អន្តរជាតិ
ព្រុយ​ណេ​ចាប់ផ្តើម​ជំរុញ​ប្រជាជន​ឲ្យ​​ត្បិតត្បៀត ព្រោះ​ប្រេង​កាន់តែ​ជិត​អស់
01, Jun 2016 , 9:39 pm        
រូបភាព
រដ្ឋ​អាស៊ីអាគ្នេយ៍​« ព្រុយ​ណេ​» មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ហើយ​ប្រជាជន​ព្រុយ​ណេ​ជាង ៤​សែន​នាក់​រស់នៅ​សុខសាន្ត​ដោយសារ​សម្បូរហូរហៀរ​ដោយ​ប្រេង​និង​ធនធាន​ថាមពល​។ ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់មាន​ទំហំ​ជិត ៤​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​រដ្ឋាភិបាល​ប្រើ​ទុន​ឧបត្ថម្ភ​ធន​យ៉ាងច្រើន​សម្រាប់​លើក​ស្ទូ​យ​សេវាសាធារណ​សម្រាប់​បម្រើ​ប្រយោជន៍​ប្រជាជន​ព្រុយ​ណេ​ទូទៅ​។ ប៉ុន្តែ​បញ្ហា​ខ្សោះ​ប្រេង​និង​ធនធាន​ថាមពល​នាពេលខាងមុខ ជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​រដ្ឋ​អាស៊ីអាគ្នេយ៍​តូច​មួយ​នេះ​។

ព្រុយ​ណេ​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ជា​បណ្តើរៗ ពេល​ប្រេង​ធ្លាក់​ថ្លៃ  ហើយ​រដ្ឋាភិបាល​របស់​ក្សត្រ​ស៊ុ​លត​ង់ Hassanal Bolkiah កំពុងតែ​ស្រវាស្រទេញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដើម្បី​បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​សន្សំសំចៃ​ត្រៀម​បន្សាំ​បញ្ហាលំបាក​ដែល​ពួកគេ​នឹង​ប្រឈម​។ នេះ​ក៏​ដោយសារ​គោលនយោបាយ​ត្បិតត្បៀត​នឹងត្រូវ​យកមកអនុវត្ត​ជា​បន្តបន្ទាប់​។​


​ប្រេង​ធ្លាក់​ថ្លៃ​នៅ​ទីផ្សារ​អន្តរជាតិ ធ្វើ​ឲ្យ​ប្រទេស ព្រុយ​ណេ ប្រឈម​បញ្ហា​ឱនភាព​សេដ្ឋកិច្ច​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ នេះ​ក៏ដោយ​សារ ប្រេង​និង​ធនធាន​ឧស្ម័ន​រួមចំណែក​រហូតដល់ ៩០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​។  ក្រៅពី​ប្រេង​ធ្លាក់​ថ្លៃ យោងតាម​ការវាយតម្លៃ​របស់ BP Energy Outlook  ព្រុយ​ណេ​នឹង​អស់​ប្រេង​នឹង​ក្នុង​រយៈពេល ២២​ឆ្នាំ​ខាងមុខនេះ ដែល​នេះ​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ប្រជាជន​និង​រដ្ឋាភិបាល​ព្រុយ​ណេ​។ យ៉ាងណាមិញ សំណាងល្អ​សម្រាប់​ព្រុយ​ណេ​ត្រង់​ថា ប្រទេស​នេះ​តូច​ហើយ​មាន​ប្រជាជន​តិច​ត្រឹម​ជាង ៤​សែន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សំណាងអាក្រក់​នោះ​គឺ គេ​គ្មានអ្វី​សល់​ទៀត​បើសិន​អស់​ប្រេង​។

១.​ធនធាន​ប្រេងកាត និង​នយោបាយ​
​ព្រុយ​ណេ​ជា​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​ដែល​ស្ថិតក្រោម​របប​ដឹកនាំ​របបរាជានិយម ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ព្រះមហាក្សត្រ​ព្រុយ​ណេ Sultan Hassanal Bolkiah ។ ព្រះ​ចៅ Sultan Hassanal Bolkiah បាន​ដឹកនាំ​ប្រទេស​អស់​ប្រហែល​៤៩​ឆ្នាំ​មកហើយ ហើយ​ទ្រង់​ក្លាយជា​មហាក្សត្រ​ដែល​មានអំណាច​និង​ឥទ្ធិពល​បំផុត​និង​ទទួលបាន​ការគោរព​កោតខ្លាច​បំផុត​ពី​សំណាក់​ប្រជាជន​ព្រុយ​ណេ​គ្រប់​ស្រទាប់វណ្ណៈ ដោយសារ​ទ្រង់មាន​ទ្រព្យសម្បត្តិ​មហាសាល​។ ម្យ៉ាង​គ្មាន​អ្នកណា​ហ៊ាន​រិះគន់ ទិតៀន​ស្ថាប័ន​នយោបាយ​ជាពិសេស​ព្រះប្រមុខរដ្ឋ​ឡើយ​ដោយសារ​ព្រុយ​ណេ​ប្រកាន់យក​របបរាជានិយម​ផ្តាច់ការ ហើយ​ព្រុយ​ណេ​បាន​អនុវត្ត​ច្បាប់​សាសនា​ដ៏​តឹងរ៉ឹង​បំផុត​ថែមទៀត​។​
 
​ថ្វីដ្បិតតែ​ផ្តាច់ការ​មែន រដ្ឋាភិបាល​ព្រុយ​ណេ​បាន​ពង្រឹង​ការគ្រប់គ្រង​និង​អភិបាលកិច្ច​យ៉ាង​ល្អ​ដែល​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ​តាមរយៈ​ការឧបត្ថម្ភ​ធន​ច្រើនសន្ធឹក​សន្ធាប់​។ ប្រជាជន​ព្រុយ​ណេ​មិនបាច់​បង់ពន្ធ​ប្រាក់ចំណូល អាច​រៀនសូត្រ​ដោយ​មិនបាន​បង់ថ្លៃ និង​អាច​ទទួលបាន ប្រយោជន៍​ច្រើន​ពី​កម្មវិធី​លំនៅដ្ឋាន​រដ្ឋ​និង​ប្រាក់កម្ចី​ទិញ​ផ្ទះ​ដែលមាន​ការប្រាក់​ទាប​ថែម​ទៀតផង​។

​យ៉ាងណាមិញ ដោយសារ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​រយៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ព្រុយ​ណេ​ហាក់​ព្រួយបារម្ភ​ខ្លាំង​ដែរ ដ្បិតថា​សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ប្រេង​និង​ឧស្ម័ន​នេះ​។ យោងតាម​សារព័ត៌មាន Economist ក្នុង​ឆ្នាំ ២០១៥ សេដ្ឋកិច្ច​ព្រុយ​ណេ​នៅ​ទ្រឹង ហើយ​ស្ទើរតែ​រង្គោះរង្គើ ដោយ​ជួប​ប្រឈម​ឱនភាព​សេដ្ឋកិច្ច ក្នុង​កម្រិត ១៦​ភាគរយ​នៃ​ផលិត​ក្នុងស្រុក​សរុប​ឯណោះ​។ ក្រៅពី​ប្រេង​ធ្លាក់​ថ្លៃ ធនធាន​ដែល​មិន​កកើត​ឡើងវិញ​ដូចជា​ប្រេង​នេះ​ក៏​កាន់តែ​ហិនហោច​ជិត​អស់​ដែរ ដែល​វា​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ព្រុយ​ណេ​បារម្ភ​ពី​ការ​ប្រឈម​នៃ​សេដ្ឋកិច្ច​។​

​តែ​ការផ្លាស់ប្តូរ​គោលនយោបាយ​សាធារណ​ជាពិសេស​កាត់បន្ថយ​ការចំណាយ​ធំ​អាចជា​ចំណុច​ដែល​រដ្ឋាភិបាល​ក្រុង​បាន​ដា​សេរី​បេ​ហ្កា​វ៉ាន់ ពិចារណា​ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​និង​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​។ ប៉ុន្តែ​វា​ហាក់ដូច​រឿង​លំបាក​បំផុត​សម្រាប់​រដ្ឋាភិបាល​ព្រុយ​ណេ​ដែល​ត្រូវ​ពន្យល់​ប្រជាជន​ពី​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ពេល​ខ្សោះ​ប្រេង និង​ត្រូវអនុវត្ត​គោលនយោបាយ​ត្បិតត្បៀត​ជាមុន​នោះ​។​

២.​ដំណោះស្រាយ​ពេល​ជិត​អស់​ប្រេង​គឺ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​អបរំ​ប្រជាជន​
​រដ្ឋាភិបាល​ព្រុយ​ណេ​កំពុង​គិតគូរ​ពី​នយោបាយ​សេដ្ឋកិច្ច​ដែល​ត្រូវអនុវត្ត​ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេសជាតិ​បន្ត​ដើរទៅ​មុខ​ដោយ​មិន​ជួប​វិបត្តិ​ទោះជា​អស់​ប្រេង​ក៏ដោយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ​។  ជាដំបូង​ដូច​លើកឡើង​ខាងលើ​ស្រាប់ ព្រុយ​ណេ​មិនអាច​ចៀស​ផុតពី​អនុវត្ត​គោលនយោបាយ​ត្បិតត្បៀត​និយម​ដើម្បី​កាត់បន្ថយ​ការចំណាយ​បានឡើយ​។

​យោងតាម​បទសម្ភាសន៍​កាលពី​ខែមីនា​រវាង​រដ្ឋមន្ត្រី​ថាមពល​និង​ឧស្សាហកម្ម​លោក Haji Mohammad Yasmin bin Haji Umar ជាមួយ​ទស្សនា​វ​ដ្តី Forbes  ព្រុយ​ណេ​កំពុង​ប្រឹងប្រែង​ទាញ​អ្នកវិនិយោគ​អាស៊ី​មាន​ជប៉ុន​និង​ចិន ជាដើម​ឲ្យ​មក​ដាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​តាមរយៈ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​និង​ដាក់ចេញ​គម្រោង​ថាមពល​ទ្រ​ង​ទ្រង់​វិស័យ​ផលិតកម្ម​និង​ឧស្សាហកម្ម​ផង ដើម្បី​ធ្វើយ៉ាងណា​បន្ថយ​ការពឹង​ពាក់​លើ​នាំចេញ​ប្រេង​និង​ធនធាន​ថាមពល​។​

​ពាក់ព័ន្ធ​ការកាត់បន្ថយ​ការចំណាយ​ដោយ​អនុវត្ត​នយោបាយ​ត្បិតត្បៀត លោក​រដ្ឋមន្ត្រី​ម្នាក់នេះ​បាន​ពន្យល់ថា រដ្ឋាភិបាល​លោក​បាន​ប្រឹងប្រែង​ច្រើន​ដើម្បី​បង្រៀន​និង​ពន្យល់​ប្រជាជន​ច្រើន​ដែរ​។ ជា​ឧទាហរណ៍ លោក​រដ្ឋមន្ត្រី​ខាងលើ​បាន​អះអាងថា ចាប់តាំងពី​ពេល​លោក​ឡើងកាន់តំណែង​ឆ្នាំ ២០១០ លោក​បាន​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​អប់រំ​ប្រជាជន​ព្រុយ​ណេ​ស្តីពី​ការ​សន្សំសំចៃ​អគ្គិសនី និង​បន្សាំ​ជាមួយ​ការ​ត្បិតត្បៀត​ផងដែរ​។ បញ្ហា​ប្រឈម​ធំ​កន្លងមក​គឺ ប្រជាជន​ព្រុយ​ណេ​ខ្ជះខ្ជាយ​ខ្លាំង ព្រោះ​ធ្លាប់​រស់នៅ​ស្រណុក​សុខ​ស្រួល ហើយ​ម្យ៉ាងទៀត​នៅ​ព្រុយ​ណេ​គឺមាន​ទម្លាប់​មួយ​គឺ «​ប្រើ​តិច​មាន​ទណ្ឌកម្ម តែបើ​ប្រើ​ច្រើន​គឺ​បាន​រង្វាន់​»​។ ដូច្នេះ​ម្នាក់ៗ​នាំ​ប្រឹង​ប្រើប្រាស់​អគ្គិសនី​ខ្លាំង​។  ពេលខ្លះ​ប្រជាជន​សង់ផ្ទះ​តូច​មួយ​ដាក់​ម៉ាស៊ីនត្រជាក់​បួន​ទៅ​ប្រាំ​គ្រឿង ហើយ​គេ​នាំគ្នា​បើក​ម៉ាស៊ីនត្រជាក់​ចោល ២៤​ម៉ោង ដោយ​មិន​ខ្វល់​ថា​មាន​មនុស្ស​នៅផ្ទះ​ឬ​អត់​ឡើយ​។​

​ក្រៅពីនេះ រដ្ឋាភិបាល​ព្រុយ​ណេ បានដាក់​ស្វះស្វែង​ដាក់ចេញ​គោលនយោបាយ​សេដ្ឋកិច្ច​ឆ្នាំ​២០៣៥ ដោយ​គោលនយោបាយ​នេះ​ជំរុញ​ការផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត​មាន​ទេសចរណ៍ ឧស្សាហកម្ម និង​សេវាកម្ម​ជាដើម ដោយ​មិនមែន​ពឹង​លើ​តែ​ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន​ប៉ុណ្ណោះ​ឡើយ​។ ហើយ​ព្រុយ​ណេ​ក៏​ប្តេជ្ញា​ថា​នឹង​សម្រេច​ឲ្យ​បាន​នូវ​ការប្រើប្រាស់​បាន​នូវ​ថាមពល​ប្រើប្រាស់​ឡើងវិញ​ត្រឹម​ឆ្នាំ ២០៣៥​នេះដែរ​។​

​តែមាន​មតិ​រិះគន់​រដ្ឋាភិបាល​ព្រុយ​ណេ​ច្រើន​ដែរ​កន្លងមក ព្រោះ​គេ​យល់ថា ការអនុវត្ត​គោលនយោបាយ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​គួរតែ​អនុវត្ត​តាំងពី​១០​ឆ្នាំមុន​ឬ​តាំងពី​យូរ​មកហើយ​មិនមែន​រង់​រហូត​ដល់ពេល​ប្រទេស​ប្រឈម​បញ្ហា​ទើប​ចាប់ផ្តើម​អនុវត្ត​ឡើយ​។ នេះ​ក៏ដោយ​សារ​វា​ជា​គោលនយោបាយ​ដែល​ត្រូវការ​ពេល​វែងឆ្ងាយ ទម្រាំ​វា​ហុច​ផល​ឲ្យ​។ ការចាប់យក​វិស័យ​ទេសចរណ៍​របស់​ព្រុយ​ណេ​ក៏​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ដោយសារ​ប្រទេស​នេះ​អនុវត្ត​ច្បាប់​សាសនា Sharia ដែលមាន​លក្ខណៈ​តឹងរ៉ឹង​ហើយ​ប្រទេស​នេះ​បាន​ហាម​ការ​ប្រារព្ធ​ពិធីបុណ្យ Christmas ថែម​ទៀតផង​៕

Tag:
 ព្រុយ​ណេ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com