បទវិភាគ
សង្គមជាតិ
សម្ភារ​និយម​កំពុង​បំផ្លាញ​តម្លៃ និង​ភាព​សុខដុម​ក្នុងសង្គម​ខ្មែរ​
16, Jan 2016 , 8:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ សម្ភារ​និយម គឺជា​ជំនឿ​មួយ​ដែល​យល់ថា ប្រាក់​និង​ទ្រព្យសម្បត្តិ​គឺជា​របស់​ដ៏​មានតម្លៃ​បំផុត​នៅក្នុង​ជីវិត​។ ក្នុងសម័យ​សាកលភាវូបនីយកម្ម​នេះ ពិភពលោក​កំពុង​ប្រកួតប្រជែង​ស្ទើរ​គ្រប់​វិស័យ ដែល​ក្នុងនោះ​ការប្រកួតប្រជែង​ខាង​សម្ភារ ហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិ​ដទៃទៀត ក៏បាន​បង្ហាញឱ្យឃើញ​នូវ​សភាព​លេចធ្លោ​របស់ខ្លួន​ដែរ​។ ដោយឡែក នៅ​កម្ពុជា ក៏​មិន​ខុសគ្នា​ដែរ មាន​មនុស្ស​មួយចំនួន ហ៊ាន​ធ្វើ​អ្វីៗ​សព្វ​យ៉ាង​ទាំង​ល្អ ទាំង​អាក្រក់ ដើម្បី​តែ​លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ និង អំណាច​។ តើ​សម្ភារ គឺជា​របស់​តែមួយគត់​ដែល​អាច​ផ្ដល់​សុភមង្គល​និង​តម្លៃ​ពេញលេញ​ដល់​ជីវិត​មនុស្ស​ឬ​?
 
​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន ដោយសារតែ​ឥទ្ធិពល​នៃ​សម្ភារ​និយម បានធ្វើឱ្យ​មនុស្ស​មួយចំនួន ហ៊ាន​បោះបង់ចោល​នូវ​តម្លៃ​ប្រពៃណី សាសនា សីលធម៌ គុណធម៌ សេចក្ដី​ស្មោះត្រង់ សេចក្ដីស្រឡាញ់​ពិត ការគោរព មិត្តភាព ភាតរភាព និង តម្លៃ​ផ្សេងៗ​ទៀត ពីព្រោះ​តែ​លុយ សម្ភារៈ​ទំនើប ប្រណីតភាព ភាពទាន់សម័យ និង សេចក្ដីសុខ​ខាង​រាង​ផ្លូវកាយ​។     
 
​សារព័ត៌មាន​នានា​និង​ការសង្កេត​ជាក់ស្តែង បានបង្ហាញ​ពី​បាតុភូត​និង​តថភាព​សង្គម ដែល​លេចធ្លោ​មួយចំនួន​ពាក់ព័ន្ធ​នឹង​សម្ភារ​និយម​។ ក្នុង​នោះគេ​សង្កេតឃើញ មាន​នារី​ជា​សិស្សសាលា និស្សិត កម្មករ និង កូន​ជនក្រីក្រ​មួយចំនួន ហ៊ាន​លះបង់​ព្រហ្មចារី លះបង់​ខ្លួនប្រាណ ឬ លក់ខ្លួន ជា​ថ្នូរ​នឹង លុយ ទូរ​សព្ទ​ទំនើប អាយ​ផេ​ត ម៉ូតូ​ទំនើប ឡាន​ថ្មី​...​។ ក្នុង​ករណីខ្លះ បើទោះបីជា​បុរស​មាន​ប្រពន្ធ​ហើយក៏​ដោយ ឱ្យតែ​ជា​បុគ្គល​មាន​លុយ មាន​សម្ភារៈ​ទំនើប មានអំណាច ក៏​នារី​ទាំងនោះ​នៅតែ​ព្រម​ទាក់ទង ធ្វើជា​ដៃគូ ជា​សង្សារ ប្ដី​ចុង ឬ តា​ចិញ្ចឹម ដែរ​។ 
 
​លើសពីនេះ​ទៀត បើទោះបីជា​ពួកគេ ដឹងថា​មុខរបរ​មួយចំនួន ដូចជា ការងារ​ក្នុង​ក្លឹប​កំសាន្ត​, ខារ៉ាអូខេ​(Karaoke), ខេ​ធី​វី​(KTV)...​ងាយ​នឹង​ទទួលរង​គ្រោះ​ដោយ​ការបង្ខំ​ឱ្យ​រួមភេទ ឬ ការចាប់រំលោភ​សេ​ពស​ន្ទ​វៈ​ក៏ដោយ ក៏​គេ​សង្កេតឃើញ​មាន​នារី​ស្រស់ស្អាត​ជាច្រើន កំពុង​ពេញនិយម​នឹង​ការងារ​ទាំង​នោះដែរ ដោយសារតែ​វា​ជាការ​ងារ​មួយ​ដែល​ងាយ​រកលុយ​បាន​ច្រើន បើទោះបីជា​សង្គម​មិនឱ្យ​តម្លៃ​ក៏ដោយ​។ ដោយសារតែ​សកម្មភាព​នេះហើយ ទើប​នាំឱ្យ​មតិ​ខ្លះ​លើកឡើងថា នារី​ដែល​ប្រកបមុខរបរ​ងាយ​រង​គ្រោះ​ទាំងនោះ​ស្ទើរតែ​មិនរ​ខ្លាច​ការរិះគន់​របស់​ស​ង្គ​ម​ឡើយ និង មតិ​ខ្លះទៀត និយាយថា នារី​ស្អាតៗ​ដែលជា​កូន​កសិករ កូនអ្នកក្រ លែង​នៅ​លក់​ត្រកួន​ដូច​មុន​ទៀតហើយ ពួកគេ​ក៏បាន​ចូលប្រឡូក​ក្នុង​មុខរប​ស់ទាំង​នោះដែរ​។​
 
​ករណី​ផ្សេងទៀត​ដោយសារតែ​ការ​វក់វី​នឹង​សម្ភារ​និយម គេ​បានឃើញ​មនុស្ស​មួយចំនួន បាន​ប្រើ​អំណាច ល្បិច​បោកប្រាស់ និង វិធី​ផ្សេងៗ​ទៀត ដើម្បី​ដណ្ដើមយក​ដីធ្លី ទ្រព្យសម្បត្តិ លុយកាក់ ប្រាក់ចំណេញ ពី​អ្នកដទៃ តាមរយៈ ការ​លួច ការ​ប្លន់ ការបន្លំ ការលក់ដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការផលិត​ឬ​ការលក់ទំនិញ​ក្លែងក្លាយ ការលក់ទំនិញ​ខូចគុណភាព​ឬ​ទំនិញ​មាន​សារធាតុ​គីមី​លើស​កម្រិត​សុវត្ថិភាព ការប្រព្រឹត្តិ​អំពើពុករលួយ ការចាប់​ជំរិត​ទារប្រាក់ និង ការសម្លាប់​មនុស្ស ជាដើម​។​
 
​ករណី​ដែល​គួរឱ្យ​រន្ធត់​មួយទៀត​នោះ គឺ​មនុស្ស​មួយចំនួន ដោយសារតែ​ប្រាក់ សូម្បីតែ ឪពុក ម្ដាយ កូនបង្កើត សាច់ញាតិ ឬ មិត្តភក្ដិ ក៏​ហ៊ាន​ប្រើល្បិច​យកទៅលក់​ឱ្យ​ជនខិលខូច ដើម្បី​បម្រើសេវា​ផ្លូវភេទ ឬ ក្នុង​បំណង​ប្រើប្រាស់​ជា​កម្លាំង​ពលកម្ម​ដែរ ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ 
 
​ជារួម តាម​ការបង្ហាញ​ខាងលើ គេ​អា​ចស​ន្និ​ដ្ឋា​បាន​ថា ប្រជាជន​ខ្មែរ​មួយចំនួន​ក្នុងសម័យ​បច្ចុប្បន្ន បានជ្រើសរើស​យក​កត្តា​សម្ភារ​និយម​ជា​មូលដ្ឋាន​យ៉ាងសំខាន់​សម្រាប់​ជីវិត​របស់​ពួកគេ​។ មូលហេតុ​នេះហើយ​ដែល​ធ្វើឱ្យ​តម្លៃ​ប្រពៃណី សាសនា សីលធម៌ គុណធម៌ សេចក្ដី​ស្មោះត្រង់ សេចក្ដីស្រឡាញ់ ការគោរព មិត្តភាព ភាតរភាព និង តម្លៃ​ផ្សេងៗ​ទៀត​កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​គួ​ឱ្យ​ព្រួយបារម្ភ​បំផុត​។ 
 
​ឆ្លងតាម​ឥទ្ធិពល​របស់​សម្ភារ​និយម ការលើកកម្ពស់​សេចក្ដី​រីករាយ​ខាង​ផ្លូវកាយ និង ការធ្លាក់ចុះ​នូវ​សីលធម៌ គុណធម៌ និង សេចក្ដីស្រលាញ់​ពិត​នេះហើយ ដែល​ធ្វើឱ្យ​ទឹកចិត្ត​របស់​ប្រជាជន​ខ្មែរ​មួយចំនួន កាន់តែ​សាហាវ មិនសូវ​មានការ​អត់ឱ្យ មិនសូវមាន​ការអាណិតអាសូ​រ​ឡើយ​។ ជាក់ស្ដែង ក្នុង​រយៈពេល​ថ្មីៗ​នេះ ទាំង​ទំនាស់​ក្នុង​គ្រួសារ ទំនាស់​ក្នុង​ទំនាក់ទំនង​ស្នេហា ទំនាស់​ក្នុង​ការរកស៊ី ទំនាស់​ក្នុង​ការធ្វើ​ចរាចរណ៍ ទំនាស់​ក្នុង​ការតស៊ូ​មតិ និង រួមទាំង​ទំនាស់​ក្នុង​វិស័យ​នយោបាយ​ផងដែរ តិច​ឬ​ច្រើន ភាគី​ទំនាស់​សុទ្ធតែ​បាន​ប្រើ​អំពើហិង្សា​ជា​ដំណោះស្រាយ ដូចជា មានការ​សម្លាប់​ស្ទើរតែ​ផុត​ពូជ​ក្នុង​ទំនាស់​គ្រួសារ មានការ​សម្លាប់​អ្នកសារព័ត៌មាន ឃាតកម្ម​លើ​គូប្រជែង​ក្នុ​ពាណិជ្ជកម្ម និង ការបង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា ជាដើម​។
 
​លើសពីនេះ​ទៀត សូម្បីតែ​ការដោះស្រាយ​រឿងក្ដី​ក្នុង​តុលាការ​ឬ​ការដោះស្រាយ​វិវាទ​ផ្សែងៗ ការ​តម្លើង​ឋានន្តរស័ក្ដិ និង សូម្បីតែ​ការប្រជុំ​រដ្ឋបាល ឬ ការប្រជុំ​បច្ចេកទេស​ជំនាញ​ក៏ដោយ ក៏​គេ​ឱ្យ​តម្លៃ​តែ​លើ​មតិ​របស់​អ្នកមាន​ទ្រព្យ និង មាន​សម្ភារៈ​ទំនើប​ដែរ​។ ហេតុនេះហើយ ជាទូទៅ គេ​សង្កេតឃើញថា ឥទ្ធិពល​សម្ភារ​និយម បាន​លប់​លើ​អ្វីៗ​ស្ទើរតែ​ទាំងអស់ ដូចជា សេចក្ដីស្រលាញ់ សេចក្ដី​ស្មោះត្រង់ សីល​តម្លៃ តម្លៃ​ផ្សេងទៀត រួមទាំង ទិដ្ឋភាព​រដ្ឋបាល យុត្តិធម៌ សច្ចភាព ជំនាញ និង នយោបាយ ផងដែរ​។     
 
​តាមពិត សុភមង្គល​ពេញលេញ​របស់​មនុស្ស មិនមែន​អាស្រ័យ​តែ​លើក​ត្តា​សម្ភារៈ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ វា​ក៏​អាស្រ័យទៅលើ​កត្តា​ស្មារតី​ផងដែរ ដូចជា ផ្លូវចិត្ត ការយោគយល់ ការអត់ឱន ការជួយ​គ្នា​ទៅវិញទៅមក ការចែករម្លែក សេចក្ដីស្រលាញ់​ពិត សីលធម៌ គុណធម៌ និង តម្លៃ​ផ្សេងៗ​។ ក្នុងពេល​អនាគត ប្រសិនបើ​ឥទ្ធិពល​របស់​សម្ភារ​និយម និង ការលើកកម្ពស់​សេចក្ដី​រីករាយ​ខាង​ផ្លូវកាយ នៅតែ​បន្ត​កើនឡើង ហើយ​តម្លៃ​សីលធម៌ គុណធម៌ និង សេចក្ដីស្រលាញ់​ពិត នៅតែ​បន្តរ​ធ្លាក់ចុះ នោះ​វា​នាំឱ្យ​សន្តិសុខ សណ្ដាប់ធ្នាប់ សុភមង្គល និង សុខដុមរមនា រួមទាំង សច្ចភាព សមភាព និង យុត្តិធម៌ មិនអាច​កើតឡើង​បានឡើយ​ក្នុងសង្គម​ខ្មែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com