីមន បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ បាន​លើកឡើងថា ការងារ​ជួសជុល​ប្រាសាទ​គោកចក គឺត្រូវធ្វើ​តាម​ដំណាក់កាល។ នៅ​ឆ្នាំ២០១៤មក អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល និង​ពង្រឹង​ថ្ម​ឡើងវិញ ដែលអ្នកស្រី ស៊ីមន អះអាងថា ជាការ​ងារ​ដែល​មានកា​រ​ប្រុងប្រយ័ត្ន​បំផុត។ ទន្ទឹមនឹងនោះ អ្នកជំនាញ​បាន​ប្រើ​វិធី​ព្យាបាល​ថ្ម សម្រាប់​ការងារ​ការដ្ឋាន​នេះ​ផងដែរ ដែល​ការព្យាបាល​នោះ ធ្វើឡើង​ទៅតាម​បច្ចេកទេសផ្នែក​បុរាណវិទ្យា។



ទាក់ទង​នឹង​ការជួសជុល​ប្រាសាទ​គោកចក​នេះ អ្នកជំនាញ​បានធ្វើ​កំណាយ​នៅ​បរិវេណ​ប្រាសាទ​ផងដែរ។ អ្នក​បុរាណវិទ្យា បាន​យក​ចំណុច​សំខាន់​ពីរ​យកមក​សិក្សា គឺ​ទីមួយ ទិដ្ឋភាព​ប្រ​វ​តិ្ត​សាស្ត្រ ដោយ​ផ្តោតលើ​សិលាចារឹក​ដែលមាន​អាយុកាល២០០ឆ្នាំក្រោយកសាងប្រាសាទ និង​រម្លឹក​ពី​ស្នាម​ព្រះ​ហ​ស្ថ​របស់​សេ្ត​ច​ជ័យ​វរ្ម័នទី៣ ជាពិសេស គឺ​ប្រវត្តិ​ទាក់ដំរី។ នេះ​ជាការ​លើកឡើង​របស់លោក ស្រ៊ុន តិច មុននឹង​លោក​រម្លឹក​ពី​ប្រវត្តិ​ទាក់ដំរី​នៅលើ​ជញ្ជាំង​ប្រាសាទ។ ដំរី​ជាស​ត្វ​មួយ ដែល​ជួយ​សង្គម​បាន​ច្រើន ដូច្នេះ​បុព្វបុរស​សម័យ​នោះ ចង់​លើកកម្ពស់​ស្នាដៃ​អ្នក​ទាក់ដំរី ទើប​គេ​ឃើញ​មាន​សត្វ​ដំរី​នៅតាម​ជញ្ជាំង​ប្រាសាទ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស្រ៊ុន តិច។

ប្រាសាទ​គោកចក ស្ថិតនៅ​ភូមិ​វាល ឃុំ​គោកចក ក្រុង​សៀមរាប។ ប្រាសាទ​គោកចក រង​ការខូចខាត​ដោយ​បាក់​កំពូល និង​ជញ្ជាំង​មួយផ្នែក។ ការងារ​ជួសជុល​មិនអាច​បំពេញ​ចំណុច​ដែល​បាក់បែក​នោះទេ គេ​គ្រាន់តែ​រក​វិធី​ដើម្បី​រក្សា​រូបរាង​ដែល​សេសសល់ និង​វិធី​កាត់បន្ថយ ការ​បាក់បែក​បន្តទៀត​តែប៉ុណ្ណោះ។

ការជួសជុល​ប្រាសាទ​នេះ ធ្វើឡើង​ដោយមាន​ការឯកភាព​ពី​អ្នកបច្ចេកទេស​អន្តរជាតិ​ផងដែរ។ គេ​ត្រូវ​ការប្រើ​ឥដ្ឋ​ថ្មី ជំនួស​ឥដ្ឋ​ចាស់ ដែល​សេសសល់ និង​ផ្គុំ​ឡើងវិញ។ ផល​លំបាក​ចំពោះ​ការងារ​ជួសជុល និង​ការ​កាត់​ឫស​ឈើ ដែល​ដុះ​លើ​ប្រាសាទ។ គេ​ត្រូវ​កាត់​ទៅតាមដំណាក់ៗ បន្ទាប់ពី​យក​ឥដ្ឋ​ដាក់បញ្ចូល​ទៅតាម​ប្រហោង​ឫស​ឈើមួយៗ ។ បច្ចុប្បន្ននេះ ការងារ​ជួសជុល បានបញ្ចប់​ក្នុងដំណាក់កាល​ទីមួយ​ហើយ។ ក្រុម​អ្នកជំនាញ​នឹង​បន្ត​អនុវត្តន៍​ដំណាក់កាល​ទី​ពីរ និង​ទី​បី​ទៀត ដែល​អាច​រួចរាល់​នៅ២ឆ្នាំ​ខាងមុខ៕









Tag:
 អង្គរ
  ប្រាសាទគោកចក
© រក្សាសិទ្ធិដោយ thmeythmey.com