អន្តរជាតិ
ពលរដ្ឋ ឆាត ស្គាល់​យុត្តិធម៌ ពេល​មេដឹកនាំ​ផ្តាច់ការ Hissene Habre ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​
31, May 2016 , 9:39 pm        
រូបភាព
អតីត​មេដឹកនាំ​យោធា​ប្រទេស​ឆាត Hissene Habre ត្រូវ​តុលាការ​សេណា​ហ្កា​ល់​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ក្រោម​បទចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ ប្រជាជន​ឆាត​បាន​ប្រឹងប្រែង​តស៊ូរ​អស់​រយៈពេល​ជិត ២០​ឆ្នាំ​ទម្រាំ​ទទួលបាន​យុត្តិធម៌​មួយ​នេះ ពោលគឺ​ក្រោយ​មេដឹកនាំ​រូបនេះ​ត្រូវគេ​ទម្លាក់​ពី​តំណែង​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៩០​។
 

​ចុងក្រោយ​ប្រជាជន​ឆាត​បានទទួល​យុត្តិធម៌​ពេញលេញ​ហើយ ក្រោយ​ពេលដែល​តុលាការ​ពិសេស​អាហ្វ្រិក​ដែល​ស្ថិតនៅ​ប្រទេស​សេ​ណេ​ហ្កា​ល់​បាន​កាត់ក្តី​មេដឹកនាំ​យោធា​ផ្តាច់ការ​ឆាត​លោក Hissene Habre ដែលមាន​វ័យ ៧២​ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ក្រោម​បទ​ប្រកាន់​ថា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ធ្វើ​ទារុណកម្ម និង​បង្កើត​ទាសករ​ផ្លូវភេទ​។ 

​ប៉ុន្តែ​ជន​ផ្តាច់ការ​ម្នាក់នេះ​មិន​ត្រូវបាន​កាត់ទោស​នៅ​ប្រទេស​កំណើត​របស់លោក​ទេ ព្រោះតែ​លោក​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មក​លាក់ខ្លួន​នៅ​សេ​ណេ​ហ្កា​ល់​ចាប់តាំងពី​ឆ្នាំ ១៩៩០ នៅពេល​ដែលមាន​រដ្ឋប្រហា​រ​ទម្លាក់​លោក​ពី​តំណែង​។ ហើយ​តុលាការ​វិ​សាម​ញ្ញា​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សហភាព​អាហ្វ្រិក​ដើម្បី​កាត់ទោស​ជននេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ម្សិលមិញ​នេះ លោក Gberdao Gustave Kam ប្រធាន​តុលាការ​នេះ​បានសម្រេច​ថា​៖« Hissene Habre តុលាការ​បាន​រកឃើញ​ថា​អ្នក​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ មាន​រំលោភ បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ទាសករ និង​ចាប់ជំរិត ក៏ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​។ តុលាការ​សម្រេច​កាត់ទោស​ឲ្យ​អ្នក​ជាប់ទោស​មួយជីវិត​»​។​

​ក្រោយ​ប្រកាស​សាលក្រម​កាត់ទោស​ជន​ផ្តាច់ការ​នេះហើយ តុលាការ​ក៏​ផ្តល់​ពេលវេលា​ឲ្យ​Hissene Habre ចំនួន ១៥​ថ្ងៃ​ដើម្បី​តវ៉ា​ប្រឆាំង​ការកាត់ទោស​នេះ​។ ក្រោយ​លឺ​ការប្រកាស​សាលក្រម​ភ្លាម​ជន​ម្នាក់នេះ​បាន​លើកដៃ​ឡើងលើ ហើយ​ស្រែកថា​៖ « បារាំង​នៅតែមាន​ឥទ្ធិពល​លើ​អតីត​ដែន​អាណានិគម​នៅ​អាហ្វ្រិក​»​។

​យ៉ាងណាក៏ដោយ​នេះ​ជា​ក្តីសង្ឃឹម​និង​យុត្តិធម៌​មួយ​សម្រាប់​ប្រជាជន​ឆាត​ដែល​ស្វែងរក​យុត្តិធម៌​អស់​១៦​ឆ្នាំ​មកហើយ​នោះ​។ ពួកគេ​សប្បាយរីករាយ​ដែល​ឧក្រិដ្ឋជន​ម្នាក់នេះ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​បែបនេះ​។

​មេធាវី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Reed Brody ដែល​បាន​ចំណាយពេល​វេលា​អស់​១៥​ឆ្នាំ ដើម្បី​ធ្វើការ​ជាមួយ​ជនរងគ្រោះ​ដើម្បី​ជំរុញ​ឲ្យ​មានការ​កាត់ទោស Hissene Habre បាន​អះអាងថា នេះ​ជា​រឿង​ជោគជ័យ​សំខាន់​មួយ​ដែល​អាច​ជំរុញ​ឲ្យ​ជនរងគ្រោះ​ផ្សេងទៀត​ដាក់ពាក្យ​បណ្តឹង​និង​នាំ​ឧក្រិដ្ឋជន​ទាំងនោះ​ទៅ​កាត់ទោស​ផង​។​

​សូមបញ្ជាក់ថា Habre បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​សេ​ណេ​ហ្កា​ល់​នៅក្នុង​ឆ្នាំ ១៩៩០ ក្រោយពេល​ដែលមាន​រដ្ឋ​ប្រហារ​មួយ​ទម្លាក់​លោក​ពី​តំណែង​។ ចាប់តាំងពី​ពេលនេះ​មក​លោក​លាក់ខ្លួន​នៅ​សេ​ណេ​ហ្កា​ល់អ​ស់ ២២​ឆ្នាំ ហើយ​ក្នុង​ខែកក្កដា​ឆ្នាំ ២០១៣ លោក​ត្រូវបាន​អាជ្ញាធរ​សេ​ណេ​ហ្កា​ល់​ចាប់ខ្លួន​។ ពោលគឺ​ត្រឹម ៧២ ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែងថា​លោក​គាំទ្រ​ការកាត់ទោស​ឧក្រិដ្ឋជន​នេះ ក្នុងពេល​លោក​ទស្សនកិច្ច​ប្រទេស​សេ​ណេ​ហ្កា​ល់​។ កាលនោះ​ក្រុម​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់ Habre ថា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ប្រជាជន ៤​ម៉ឺន​នាក់​ក្នុងពេល​លោក​កាន់កាប់​ប្រទេស​ឆាត​ពី​ឆ្នាំ ១៩៨២​ដល់​ឆ្នាំ ១៩៩០ ៕

Tag:
 ឆាត​
  សេ​ណេ​ហ្កា​ល់​
  Hissene Habre
© រក្សាសិទ្ធិដោយ thmeythmey.com