ពីនេះ ពីនោះ
គំនិតចៅចាក់ស្មុគ មិនខុសឲ្យតែគិតហើយធ្វើ 08, Jul 2018 , 10:39 am
× ភ្នំពេញ៖ បញ្ញវន្តខ្មែរ ព្រឹទ្ធាចារ្យ ពលរដ្ឋខ្មែរ ស្ទើរជាទូទៅ បានដឹងបានស្គាល់តួអង្គចៅចាក់ស្មុក ក្នុងព្រេងនិទានខ្មែរ។ តួអង្គចៅចាក់ស្មុកនេះផងដែរ ត្រូវបានគេកំណត់ថា ជាបុគ្គលមិនគួរប្រតិបត្តិតាម ព្រោះតែភាពរវើរវាយ គិតស្រមើស្រមៃ ដែលនាំឲ្យវិនាសខ្លួន ធ្លាក់ពីលើចុងត្នោត។ នៅក្នុងសង្គមវិញ មានការលើកឡើងជាពាក្យស្ដីថាឲ្យគ្នា ថា«អាគំនិតចៅចាក់ស្មុគ» ជាដើម។ តើគំនិតចៅចាក់ស្មុគ ពិតជាមិនត្រឹមត្រូវឬយ៉ាងណា?
ក្បាលរបស់មនុស្សគ្រប់រូប មានផ្ទុកនូវបណ្ដុំខួរក្បាល ដែលជាម៉ាស៊ីនគិត ដ៏អស្ចារ្យ សម្រាប់មនុស្សគ្រប់រូប។ ព្រោះតែមានខួរក្បាលជាម៉ាស៊ីនគិតបែបនេះហើយ ទើបធ្វើឲ្យមនុស្សក្លាយ ជាភាវៈគិត តែបើមនុស្សមិនគិត នោះមានន័យមនុស្សនោះគ្រាន់តែមានសភាពជាមនុស្ស តែខួរក្បាលមិនខុសពីភាវៈមានជីវិតដទៃ។
ក្បាលរបស់មនុស្សមានមុខងារ និងសមត្ថភាពទៅតាមការកំណត់របស់មនុស្ស។ ប្រសិនបើអ្នកប្រើខួក្បាលរបស់ខ្លួនគិតក្នុងផ្លូវសេដ្ឋកិច្ច ជននោះនិងមានការយល់ដឹងកាន់តែជ្រៅផ្នែកសេដ្ឋកិច្ច បើគេយកក្បាលដាក់ក្នុងក្បាលអ្នកជំនួញ របៀបគិតរបស់ជននោះមានលក្ខណៈជាអ្នកជំនួញ បើដាក់ក្នុងក្បាលអ្នកអប់រំ នយោបាយ មន្ត្រីរាជការ កសិករ អ្នកសាសនា អ្នកវិទ្យាសាស្ត្រ...នោះសភាពនៃការគិតរបស់ពួកគេ នឹងទៅតាមអ្វីដែលគេបានកំណត់។
ត្រលប់ទៅគំនិតមួយក្នុងរឿងនិទានខ្មែរ តួអង្គចៅចាក់ស្មុគ មានមនុស្សភាគច្រើន ថាមិនគួរយកតម្រាប់តាម។ តែធាតុពិត ការគិតតាមបែបចៅចាក់ស្មុគ គឺបែរជាមានប្រយោជន៍បំផុត និងគំរូសម្រាប់មនុស្សទូទៅទៅវិញ។ មូលហេតុដែលធ្វើការអះអាងបែបនេះ គឺដោយការគិតរបស់ចៅចាក់ស្មុគ គឺសុទ្ធតែមានដំណាក់កាល និងបែបផែនច្បាស់លាស់មួយ។ កំហុសគឺ នៅត្រង់ ការរំភើបជាមួយនិងផែនការ ទាំងមិនទាន់បានអនុវត្តតែប៉ុណ្ណោះ។ ក្នុងន័យនេះ គឺមានន័យថា ការគិតមិនអាចនិយាយថា មានកំហុសឆ្គងឡើយ ប៉ុន្តែខុសនិងត្រូវ នឹងបញ្ជាក់នៅពេលប្រតិបត្តិ។ ដើម្បីឲ្យការប្រតិបត្តិមានប្រសិទ្ធភាព អ្នកគិតត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន ហាមមិនត្រូវឲ្យមានមោទកភាពចំពោះការគិតទាំងនោះ ឬផែនការទាំងនោះពេកនោះទេ។
ជាការពិត ការគិតច្រើន អាចនាំឲ្យមានការបារម្ភច្រើន ប៉ុន្តែគិតច្រើនដូចចៅចាក់ស្មុគ កាន់តែបង្ហាញផ្លូវទៅមុខបានកាន់តែច្បាស់ ហើយកិច្ចការបន្ទាប់គឺអនុវត្តការគិតទាំងឡាយនោះ។ ធ្វើជាមនុស្សកុំគិតងាយពេក ព្រោះវាធ្វើឲ្យរឿងហាក់ដូចជាស្រួលពេក កុំគិតស្រួល ពេក ព្រោះដូចមិនសមនិងឈ្មោះថាភាវៈគំនិត។ កុំគិតស្មុគពេក ក្រែងថាអាចមិនត្រូវ។ អ្វីដែលសំខាន់ គឺកុំគិតបែបរវើរវាយខុសរឿង ហើយខ្វះការប្រតិបត្តិ៕
© រក្សាសិទ្ធិដោយ thmeythmey.com