ពីនេះ ពីនោះ
បុរសជួយការងារផ្ទះប្រពន្ធពិតជាធ្វើឲ្យបុរសធ្លាក់តម្លៃមែនទេ? 08, Jul 2018 , 12:39 pm
× បុរសមួយចំនួនតែងគិតថា ការធ្វើការងារផ្ទះ ដូចជាបោកខោអាវ ទៅផ្សារ ធ្វើម្ហូប លាងចាន សម្អាតផ្ទះ រៀបចំផ្ទះ មើលកូន គឺជាការងាររបស់ប្រពន្ធ ខ្លួនមិនធ្វើឡើយ។ គំនិតនេះ ដ្បិតថា បច្ចុប្បន្នមានការច្រានចោលហើយក្ដី ប៉ុន្តែនៅមានស្វាមីមួយចំនួនធំនៅតែមិនធ្វើព្រោះគិតថា វាអាចធ្វើឲ្យខ្លួនធ្លាក់តម្លៃប្រពន្ធលែង គោរព និងមើលងាយជាដើម។
រហូតពេលខ្លះ សូម្បីការរៀបចំបាយម្ហូប បើប្រពន្ធមិនរៀបចំឲ្យក៏មិនញាំ ហើយកំហគឲ្យប្រពន្ធថា មិនស្គាល់ពីតួនាទីរបស់ខ្លួនក្នុងនាមជាប្រពន្ធ។
ច្បាស់ណាស់ ជាប្រពៃណី ប្រពន្ធត្រូវធ្វើកិច្ចការទាំងនេះ ប៉ុន្តែបរិបទថ្មី វាពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ កិច្ចអ្វីក៏ដោយប្រុសស្រីអាចធ្វើបានដូចគ្នា។ ចំណែកតម្លៃរបស់បុរស ក៏មិនមែនត្រូវបាត់បង់ដោយសារតែខ្លួនទៅធ្វើការងារផ្ទះជំនួសប្រពន្ធនោះដែរ ប៉ុន្តែវាបែរជាធ្វើឲ្យសុភមង្គលគ្រួសារកើតមានឥតព្រំដែនទៅវិញ។
ស្របពេលដែលចរន្តសង្គមថ្មីនាំស្ត្រីឲ្យមាន សិទ្ធិស្មើគ្នាជាមួយបុរស នៅទូទាំងពិភពលោក មានប្រទេសមួយចំនួនគេអាចធ្វើបាន ហើយប្រទេសខ្លះមិនអាចធ្វើបាននេះ បុរសខ្មែរក៏ជាផ្នែកមួយដែលត្រូវផ្លាស់ប្ដូរផ្នត់គំនិតខ្លួន ចេញឲ្យឆ្ងាយពីគំនិតចាក់ស្រេះបែបប្រពៃមួយចំនួនដែលនាំឲ្យអ្នកគិតបែបអវិជ្ជមានចំពោះស្ត្រី។
ចំណែកតម្លៃថ្លៃថ្នូររបស់ស្វាមីចំពោះភរិយា គឺអាស្រ័យទៅលើចំណេះដឹង ការបង្កើតសុភមង្គលជូនគ្រួសារ ផ្ដល់តម្លៃឲ្យភរិយា ចេះរំលែកការងារប្រពន្ធ ចេះគ្រប់គ្រងគ្រួសារ ផ្ដល់ភាពកកក្ដៅដល់គ្រួសារ រកចំណូលចូលគ្រួសារ មិនបង្ករបញ្ហាដល់គ្រួសារ។ល។ ទើបជាតម្លៃពិតរបស់ស្វាមី៕
© រក្សាសិទ្ធិដោយ thmeythmey.com