ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជា​ផ្លូវការ
17, Jan 2016 , 2:21 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ជា​ផ្លូវការ​ហើយ។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី១៥ មករា ឆ្នាំ២០១៦ ។



លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។ យោងតាម​សេចក្តីសម្រេច​ដែល​ចុះ​ថ្ងៃទី១៥ មករា ឆ្នាំ២០១៦ អគ្គ​ស្នងការរង​នគរបាលជាតិ លោក ហ៊ូ សា​គុណ ជា​អនុប្រធាន។ ក្នុងនោះ មាន​តំណាង​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​អភិបាល​ជាប់​តាម​ព្រំដែន៦ ជា​សមាជិក ក្នុងនោះ​មាន​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។

ការបង្កើត​គណៈកម្មកា​រ​នេះ​ធ្វើឡើង​ក្រោយពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី១៥ មករា កន្លងទៅ។ ក្នុងនោះ​សម្តេច ក៏បាន​ប្រគល់​ឧ​ទ្ធ​ម្ភា​ចក្រ ២គ្រឿង សម្រាប់​ប្រតិបត្តិការ​នេះ​ផងដែរ។  ឧ​ទ្ធ​ម្ភា​ចក្រ​ទាំងពីរ​គ្រឿង​ក៏​នឹងត្រូវ​បំពាក់​ដោយ​អាវុធ​សម្រាប់​ប្រតិបត្តិការ​ផង។

ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះដែរ ក្រសួងបរិស្ថាន​តាមរ​យៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន បានប្រកាស​ចាត់​វិធាន​ក្តៅ​រាល់​ក្រុមហ៊ុន ដែល​ទទួល​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច។ ក្រសួង​ព្រមាន​ថា ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​មុខ​ច្បាប់ រាល់​បទល្មើស​ធនធាន​ធម្មជាតិ ដែល​កើតឡើង​ក្នុង​ទីតាំង​វិនិយោគ​របស់ខ្លួន។ ក្រសួងបរិស្ថាន សុំ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ត្រូវគោរព​គោលការណ៍ និង​ច្បាប់​វិនិយោគ ក៏ដូចជា​ការពារ និង​សហការ​នឹង​មន្ត្រី​ឧទ្យាន​អនុរក្ស​របស់​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច ក្នុងករណី​មាន​បទល្មើស​ព្រៃឈើ​កើតឡើង។

ក្រសួងបរិស្ថាន​នឹង​តាមដាន និង​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ រាល់​ការអនុវត្ត​គម្រោង​វិនិយោគ​នានា ដើម្បី​ទប់ស្កាត់​ការ​ឈូសឆាយ ការប្រមូល និង​ការកែច្នៃ​ផល អនុផល​ព្រៃឈើ និង​ព្រមាន​ចាត់វិធានការ​ឲ្យ​តឹងរឹង​បំផុត។ នេះ​ជា​ខ្លឹមសារ​បន្ថែម ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី ១៥ មករា។

សាធារណជន និង​សង្គម​ស៊ីវិល កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ថ្មី​នេះ។ ពួកគេ​នៅចាំ​មើល ថា​តើ​គណៈកម្មការ​ថ្មី​នេះ អាច​ស្រោង​ស្រង់​ព្រៃឈើ​ដែល​នៅ​សេសសល់​បាន​កម្រិតណា ខណៈដែល​នេះ​មិនមែនជា​លើកទីមួយ ដែល​រដ្ឋាភិបាល​បញ្ចេញ​កណ្តាប់ដៃ​ដែក​របស់ខ្លួន ដើម្បី​ការពារ​ព្រៃឈើ​នោះ៕




Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com