អន្តរជាតិ
ក្រុង​ប៉េកាំង​ចាប់ផ្ដើម​វាយប្រហារ​លើ​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់​
29, May 2016 , 8:39 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីថ្មី​របស់កោះតៃវ៉ាន់
លោកស្រី Tsai Ing-wen ប្រធានាធិបតីថ្មី​របស់កោះតៃវ៉ាន់
​មិនបាន​ប៉ុន្មាន​ក្រោយ​ការ​ការ​កាន់តំណែង​រប​ស់លោក​ស្រី Tsai Ing-wen ក្រុង​ប៉េកាំង​បានចាប់ផ្ដើម​វាយប្រហារ​លើ​ប្រធានាធិបតី​ស្ត្រី​រូបនេះ​ទៅហើយ​។ ក្រុង​ប៉េកាំង​បាន​វាយប្រហារ​លើ​បញ្ហា​ផ្ទាល់ខ្លួន​របស់លោក​ស្រី Tsai ជាពិសេស​លើ​បញ្ហា​គ្រួសារ​របស់លោក​ស្រី ដោយសារ​លោកស្រី​នៅ​លីវ​។​


​តាមរយៈ​សារព័ត៌មាន​រដ្ឋ​ចិន មន្ត្រី​ចិន​បាន​ផ្ដើម​ការរិះគន់​លើ​ប្រធានាធិបតី​ស្ត្រី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែល​ទើបតែ​ស្បថ​ចូលកាន់​តំណែង​។ មន្ត្រី​ទាំងនោះ​ចាត់ទុក​លោកស្រី Tsai ជា​មនុស្ស​ប្រើ​អារម្មណ៍​ច្រើន និង​ពឹង​ផ្អែកលើ​ចំណាត់​ដែល​ខ្លាំង​ហួសហេតុ ព្រោះ​លោកស្រី​មិនទាន់​រៀបការ​នោះទេ​។

​ក្នុង​សំណេរ​ដែល​ចេញផ្សាយ​លើ International Herald Leader នៅ​ថ្ងៃទី​២៣ ខែឧសភា លោក Wang Weixing សមាជិកសមាគម​ទំនាក់ទំនង​ច្រក​សមុទ្រ​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា​៖«​ជា​អ្នកនយោបាយ​ស្ត្រី​ដែល​នៅ​លីវ លោកស្រី Tsai មិនមាន​អារម្មណ៍​ស្រលាញ់​លើ​គ្រួសារ កូនចៅ​អ្វី​ទេ ហើយ​យុទ្ធសាស្ត្រ​នយោបាយ​លោកស្រី​នឹង​ផ្ដោតលើ​អារម្មណ៍ បុគ្គលភាព និង​ភាព​ដាច់​ណាត់​»​។

​ក្រៅពី​សរសេរ​វាយប្រហារ​បុគ្គលភាព​លោកស្រី Tsai លោក Wang ក៏​ចោទប្រកាន់​របស់​ប្រធានាធិបតី​ស្ត្រី​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កងកម្លាំង​ជប៉ុន​ក្នុងពេល​សង្គ្រាមលោកលើកទី​ពីរ​។ បើតាម​កាសែត South China Morning Post លោក Wang និយាយថា ប្រវត្តិ​អតីតកាល​និង​ការយល់ឃើញ​ចំពោះ​អាណានិគម​ជប៉ុន​របស់​គ្រូ​សារ​លោកស្រី​Tsai គឺ​ខុសគ្នា​ពី​អារម្មណ៍​ប្រជាជន​ទាំងពីរ​ខាង ដែល​ស្អប់​និង​ងើបឡើង​ប្រឆាំងនឹង​ជប៉ុន​។ 

​លើសពីនេះ លោក Wang បាន​បន្ត​វាយប្រហារ​លោកស្រី​Tsai អះអាងថា លោកស្រី​ជាម​នុស្ស​ដែល​គ្មាន​ទំនុកចិត្ត ព្រោះ​លោកស្រី​ធំធាត់​ក្នុង​គ្រួសារ​ដែល​ឪពុក​មាន​ប្រពន្ធចុង​។ លោក​ក៏បាន​ព្រមាន​អ្នកនយោបាយ ឲ្យ​ប្រុងប្រយ័ត្ន​នឹង​លោកស្រី​Tsai ដោយ​លោក​និយាយថា ប្រធានាធិបតី​ស្ត្រី​តៃវ៉ាន់​រូបនេះ​នឹង​ងាក​ទៅរក​ឯករាជ្យ ដោយ​ប្រើ​វិធី​ទុ​ច្ច​រឹត ដែល​នោះ​នឹង​នាំ​ឲ្យ​ក្រុង​ប៉េកាំង​ធ្វើ​សកម្មភាព​ឆ្លើយតប​មិន​ខាន​។​

​សូម​រម្លឹក​ដែរ​ថា ក្រុង​ប៉េកាំង​មិនសូវ​ជា​សប្បាយ​ចិត្តនឹង​ការឡើង​កាន់អំណាច​រប​ស់លោក​ស្រី Tsai Ing-wen នោះទេ​។ ជាពិសេស​ទៅទៀត​នោះ លោកស្រី​មិនបាន​ប្រើពាក្យ «​ព្រមព្រៀង​» ទេ នៅពេលដែល​លោកស្រី​និយាយ​ដល់ «​ការព្រមព្រៀង​ឆ្នាំ​១៩៩២» ដែល​រឿងនេះ​ធ្វើ​ឲ្យ​ប៉េកាំង​កាន់តែ​មិន​សប្បាយចិត្ត និង​គំរាម​ផ្ដាច់​ការចរចា​ទៀតផង​។​

«​ការព្រមព្រៀង​ឆ្នាំ​១៩៩២» សំដៅ​ដល់​ជំនួប​ឆ្នាំ​១៩៩២ រវាង​មន្ត្រី​ថ្នាក់កណ្ដាល​តំណាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (​ចិនដីគោក​) និង​សាធារណរដ្ឋ​ចិន (​តៃវ៉ាន់​) ដែល​ជំនួប​នោះ​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង ដែល​ទទួលស្គាល់​នយោបាយ «​ចិន​តែមួយ​»​។ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោក​ស្រី Tsai Ing-wen បាន​បដិសេធថា មិនដែល​មានការ​ព្រម​ព្រៀង​គ្នា​បែបនេះ​ទេ​៕      


Tag:
 ​ចិន​
  ​តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com