អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី យី​ង​ឡាក់ នៅតែ​មិនអាច​ចេញ​ក្រៅប្រទេស​បាន ទោះបី​របប​សឹក ដក​បម្រាម​ក៏ដោយ
30, May 2016 , 5:30 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​របប​សឹក​ថៃ សម្រេច​ដក​បម្រាម​នៃ​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​លើ​អ្នកនយោបាយ និង ក្រុម​សកម្មជន​មួយចំនួន​ដើម្បី​បង្ហាញ​ពី​លក្ខណៈ​ល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​។ តែ​បម្រាម​នោះ នៅតែ​បន្ត​អនុវត្ត​ទៅលើ​ជន​ទាំងឡាយ​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ការចោទប្រកាន់​ដែល រួមបញ្ចូល​ទាំង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា​។​


​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ថៃ ដែលមាន​នាយករដ្ឋមន្ត្រី​លោក ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​ជា​ប្រធាន នៅ​ថ្ងៃទី​២៩ ខែឧសភា ម្សិលមិញ បាន​ព្រមព្រៀង​ក្នុងការ​ដកចេញ​នូវ​ការហាមឃាត់​ការធ្វើដំណើរទៅ​ក្រៅប្រទេស​លើ​ក្រុម​អ្នកនយោបាយ និង​សកម្មជន លើកលែងតែ​អ្នក​ដែល​កំពុង​ជាប់ពិរុទ្ធ និង ត្រូវបាន​ហាមឃាត់​ដោយ​តុលាការ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Nation​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ឧ​ត្ត​ម​សេនីយ៍ Sansern Kaewkamnerd បាន​អះអាងថា ក្រុម​ប្រឹក្សាជាតិ ដើម្បី​សន្តិភាព និង​សណ្តាប់ នឹង​ប្រកាស​បទបញ្ជា​ថ្មី​នៅ​ថ្ងៃទី​០១​ខែមិថុនា​ខាងមុខនេះ ។ លោក បញ្ជាក់ ថា បទបញ្ជា​ថ្មី នឹង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​នៅក្នុង​ប្រទេស​កាន់​តែ​ល្អប្រសើរ ជាពិសេស សង្គម នឹង​កាន់តែ ដឹង​ច្បាស់​ថា​រដ្ឋាភិបាល​ពិតជា​យល់ដឹង​ពី​បញ្ហា​របស់​ប្រទេស និង​មានការ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ស្តាប់​ការរិះគន់​។ 
 
​យ៉ាងណាក៏ដោយ​ជុំវិញ​ការប្រមូលផ្តុំ​របស់​បក្ស​នយោបាយ អ្នកនាំពាក្យ​រូបនោះ បាន​អះអាងថា វា នឹង​នៅតែ​បន្ត​អនុវត្ត​ដដែល ដ្បិត ក្រុមប្រឹក្សា​យល់ឃើញថា វា មិនទាន់​ដល់ពេល ពោលគឺ ស្ថានភាព​មិនទាន់​សក្តិ​សម​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅតែ​មិន អាច​ទទួលបាន​ផលប្រយោជន៍​ពីបទ​បញ្ជា​ថ្មី​នេះ​នោះទេ ដ្បិត​លោកស្រី កំពុងតែ​ជាប់​ពីបទ​ចោទ​របស់ តុលាការ ពោលគឺ លោកស្រី នៅតែ​មិនអាច​ចេញដំណើរ​ក្រៅប្រទេស​បាន​នោះទេ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា ដែល​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ព្រឹត្តិការណ៍​នោះ បានប្រកាស ដាក់​បម្រាម​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ និង​ហាមឃាត់​មិន​ឲ្យ​អ្នកនយោបាយ​ជាពិសេស​លោកស្រី យី​ង ឡាក់ អាច​ក្រៅប្រទេស​បាន​។ ក្តីបារម្ភ​របស់​របប​សឹក​ចំពោះ​ដំណើរ​ក្រៅប្រទេស​របស់​នាយករ​ដ្ឋ​មន្ត្រី ស្រី​ដំបូង​ថៃ​លោកស្រី យី​ង​ឡាក់ នោះ​គឺ លោកស្រី នឹង​លើក​បញ្ហា​សិទ្ធិមនុស្ស និង​ស្ថានភាព​របស់​ថៃ​ទៅកាន់​សហគមន៍​អន្តរជាតិ​។​
 
​ជុំវិញ​ករណី​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ដែរ ក្រៅពី​ត្រូវបាន​សភា​ហាម​ពី​កិច្ចការ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយ​ធ្លាប់​តំណែង​ដោយសារ​ប្រហារ​យោធា​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤ លោកស្រី ក៏​ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពី​ការធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​ជាតិ​ក្នុង​ស្ថាប័ន​អង្ករ​ជាតិ​ថៃ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ បទ​ចោទ​នេះដែរ ធ្វើ​ឲ្យ​លោកស្រី ត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​យ៉ាងតិច​១០​ឆ្នាំ និង សំណង​រដ្ឋប្បវេណី​ជាច្រើន​លាន​បាត​ផងដែរ​៕

Tag:
 របប​សឹក​ថៃ
  ថៃ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com