អន្តរជាតិ
រុស្ស៊ី​មិន​ចោល​កោះ​គូ​រី​ល​ដើម្បី​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ជប៉ុន​
01, Jun 2016 , 8:19 pm        
រូបភាព
បញ្ហា​ជម្លោះ​កោះ​គូ​រី​ល (Kurils) រវាង​ជប៉ុន​និង​រុស្ស៊ី​ចាប់ផ្តើម​ក្តៅ សារជាថ្មី​ក្រោយពេល​រុស្ស៊ី​បញ្ចេញ​គម្រោង​សិក្សា​ពី​លទ្ធភាព​នៃ​ការបើក​មូលដ្ឋានទ័ព​សារជាថ្មី និង​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ទៅលើ​កោះ​ជម្លោះ​នេះ​ផង​។ ហើយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ក៏បាន​ប្រកាស​ជាថ្មី​ក្នុង​សប្តាហ៍​នេះ​ផងដែរ​ថា រុស្ស៊ី​នឹងមិន​បោះបង់​កោះ​ជម្លោះ​ឲ្យ​ជប៉ុន​ឡើយ ព្រោះ​លទ្ធផល​សង្គ្រាមលោកលើកទី​២ បានកំណត់​ជាក់ច្បាស់​ហើយពី​ភាព​ម្ចាស់​នៃ​កោះ​នេះ​។  នេះ​ក៏​បង្ហាញថា ជំនួប​មិន​ផ្លូវការ​រវាង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ស៊ីន​ហ្សូ​អា​បេ ដើមខែ​ឧសភា នោះ​មិនមាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ឡើយ​។
  


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ថ្លែង បញ្ជាក់​ជាថ្មី​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​កោះ​គូ​រី​ល​ជាមួយ​ជប៉ុន​ថា រុស្ស៊ី​មិន​បោះបង់​កោះ​នេះ​ចោល ដើម្បី​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ជប៉ុន​ឡើយ​។ មន្ត្រីការទូត​ជាន់ខ្ពស់​រុស្ស៊ី​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​គេហទំព័រ​ព័ត៌មាន Komsomolskaya Pravda ថ្ងៃ​អង្គារ​ទី ៣១ ឧសភា​ម្សិលមិញ​។​

​តាម​សម្តី​រដ្ឋមន្ត្រី​រុស្ស៊ី​នេះ  រុស្ស៊ី​នៅ​រក្សា​ជំហរ​របស់ខ្លួន​រឹងត្អឹង​ដោយ​មិន​បោះបង់​រាល់​សិទ្ធិ​កាន់កាប់​លើ​កោះ​ជម្លោះ​នេះ ហើយក៏​មិនមាន​ចេតនា​ចរចា​ជាមួយ​ជប៉ុន​ដើម្បី​លះបង់​កោះ​ខ្លះ​ដែរ ព្រោះ​រុស្ស៊ី​មាន​សិទ្ធិ​កាន់កាប់​កោះ​នេះ​ដោយ​ស្របច្បាប់​។

១. សង្គ្រាមលោកលើកទីពីរ​កំណត់​សិទ្ធិ​កាន់កាប់​កោះ​គូ​រី​ល​
​តាមពិតទៅ រដ្ឋ​ម​ន្រី្ត​ការបរទេស​រុស្ស៊ី​និយាយ​ដោយ​សម្អាង​លើ​ហេតុផល​ប្រ​វ​តិ្ត​សាស្ត្រ​និង​ការកាន់កាប់​ជាក់ស្តែង​កន្លងមក ហើយ​លទ្ធផល​សង្គ្រាមលោក​លើក​ទី​២ ដែល​ជប៉ុន​ចាញ់​សង្គ្រាម​នោះ​ក៏​កំណត់​ច្បាស់​ពី​សិទ្ធិ​កាន់កាប់​កោះ​នេះដែរ​។

 ដូច្នេះ​សូម​និយាយ​ពី​ដំណើរ​ដើមទង​នៃ​ជម្លោះ​ដែន​កោះ​នេះ​បន្តិច​ចុះ​។ ជម្លោះ​វា​កើតឡើង​អស់​រយៈពេល​ជា​យូរ​មកហើយ​ពោលគឺ​ចាប់តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ  ហើយ​មកទល់ពេលនេះ​រុស្ស៊ី​បាន​កាន់កាប់ ពាក់កណ្តាល​នៃ​កោះ Sakhalin និង​ប្រជុំ​កោះ Kuril ផងដែរ​។ ជម្លោះ​ដែន​កោះ​នៃ​ប្រទេស​ទាំងពីរ​កើតឡើង​ដោយសារ​ការដណ្តើម​កោះ​ចំនួន​បួន​រួមមាន Kunashiri, Etorofu, Shikotan  និង Habomai ហើយ​ជម្លោះ​នេះ​កើតឡើង​តាំងពី​ឆ្នាំ ១៩៥៦ រហូតដល់​បច្ចុប្បន្ននេះ ដោយ​ជប៉ុន​បានទាមទារ​យក​កោះ​ទាំង​បួន​ខាងលើ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​។  តាមពិតទៅ​សិទ្ធ​កាន់កាប់​ប្រជុំ​កោះ​ទាំង​បួន​នោះ​ត្រូវ បានប្រគល់​ទៅ​ឲ្យ​ជប៉ុន​តាំងពី​ឆ្នាំ ១៨៥៥  ហើយ​រុស្ស៊ី​ទទួលបាន​នូវ​សិទ្ធិ​កាន់កាប់​លើ​កោះ​ទាំងអស់​ដែល​ស្ថិតនៅ​ភាគ​ខាងជើង  តាម​សន្ធិសញ្ញា Shimoda ដែលជា​សន្ធិសញ្ញា​មិត្តភាព​បង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ជប៉ុន និង​រុស្ស៊ី​។

​ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២ ពេល​ជប៉ុន​ចាញ់​សង្គ្រាម នៅ​ឆ្នាំ ១៩៤៩ រុស្ស៊ី​បាន​ដណ្តើម​កាន់កាប់​កោះ​ដែល​ជប៉ុន​កាន់កាប់ ដែល​នេះ​ជា​សម្អាង​មួយ​ថា​ខ្លួន​បាន​កាប់​កាន់​ជាក់ស្តែង​។  តែ ២​ឆ្នាំ​ក្រោយមក កិច្ចព្រមព្រៀង​សន្តិភាព San Francisco ត្រូវបាន​គេ​បង្កើតឡើង ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ជប៉ុន និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដោយ​ជប៉ុន​សម្រេច​បោះបង់​សិទ្ធិ​ទាមទារ​កាន់កាប់​លើ​កោះ គូ​រី​ល ។ តែ​យ៉ាងណា​សូ​វៀត​មិនបាន​ចូលរួម​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះឡើយ​។ ដូច្នេះហើយ​ទើប​ជប៉ុន​នៅ​រក្សា​អះអាងថា​កោះ​ទាំង​បួន នៅតែ​ស្ថិតក្នុង​អធិបតេយ្យភាព​របស់ខ្លួន​ដដែល​។

​ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៥៦ សូ​វៀត និង​ជប៉ុន​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដើម្បី​ស្តារឡើងវិញ​ទំនាក់ទំនង​ឡើងវិញ ដោយ​សូ​វៀត​យល់ព្រម​បោះបង់​កោះ​ពីរ គឺ​កោះ Shikotan និង​កោះ Habomai ទៅអោយ​ជប៉ុន​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ជា​ផ្លូវការ​រួមគ្នា​។ តែ​យ៉ាងណា​រដ្ឋាភិបាល​ជប៉ុន​នៅតែ​បដិសេធ​ដោយ​រក្សា​សិទ្ធិ​ទាមទារ​កោះ​ទាំង​បួន ហើយ​ជា​លទ្ធផល​គ្មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវបាន​ចុះ​ដោយ​ភាគី​ទាំងពីរ​ឡើយ​ចាប់តាំងពី​ពេលនោះ​មក​។ មកទល់ពេលនេះ ជប៉ុន​អះអាងថា បើ​យោងតាម​ច្បាប់​អន្តរជាតិ កោះ​ទាំង​បួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រជុំ​កោះ​គូ​រី​ល គឺជា​កោះ​ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​ជប៉ុន​។ ហើយ​ដោយសារតែ​សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​ប្រេង ឧស្ម័ន និង​ធនធាន​សមុទ្រ​ផ្សេង​ទៀតផង ទើបបានជា​គូភាគី​បន្ត​ទាមទារ​យក​រៀងៗ​ខ្លួន​។  ប៉ុន្តែ​រុស្ស៊ី​ចាប់ផ្តើម​ពង្រឹង​ទំនើបកម្ម​យោធា​នៅលើ​កោះ​ដើម្បី​ពង្រឹង​សិទ្ធិ​កាន់កាប់​របស់ខ្លួន​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ 
 
២. ជំនួប​មេដឹកនាំ​ទាំងពីរ​មិនមាន​ផ្លែផ្កា តែ​រុស្ស៊ី​ធ្វើ​យោ​ធូប​នីយកម្ម​កោះ​ជម្លោះ​
​ត្រលប់​មកវិញ​ថ្វីបើ​ជម្លោះ​នេះ​ស្មុគស្មាញ ហើយ​រុស្ស៊ី​មិន​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​កោះ​របស់​ជប៉ុន​ក៏ដោយ  រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បន្ត​ស្វែងរក​ឱកាស​ពិភាក្សាគ្នា​ដើម្បី​កំណត់​ដំណោះស្រាយ​មួយ​កន្លងមក​ដែរ​។ កាល​ដើមខែ​ឧសភា​កន្លងទៅ​លោក ស៊ី​ហ្សូ​អា​បេ បាន​ស្កាត់​មកជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដល់ទី​ក្រុង Sochi ដើម្បី​ជជែក​រឿង​ជម្លោះ​និង​ទំនាក់ទំនង​ទ្វេភាគី តែ​គួរ​ឲ្យ​សោកស្តាយ មិនមាន​ដំណោះស្រាយ​អ្វី​ថ្មី​ត្រូវបាន​ភាគី​កំណត់​ចេញ​ឡើយ​។​

​សម្រាប់​រុស្ស៊ី​ការបោះបង់​កោះ​ឲ្យ​ជប៉ុន​នោះ​គឺជា​រឿង​មិនអាច​ទៅរួច តែ​រុស្ស៊ី​ធ្លាប់​ស្នើ​ឲ្យ​ជប៉ុន​សម្រួល​ឲ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រជាជន​ជប៉ុន​ជាមួយ​ប្រជាជន​រុស្ស៊ី​ដែល​នៅលើ​កោះ​រុស្ស៊ី​កាន់កាប់​នោះ​ផង​។ ហើយ​រុស្ស៊ី​ក៏​ធ្លាប់​ស្នើ​បង្កើត​តំបន់​ពាណិជ្ជកម្ម​រួមគ្នា​ដោយ​ទុក​ជម្លោះ​មួយ​ឡែក​ផងដែរ​។​

​ប៉ុន្តែ ក្រៅពី​បដិសេធ​ទទួលយក​កោះ​ចំនួន​ពីរ​ដែល​រុស្ស៊ី​ផ្តល់​ឲ្យ  ជប៉ុន​ក៏ដូចជា​មិនមាន​ឆន្ទៈ​ចង់​បង្កើត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម រួមជាមួយ​រុស្ស៊ី​ដែរ​។ អ្វីដែល​ជប៉ុន​ចង់បាន​នោះ​គឺ​កោះ​ទាំង​បួន​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទោះជា​មាន​ជំនួប​ពិភាក្សា​ក៏ដោយ គ្មាន​ការវិវត្ត​វិជ្ជមាន​ដែរ​។​

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិនសូវ​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​ជម្លោះ​ឡើយ​។ រុស្ស៊ី​មាន​គោលនយោបាយ​កសាង​កម្លាំង​ទ័ព​លើ​កោះ​គូ​រី​ល និង​កំពុង​ពិចារណា​ដាក់​មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី​ប្រចាំ តំបន់​ប៉ាស៊ីហ្វិក​នៅ​ទីនោះ​ទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS  រុស្ស៊ី​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់ផ្តើម​សិក្សា​ពី​ការដំឡើង​មូលដ្ឋាន​យោធា​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​នៅលើ​កោះ គូ​រី​ល នេះ​រួចរាល់​ហើយ ហើយ​រដ្ឋាភិបាល​នេះ​ក៏មាន​គម្រោង​បំពាក់​សព្វាវុធ និង​បន្ថែម កងទ័ព​នៅលើ​កោះ​ផង​។  យោងតាម ក្រសួងការពារជាតិ​រុស្ស៊ី គម្រោង​នេះ​រួមបញ្ចូល​ទាំង​ការពង្រាយ​យន្តហោះ ៦០​គ្រឿង និង​ឧទ្ធម្ភាគចក្រ នាវាចម្បាំង ៣​គ្រឿង និង​យន្តហោះ​គ្មាន​អ្នកបើក​២០ គ្រឿង​ផ្សេង​ទៀតផង​។​
 
​ដោយឡែក កាលពី​ចុងខែ​មិនា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu អះអាង​ការអភិវឌ្ឍ​មូលដ្ឋាន​យោធា​លើ​កោះ គូ​រី​ល​ត្រូវធ្វើឡើង​ដំណាលគ្នា​ជាមួយ​គម្រោង​កសាង​មូលដ្ឋានទ័ព​ថ្មី​នៅ​តំបន់​អាក​ទិ​ក ដែល​វា​ស្ថិតក្រោម​ក្របខណ្ឌ​នៃ​កម្មវិធី​អភិវឌ្ឍ​យោធា​ក្រសួងការពារជាតិ​ដល់​ឆ្នាំ ២០២០ ឯណោះ​៕

Tag:
 រុស្ស៊ី​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com