ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​គំរាម​សម្លាប់​សម្ដេច ហ៊ុន សែន តាម​ហ្វេ​ស​ប៊ុ​ក
08, Jan 2016 , 9:05 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ផែង វណ្ណៈ
រូបពីហ្វេសប៊ុកលោក ផែង វណ្ណៈ
សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី៦ មករា ដែល​បាន​គំរាម​សម្លាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក។


ស្នងការរង​ខេត្តកំពង់ធំ លោក ជូ សំអាន បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ ដែល​បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​កដោយ​ដាក់ឈ្មោះ​ក្លែងក្លាយ ខុសពី​ឈ្មោះ​ពិត​របស់ខ្លួន​ដើម្បី​ជេរប្រមាថ និង​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ជូ សំអាន បាន​បន្ថែមថា ក្រោយពី​សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​ចម្លើយ​រួចមក ជនសង្ស័យ​ម្នាក់​នោះ ពិតជា​បាន​សារភាពថា ខ្លួន​​បាន​ជេរប្រមាថ​ដល់​អាយុជីវិត​សម្ដេច ហ៊ុន សែន មែន។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅ​ព្រឹក​នេះ ស្នងការរង​ខេត្តកំពង់ធំ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«យើង​បាន​ចាប់ខ្លួន​នាំមក​សួរចម្លើយ ហើយ​ជនសង្ស័យ​នោះ​ពិតជា​បាន​សារភាព​ខ្លួន​បាន​សរសេរ​ជេរប្រមាថ​អាយុជីវិត​សម្ដេច​ហ៊ុន សែន មែន»។

លោក ជូ សំអាន អះអាងថា ការចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​មិនមាន​ការបង្គាប់បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​នោះទេ ពោលគឺ​សមត្ថកិច្ច​អនុវត្តតាម​នីតិវិធី​ខ្លួន ដើម្បី​ការពារ​ថ្នាក់ដឹកនាំ​ប្រទេស។ បើតាម​លោក ជូ សំអាន នៅពេលនេះ​សមត្ថកិច្ច​ខេត្តកំពង់ធំ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​នោះ មក​អគ្គស្នងការ​នគ​របាល​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​សាកសួរ​ចម្លើយ​បន្ថែមទៀត ។ លោក​ថា ក្រោយពី​សាកសួរ​រួច​សមត្ថកិច្ច នឹង​ឲ្យ​ជនសង្ស័យ​នោះ​ធ្វើលិខិត​សុំទោស​លោកនាយក​រដ្ឋមន្ត្រី ហើយនឹង​ដោះលែង​ឲ្យ​រូបគេ​មាន​សេរីភាព​ឡើងវិញ៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com