អន្តរជាតិ
ភាសា​វៀតណាម​កាន់តែ​ពេញនិយម​ខ្លាំង​នៅ​កោះ​តៃវ៉ាន់​
28, Dec 2015 , 3:27 pm        
រូបភាព
​ប្រជាជន​តៃវ៉ាន់​សម្លឹង​ឃើញ​សារសំខាន់​នៃ​ការសិក្សា​ភាសាប្រទេស​អាស៊ាន មាន​ថៃ ឥណ្ឌូនេស៊ី និង​វៀតណាម​ជាដើម ប៉ុន្តែ​គេ​ឃើញ​សិស្ស​តៃវ៉ាន់​កាន់តែច្រើន​នាំគ្នា​រៀន​ភាសា​វៀតណាម​។ ពួកគេ​គិតថា​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​រៀន​វៀតណាម​ព្រោះ វៀតណាម ចិន និង​តៃវ៉ាន់​មាន​វប្បធម៌ ប្រពៃណី​ប្រហាក់ប្រហែលគ្នា ។


​ការសិក្សា​ភាសា​វៀតណាម​នៅតាម​សាកលវិទ្យាល័យ​តៃវ៉ាន់​ចាប់ផ្តើម​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។  មិន​ត្រឹមតែ​ភាសា​វៀតណាម​ទេ​ដែល​ពេញនិយម ភាសា​សមាជិក​អាស៊ាន​មាន​ថៃ ឥណ្ឌូនេស៊ី​ជាដើម​ក៏​កាន់តែ​ពេញនិយម​ដូចគ្នា​។ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​ចំនួន​សិស្ស​រៀន​ភាសា​អាស៊ាន​នៅ​តៃវ៉ាន់​កើនឡើង​រហូតដល់ ២០​ដង​ឯណោះ​។​

​សិស្ស​តៃវ៉ាន់​ដែល​រៀន​ភាសា​វៀតណាម​បាន​អះអាងថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​រៀន​ភាសា​អាស៊ាន​ជាពិសេស​ភាសា​វៀតណាម ព្រោះ​វៀតណាម ចិន និង​តៃវ៉ាន់​សុទ្ធ​តែមាន​ប្រពៃណី និង​វប្បធម៌​ប្រហាក់ប្រហែលគ្នា​។ ម្យ៉ាង​បណ្តា​ប្រជាជន​តៃវ៉ាន់​ក៏​មើលឃើញ​ពី​ប្រយោជន៍​និង​សក្តានុពល​នៃ​ទីផ្សារ​វៀតណាម និង​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​។​

យោងតាម Channel News Asia សិស្ស​ម្នាក់​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​រៀន​ភាសា​វៀតណាម​ថា​៖« នៅ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​មាន​សាលា​តៃវ៉ាន់​ច្រើន​កំពុងដំណើរការ​។ ខ្ញុំ​ចង់​រៀន​ភាសា​វៀតណាម ហើយ​ខ្ញុំ​រំពឹង​អាច​ទទួលបាន​ការងារ​ជា​គ្រូបង្រៀន​ភាសា​នៅ​ទីនោះ​»​។

​តាំងពី​ពេលដែល​មេដឹកនាំ​អាស៊ាន​ព្រម​រួមគ្នា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​មួយ​រួមគ្នា​ពឹង​ផ្អែកលើ​ការផលិត មាន​លំ​ហួរ​ទំនិញ កម្លាំង​ពលកម្ម វិនិយោគ សេវាកម្ម​ជាដើម ដែល​នឹង​ចេញ​ជា​រូបរាង​ដើមឆ្នាំ ២០១៦ អាស៊ាន​ក្លាយជា​តំបន់​ដែល​ទាក់ទាញ​និង​ស្ថិតក្នុង​ចំណាប់អារម្មណ៍​ពិភពលោក​ទាំងមូល​។

​តាមពិតទៅ ប្រទេស​ចិន ជា​ទិសដៅ​លេខ​រៀង​ទី​១ សម្រាប់​អ្នកវិនិយោគ និង​ប្រជាជន​តៃវ៉ាន់ ប៉ុន្តែ​អាស៊ាន ចាប់ផ្តើម​ក្លាយជា​ទិសដៅ​ទាក់ទាញ​ប្រជាជន​និង​អ្នកវិនិយោគ​តៃវ៉ាន់​ខ្លាំង​ដែរ​។

​យ៉ាងណាមិញ ដោយសារ​បញ្ហា​មួយចំនួន​ដូចជា​អត្រា​ភាពក្រីក្រ និង​បញ្ហា​តម្លៃ​កម្លាំង​ពលកម្ម​នៅ​តំបន់​អាស៊ាន ទើបបានជា​អ្នកជំនួញ​តៃវ៉ាន់​ពិបាក​ចាក​ចេញពី​ប្រទេស​ចិន​ដើម្បី​ទៅ​បណ្តា​ទុន​រកស៊ី​នៅក្នុង​តំបន់​អាស៊ាន​។ តែ​ក្នុងពេលដែល​ប្រទេស​សមាជិក​អាស៊ាន​ចាប់ផ្តើម​បើក​ព្រំដែន​ស្វាគមន៍​សមាហរណកម្ម​សេដ្ឋកិច្ច ក្រុមហ៊ុន​តៃវ៉ាន់​ប្រហែលជា​អាចមាន​លទ្ធភាព​ចូលប្រឡូក​ក្នុង​ទីផ្សារ​អាស៊ាន​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​៕ 


Tag:
 ​តៃវ៉ាន់​
 ​ វៀតណាម​
  ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com