កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ជួយ​ឲ្យ​បឹង​កេតឈាន​កាន់តែ​កៀក​សម្រាប់​ការលើក​ពាន​រដូវ​កាល​នេះ​
15, Aug 2016 , 2:02 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​ឈាន​កាន់តែ​កៀក​សម្រាប់​សម្រេច​គោលបំណង​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​រូបគេ​រកបាន​៣​គ្រាប់​ម្នាក់ឯង ដើម្បី​ជួយ​ជួយ​ឲ្យ​ក្រុម​បឹងកេត​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-២ កាលពី​កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​វេ​ស្ទើ​ន​ភ្នំពេញ​ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង បន្ទាប់ពី​យកឈ្នះ​អាស៊ី​អឺរ៉ុប ២-១ កាលពី​ម្សិលមិញ​ផងដែរ​។


​សម្រាប់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​កាលពី​ម្សិលមិញនៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ខ្សែប្រយុទ្ធ​ជនជាតិ​កូរ៉េខាងជើង ​បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​៥​។ ប៉ុន្តែ​តាមរយៈ​ការ​វាយបក​លឿនៗ​របស់​បឹងកេត​អង្គរ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា សម្រេចបាន​៣​គ្រាប់​ម្នាក់ឯ​ងជាប់ៗ​គ្នា ​នៅ​នាទី​២៩, ៤៥+១ និង​៥៤ ដើម្បី​ជួយ​ឲ្យ​បឹងកេត​នាំមុខ​ភ្នំពេញ​ក្រោ​ន ៣-១​។

​ការនាំ​មុខ​របស់​បឹងកេត​អង្គរ​នេះ ​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​វាយបក​សន្ធប់​យ៉ាងខ្លាំង ដើម្បី​ដាក់​សម្ពាធ​មកលើ​បឹងកេត​អង្គរ និង​បាន​បង្កើត​ឱកាស​ដើម្បី​ទម្លុះ​សំណាញ់​ទី​ជាច្រើនលើក​ផងដែរ តែ​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី​បឹងកេត​អង្គរ ស៊ូ យ៉ា​ទី​។ ភ្នំពេញ​ក្រោ​ន​នៅតែ​បន្ត​ដាក់​សម្ពាធ​មកលើ​បឹងកេត​ បាន​តា​យ​រយៈ​ការបង្កើត​ឱកាស​នៅ​តំបន់​គ្រោះថ្នាក់​របស់​បឹងកេត និង​បាន​ស៊ុត​ចំ​បង្គោល​ទី និងរ​បាទី​របស់​បឹងកេត​ចំនួន​ពីរ​គ្រាប់​ជា​បន្តបន្ទាប់ ​របស់​ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន​។​

​ចំណែក​បឹងកេត​អង្គរ​ ក៏​ធ្វើការ​វាយបក​យ៉ាង​លឿន​ផងដែរ ការ​វាយបក​នេះ​ហាក់​ផ្តល់ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន កែវ សុខ​ផេង សម្រេចបាន​មួយ​គ្រាប់​បន្ថែម​សម្រាប់​ក្រុម​ដើម្បី​តាម​បឹងកេត​អង្គរ ៣-២ នៅ​នាទី​៨២​។ ក្រុម​ទាំងពីរ​នៅតែ​បន្ត​ការ​វាយបក​ដាក់គ្នា​ទៅវិញទៅមក ក៏ប៉ុន្តែ​ពុំមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា​នោះទេ​រហូត​ចប់​តង់​ទី​២  ជា​លទ្ធផល​ក្រុម​បឹងកេត​អង្គរ​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-២​។  

​ជ័យជម្នះ​របស់​បឹងកេត​អង្គ​រលើ​ភ្នំពេញ​ក្រោ​ន​នេះ ​ធ្វើ​ឲ្យ​បឹងកេត​អង្គរ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ សម្រាប់​បន្ត​ឈរ​លេខ​១ ​ក្នុង​តារាង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ក្នុង​សប្តាហ៍​ទី​១៦​។ លើសពីនេះ ​នាំ​ឲ្យ​បឹងកេត​អង្គរ​បន្ត​មានប្រៀប​ លើ​ក្រសួងការពារជាតិ​ ក្នុងការ​ប្រជែង​លើក​ពាន​រដូវ​កាល​២០១៦​នេះ ដោយមាន​៤១​ពិន្ទុ ខណៈ​ក្រសួងការពារជាតិ​មាន​៤០​ពិន្ទុ​។

​ការសម្រេចបាន​៣​គ្រាប់​ជា​បន្តបន្ទាប់​របស់​ខ្សែប្រយុទ្ធ​វ័យក្មេង ចាន់ វឌ្ឍនាកា មានន័យថា​ខ្សែប្រយុទ្ធ​រូបនេះ​ បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​ឈាន​កាន់តែ​កៀក ​សម្រាប់​ការសម្រេច​គោលបំណង​លើក​ពាន​ក្នុង​រដូវ​កាល ២០១៦ នេះ ពោលគឺ​ក្រុម​នេះ​ សល់​តែ​ពីរ​ប្រកួត​ទៀត​តែប៉ុណ្ណោះ ដោយ​លើក​ទី​១​ក្រុម​នេះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង និង​លើក​ទី​២​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​។ វឌ្ឍនាកា មិន​ត្រឹមតែ​ជួយ​ក្រុម​ឈាន​កាន់តែ​កៀក​សម្រាប់​ការលើក​ពាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ខ្លួនឯង​ឈាន​កាន់តែ​កៀក​សម្រាប់​ពានរង្វាន់​ស្បែកជើង​មាស​ទៀតផង ដោយ​បច្ចុប្បន្ន​រូបគេ​មាន​២១​គ្រាប់​ខ្ពស់​ជាងគេ​។

​ដោយឡែក នា​ជំនួប​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​កាលពី​ម្សិលមិញ​ ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ២-១ ផងដែរ ហើយ​ការ​ឈ្នះ​នេះ​ធ្វើ​ឲ្យ​វេ​ស្ទើ​ន​ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង និង​បាន​ជួយ​ឲ្យ​ក្រុម​វេ​ស្ទើ​ន ឡើងទៅ​ឈរ​នៅ​លេខ​រៀង​ទី​៩ ដោយមាន​៧​ពិន្ទុ ចំណែក​អាស៊ី​អឺរ៉ុប ធ្លាក់​ទៅ​ឈរ​បាត​តារាង​ដោយមាន​មាន​៦​ពិន្ទុ​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​ថ្ងៃទី​១៣ ខែសីហា កន្លងទៅនេះ​ ក្រុម​ក្រសួងការពារជាតិ​ បាន​យកឈ្នះ​លើ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ២-១ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ រីឯណា​ហ្គា​វើ​ល បាន​លត់​ក្រុម​ស៊ីម៉ាក់ ៤-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕ 


Tag:
 ចាន់ វឌ្ឍនាកា​
  បឹងកេត​អង្គរ​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com