អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បូ​ស្នី ព្រមាន​អ្នក​វក់​លេង​ហ្គេម Pokémon Go ប្រយ័ត្ន​ជាន់មីន​
21, Jul 2016 , 7:39 am        
រូបភាព
 ​ហ្គេម Pokémon Go កំពុងតែ​រីកសាយ​ភាយ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក ដោយមាន​អ្នកលេង​ហ្គេម​ប្រភេទ​នេះ រាប់លាន​នាក់​ទៅហើយ​។ យ៉ាងណាក្ដី ហ្គេម​ប្រភេទ​ថ្មី​នេះ ក៏បង្ក​ជា​គ្រោះថ្នាក់​ផងដែរ ប្រសិនបើ​មិន​ប្រុងប្រយ័ត្ន​ដូចជា គ្រោះថ្នាក់​ចរ​ចរណ៍ ឬ​ដើរ​ធ្លាក់ទឹក​ជាដើម​។ ចំណែកឯ​ប្រទេស​បូ​ស្នី​វិញ បានចេញ​សារ​ព្រមាន​ទៅ​អ្នកលេង​ហ្គេម​នេះ​ប្រយ័ត្ន​ដើរចូល​ចំការមីន​។  
 
​ជនជាតិ​បូ​ស្នី​ដែល​និយម​លេង​ហ្គេម​កំពុង​ល្បីឈ្មោះ Pokémon Go ត្រូវបាន​ព្រមាន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​ដែលមាន​មីន ដែល​បន្សល់ទុក​តាំងពី​សង្គ្រាម​ឆ្នាំ​១៩៨០​មក​។ អង្គការ​ដោះមីន​បូ​ស្នី Posavina bez mina បានចេញ​សារ​ព្រមាន​ដូចនេះ ខណៈដែល​ហ្គេម​ប្រភេទ​ថ្មី​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​បូ​ស្នី​។ 
 
​ដោយសារតែ​ហ្គេម Pokémon Go តម្រូវ​ឲ្យ​អ្នកលេង​ប្រើប្រាស់​ទូរ​សព្ទ​ទាំងអស់​ដើរ​ក​តួអង្គ​នៅ​ពិភព​ខាងក្រៅ គេ​បារម្ភ​ថា ពួកគេ​អាច​ដើរ​ចូលទៅ​តំបន់​មាន​មីន ដែល​មិនទាន់បាន​បំផ្ទុះ​ចោល ខណៈដែល​មនុស្ស​យ៉ាងតិច​៦០០​នាក់ បាន​បាត់​បង់ជីវិត ដោយសារតែ​គ្រាប់មីន​។ បើតាម​សារព័ត៌មាន BBC ក្រុម​ដោះមីន​របស់​បូ​ស្នី ប៉ាន​ស្មានថា មាន​គ្រាប់មីន​យ៉ាងតិច​១២​ម៉ឺន​គ្រាប់ ដែល​នៅតែ​កប់​ក្រោម​ផ្ទៃដី​ប្រទេស​នេះ​។   
 
​តាមរយៈ​Facebook របស់ខ្លួន អង្គការ​មនុស្សធម៌ Posavina bez mina បញ្ជាក់ថា​៖«​យើង​ទទួលបាន​ព័ត៌មាន​ថា អ្នកលេង​ហ្គេម Pokémon Go មួយចំនួន​បាន​ទៅ​កន្លែង​ដែល​សង្ស័យថា​មាន​គ្រាប់មីន ដើម្បី​ស្វែងរក​Pokémon»​។ ជាមួយគ្នានេះ អង្គការ​មួយ​នេះ ក៏បាន​ទទូច​ឲ្យ​ប្រជាជន​ទាំងអស់ ឈប់​ធ្វើ​សកម្មភាព​ដូចនេះ និង​ត្រូវគោរព​សញ្ញា​គ្រោះថ្នាក់ ក៏ដូចជា​មិនត្រូវ​ចូល​តំបន់​ដែល​មិន​ស្គាល់​ឡើយ​។ 
 
​សូមបញ្ជាក់ថា ខណៈដែល​ហ្គេម Pokémon Go កំពុងតែ​ល្បីល្បាញ​ពេញ​ពិភពលោក​នោះ គ្រោះថ្នាក់​ជាច្រើន ក៏បាន​កើតឡើង​ព្រម​ជាមួយគ្នា​ផងដែរ​។ នៅ​សប្ដាហ៍​មុន ជនជាតិ​អាមេរិក​ពីរ​នាក់ រស់នៅ​រដ្ឋ Florida ត្រូវបាន​ម្ចាស់ផ្ទះ​បាញ់សម្លាប់ ដោយ​ច្រ​លំ​ថា​ជា​ចោរ​គាស់​ផ្ទះ បន្ទាប់ពី​ពួកគេ​ចូល​ផ្ទះ​ខាងលើ​៕
 
 
  

Tag:
 បូ​ស្នី​
 Pokémon Go
© រក្សាសិទ្ធិដោយ thmeythmey.com