អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​តៃវ៉ាន់​ទាស់សម្ដី​គ្នា​រឿង​ទំនាក់ទំនង​ជាមួយ​ចិន​
28, Dec 2015 , 8:19 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​កោះ​តៃវ៉ាន់​បានបង្ហាញ​ពី​ជំហរ​មិនត្រូវ​គ្នា​ចំពោះ​គោលនយោបាយ​ជាមួយ​ចិន ខណៈ​បេក្ខជន​មកពី​បក្សប្រឆាំង​បាន​រិះគន់​បក្ស​កាន់អំណាច​ថា បាន​ទោរទន់​ខ្លាំង​ទៅលើ​ចិន ។ ប្រធានបទ​នៃ​ទំនាក់ទំនង​ជាមួយ​ចិន​បាន​គ្រប់​ដណ្ដប់​វេទិកា​ជជែក​វែកញែក​លើ​ក​ដំបូង​រវាង​បេក្ខជន​ប្រធានាធិបតី នៅមុន​ការបោះឆ្នោត​ខែមករា​ខាងមុខនេះ​។


​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​កោះ​តៃវ៉ាន់​បាន​ប៉ះទង្គិច​សម្ដី​គ្នា​លើ​បញ្ហា​ទំនាក់ទំនង​ជាមួយ​ចិន នៅ​ចំ​ពេលដែល​ទំនាក់ទំនង​ចិន​-​តៃវ៉ាន់ ហាក់​មាន​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ននេះ ។ ហើយ​ទំនាក់ទំនង​នេះ​ត្រូវបាន​បក្សប្រឆាំង​រិះគន់ថា ជា​សញ្ញា​បញ្ចូល​ឥទ្ធិពល​របស់​ចិន​មកលើ​កោះ​តៃវ៉ាន់​។

​ក្នុងពេល​ជជែក​ដេញដោល​តាម​ទូរទស្សន៍ លោកស្រី Tsai Ing-wen ជា​បេក្ខជន​មកពី​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែលជា​បក្សប្រឆាំង​បាន​ថ្លែង​រិះគន់​បក្ស​គួរ​មីន​តាំង (KMT) ដែល​កំពុងកាន់​អំណាច​ថា បាន​ពឹង​ផ្អែកលើ​ចិន​ខ្លាំងពេក ។ បេក្ខជន​ដែល​រំពឹងថា​នឹង​ឈ្នះ ឆ្នោត​នៅ​ខែមករា​រូបនេះ​និយាយថា​៖« យើង​ចាំបាច់​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងអស់ មិនមែន​ពឹង​តែ​ចិន​មួយ​នោះទេ​» ។ ជាមួយគ្នា​នោះ លោកស្រី​ក៏បាន​វាយប្រហារ​បក្ស​កាន់អំណាច​ដែល​បាន​ទុក​ជម្រើស​តែមួយ​ឲ្យ​ប្រជាជន​តៃវ៉ាន់​។

​យ៉ាងណាក៏ដោយ លោកស្រី Tsai Ing-wen ក៏បាន​បញ្ជាក់ដែរថា ប្រសិនបើ​លោកស្រី​ឈ្នះឆ្នោត​នោះ លោកស្រី​នឹងមិន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​ល្អក់កករ​នោះទេ ដោយ​លោកស្រី​និយាយថា អ្វីៗ​សុទ្ធតែ​អាច​និយាយ​គ្នា​បាន ។ ជាការ​ឆ្លើយតប បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​កាន់អំណាច លោក Eric Chu ក៏បាន​ថ្លែង​រិះគន់​បេក្ខជន​បក្សប្រឆាំង​ចំពោះ​នយោបាយ មិន​ច្បាស់លាស់​ជាមួយ​ចិន និង​បាន​ការពារ​គោលនយោបាយ​ខ្លួន​ជាមួយ​ចិន ។ លោក Chu បញ្ជាក់ថា ចិន​មិនមែនជា​ជម្រើស​តែមួយ​របស់​តៃវ៉ាន់​ទេ តែ​យើង​ក៏​មិនត្រូវ​ប្រឆាំង​រាល់​អ្វីដែល​ទាក់ទង​នឹង​ចិន​ដែរ​។​

​ចំណែក​បេក្ខជន​ទី​៣ លោក James Soong មកពី​បក្ស​ប្រជាជន​ទីមួយ ដែលមាន​គោលនយោបាយ​ល្អជា​មួយ​ចិន ហាក់​បង្ហាញ​ជំហរ​កណ្ដាល​ក្នុង​ការជជែក​ដេញដោល​នេះ ។ លោក​លើកឡើងថា ចិន​និង​តៃវ៉ាន់ គួរតែ​ស្វែងរក​ចំណុចរួម​ជាមួយគ្នា តែ​បាន​ទទូច​ឲ្យ​ចិន​គោរព​អធិបតេយ្យ​របស់​តៃវ៉ាន់​។ 

​គួរ​បញ្ជាក់ថា ភាពភ័យខ្លាច​នៃ​ការ​សាយភាយ​ឥទ្ធិពល​ចិន​ចូលមក​ទឹកដី​កោះ​តៃវ៉ាន់ មានការ​កើនឡើង​ខ្លាំង​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​ចប់​អាណត្តិ​លោក Ma Ying-jeou ជាពិសេស​នោះ គឺ​ក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​រូបលោក​និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង នៅ​សិង្ហ​បុរី​កាលពី​ខែវិច្ឆិកា ។ ហើយ​នេះ​គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​គណបក្ស​គួរ​មីន​តាំង​ធ្លាក់​ប្រជាប្រិយ ខណៈ​បក្សប្រឆាំង​ឆ្លៀតឱកាស​នោះ​វាយ​សំពង​បន្ថែម​លើ​គោលនយោបាយ​ទន់ភ្លន់​ជាមួយ​ចិន​ដែល​ប្រជាជន​តៃវ៉ាន់​ភាគច្រើន​មិនសូវ​សប្បាយចិត្ត​នោះទេ​៕ 


Tag:
 ​ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com