អន្តរជាតិ
ឥណ្ឌា​ដើរ​ឆ្ងាយ​ពី​គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ ដោយ​ទៅ​ស្និទ្ធ​ជាមួយ​អាមេរិក​?
31, Aug 2016 , 9:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីអាមេរិក
នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីអាមេរិក
​ក្រោយ​សម្រេចបាន​កិច្ចព្រមព្រៀង​គាំទ្រ​ភ័​ស្ត​ភា​យោធា អាមេរិក​និង ឥណ្ឌា បានបកស្រាយ​ថា កិច្ចព្រមព្រៀង​នេះ​សម្រួល​ដល់​ការគាំទ្រ​ភ័ស្តុភារ​រវាង​កងទ័ព​ទាំងពីរ​។  ក្នុងនោះ​មាន កងទ័ព​ឥណ្ឌា​និង​អាមេរិក​អាច​ចូល​សំចត​នៅ​មូលដ្ឋានទ័ព​របស់ខ្លួន​ទៅវិញទៅមក​ដើម្បី​ចាក់​ប្រេង និង​ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងទៀត​ដែល​ចាំបាច់​ក្នុងពេល​បំពេញ​ប្រតិបត្តិការ​យោធា និង​សកម្មភាព​សង្គ្រោះ​និង​ផ្តល់ជំនួយ​មនុស្សធម៌​ជាដើម ។ ប៉ុន្តែ​កិច្ចព្រមព្រៀង​គាំទ្រ​ភ័​ស្ត​ភារ​នេះ ធ្វើ​ឲ្យ​ចិន​ដាក់​មន្ទិល​សង្ស័យថា អាមេរិក​នឹង​អាចដាក់​ទ័ព​នៅ​ឥណ្ឌា​នាពេល​ណាមួយ​ខាងមុខ ហើយ​វា​ក៏​នឹង​កា្ល​យ​ជាការ​ហ៊ុមព័ទ្ធ​ចិន​មិន​ឲ្យ​ពង្រីក​ឥទ្ធិពល​នៅពេល​អនាគត​ផង​។ តែ​គេ​ឆ្ងល់​ថា ឥណ្ឌា​កំពុង​លះបង់​ចោល​នូវ​គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ​ដែល​ធ្លាប់​អនុវត្ត​រាប់​ទសវត្សរ៍​នេះហើយ​ឬ​យ៉ាងណា ពេល​ខ្លួន​កាន់​ស្និទ្ធ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​បែបនេះ​។​


​សូម​ស្តាប់​ការបកស្រាយ​របស់​សៅ ផល​និស្ស័យ​៖



​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​បាន​សាទរ ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​ភ័ស្តុភារ​យោធា​រវាង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ​ទី ២៩ ខែសីហា​។ កិច្ចព្រមព្រៀង​យោធា​ថ្មី​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទាំងពីរ​បង្ហាញ​ឲ្យ​ឃើញ ពី​ការលូតលាស់​រហ័ស​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ ហើយ​វា​បាន​ក្លាយជា​មន្ទិលសង្ស័យ​ផង​ថា ប្រទេស​ទាំងពីរ​អាច​នឹង​ក្លាយជា​សម្ព័ន្ធមិត្ត​ផង​នៅពេល​ខាងមុខ​។  ក្រៅពី​កិច្ចព្រមព្រៀង​យោធា អាមេរិក​និង​ឥណ្ឌា​ក៏​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ដើម្បី​ចែករំលែក​របាយការណ៍​ចារកម្ម និង​ឈានទៅ​ប្រឆាំង​ភេរវជន​ផង​។ ឥណ្ឌា​ក៏​កំពុង​ព្យាយាម​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​ឧស្សាហ​កម្ម​យោធា​អាមេរិក​ឲ្យ​មក​ដាក់ទុន​វិនិយោគ​នៅ​ឥណ្ឌា និង​សហការ​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​ផង​។ ទំនាក់ទំនង​ទ្វេភាគី​លើ​ច្រើន​វិស័យនេះ​នឹង​កាន់តែ​រឹងមាំ ស្របពេល​ដែលមាន​ផ្លាស់​ប្តូរ​បរិបទ ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​នោះដែរ​។​

១. ឥណ្ឌា​កំពុង​ដើរ​ចាក​ឆ្ងាយ​ពី​គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ​?
​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុង​ប៉េកាំង បាន​រិះគន់​និង​ចោទប្រកាន់ថា ឥណ្ឌា​កំពុង​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​នាំទុក្ខ​ដាក់ខ្លួន​ដែល​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ក្នុង​វិស័យ​យោធា​។

​យោងតាម​សារព័ត៌មាន Global Times  របស់​ចិន គេ​ដាក់​ការសង្ស័យថា ក្រុង​វ៉ាស៊ីនតោន នឹង​ឈានទៅ​ប្រើប្រាស់​ឥណ្ឌា​ជា​កន្លែង​តាំងទ័ព​នៅពេល​ខាងមុខ​ផង​។ ហើយ ឥណ្ឌា នឹង​ឈានទៅ​បង្កើត​សម្ព័ន្ធភាព​ជាមួយគ្នា បន្តបន្ទាប់​ទៀតផង​ដែរ​។ បើ​មានការ​បង្កើត​សម្ព័ន្ធភាព​មែន​នោះ  វា​នឹង​ក្លាយជា​ឧបសគ្គ​ធំ​សម្រាប់​ក្រុង​ប៉េកាំង និង​អាច​ប៉ា​គី​ស្ថាន ឬក៏​ដូចជា​រុស្ស៊ី​ផង​ក៏​ថា​បាន​។

 ចិន​កាន់តែ​ក្រពុលមុខ​ខ្លាំង ព្រោះ​ក្រៅពី​ខិត​ទៅជិត​អាមេរិក ឥណ្ឌា​ក៏បាន​ដាក់​ផែនការ​ពង្រាយ​មី​ស៊ី​ល​ផលិត​ក្នុងស្រុក​១០០​ដើម ទៅកាន់​តំបន់​ជាប់​ព្រំដែន​ចិន​ផងដែរ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឥណ្ឌា​ក៏បាន​ពិចារណា​លក់​សព្វាវុធ​ដែល​ខ្លួន​ផលិត​ទៅ​ឲ្យ​ប្រទេស​ដែលជា​ប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ថែម​ទៀតផង​។ 

​ប៉ុន្តែ​ភ្លាមៗ​ក្រោយ​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ ប្រមុខ​ការពារជាតិ​អាមេរិក និង​ឥណ្ឌា​បាន​បកស្រាយ​ច្បាស់ៗ​ថា កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​ធម្មតា​ប៉ុណ្ណោះ ហើយ​វា​ផ្តោតលើ​ការផ្គត់ផ្គង់​ភ័ស្តុភា​និង​សម្ភារៈ​យោធា​ចាំបាច់​ប៉ុណ្ណោះ​។ វា​ត្រឹម​ជួយ​សម្រួល​ដល់​កងទ័ព​ឥណ្ឌា និង​អាមេរិក​អាច​ចូល​សំចត​នៅ​មូលដ្ឋានទ័ព​របស់ខ្លួន​ទៅវិញទៅមក​ដើម្បី​ចាក់​ប្រេង និង​ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងទៀត​ដែល​ចាំបាច់​ក្នុងពេល​បំពេញ​ប្រតិបត្តិការ​យោធា​, បំពេញ​សកម្មភាព​សង្គ្រោះ និង ផ្តល់ជំនួយ​មនុស្សធម៌​ជាដើម​។​

​យ៉ាងណាមិញ ថ្វីបើ​មិនមាន​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ឥណ្ឌា​ក៏ដោយ ទង្វើ​ឥណ្ឌា​ពេលនេះ​បង្ហាញ​ច្បាស់​ថា ឥណ្ឌា​កំពុង​ដើរ​ចាក​ឆ្ងាយ​បន្តិច​ហើយពី​គោលការណ៍​ប្រពៃណី « មិន​ចូលបក្ស​សម្ព័ន្ធ​» និង​«​ឯករាជ្យ​» ដែលជា​គោលការណ៍​ស្នូល​នៃ​នយោបាយ​ការបរទេស​របស់ខ្លួន​នោះ​។   ហើយ​រឿង​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ គឺ​របាយការណ៍​ព័ត៌មាន​ឥណ្ឌា​ជាច្រើន​បាន​ចុះផ្សាយ​កន្លងមក​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នឹងមិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ថែមទៀត​។ លោក ម៉ូ​ឌី សម្រេចចិត្ត​មិន​ចូលរួម ទោះជា​មានការ​អញ្ជើញ​ច្រើនដង​ក៏ដោយ​។​

​ត្រឡប់មកវិញ វា​អាច​ថា ជា​រឿង​វែងឆ្ងាយ​ទៅមុខទៀត ដែល​ឥណ្ឌា​នឹង​ឈានទៅ​ក្លាយជា​សម្ព័ន្ធមិត្ត​អាមេរិក​។ ហើយ​ឥណ្ឌា​ក៏​ប្រហែលជា​មិនអាច​ស្រ​វ៉ា​ចាប់​អាមេរិក​ធ្វើជា​សម្ព័ន្ធមិត្ត ហើយ​បោះបង់ចោល​រុស្ស៊ី​ដែលជា​មិត្ត​ដ៏​ស្និទ្ធស្នាល​តាំងពី​យូរអង្វែង និង​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដល់​ខ្លួន​រាប់​ឆ្នាំ​ដែរ​។

 ប៉ុន្តែ​រឿង ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គាំទ្រ​ភ័ស្តុភា​យោធា​រវាង​ឥណ្ឌា​និង​អាមេរិក​នោះ​ធ្វើឡើង​ស្រប​ពេលដែល  ឥណ្ឌា​កំពុង​ស្វះស្វែង​ចូលរួម​ជាមួយ​ក្រុម​ផ្គត់ផ្គង់​នុយក្លេអ៊ែរ (Nuclear Supplier Group)​ផង​។ ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​វា​ទើប​សម្រេចបាន​នៅពេលនេះ​។ ដូច្នេះហើយ គេ​អាច​សន្និដ្ឋានបានថា ឥណ្ឌា​ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​នេះ​ជាមួយ​អាមេរិក ជា​ថ្នូរ​នឹង​ការទទួលបាន​ការគាំទ្រ​ពី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​អាច​ក្លាយជា​សមាជិក​ក្រុម​ផ្គត់ផ្គង់​នុយក្លេអ៊ែរ​។​

២.​ឥណ្ឌា​តែងតែ​ចាត់ទុក​មហា​យក្ស​ចិន​ជា​គ្រោះថ្នាក់​
​ឥណ្ឌា​មើលឃើញ​មហា​យក្ស​ចិន​ជា​គ្រោះថ្នាក់ ហើយ​ឥណ្ឌា​ភ័យ​ថា កាលណា​ចិន​កាន់តែខ្លាំង និង​កាន់​តែមាន​ឥទ្ធិពល  មហាសមុទ្រ​ឥណ្ឌា​ក៏​នឹង​ក្លាយ​តំបន់​ស្ថិតក្រោម​ឥទ្ធិពល​របស់​ចិន​ដែរ​។ តាំងពី​យូរយារ​មកហើយ​ឥណ្ឌា ចាត់ទុក​មហាសមុទ្រ​ឥណ្ឌា ជា​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ផ្តាច់មុខ ហើយ​គ្មាន​អ្នកណាម្នាក់​មក​ដណ្តើមបាន​ឡើយ​។

​គោលនយោបាយ​យុទ្ធសាស្ត្រ « វិថី​សូត្រ​សមុទ្រ​» និង គម្រោង​«​ខ្សែ​គជ់​»​របស់​ចិន​សុទ្ធតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​បារម្ភ ពី​អនាគត​នៃ​តំបន់​ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង និង​ឥទ្ធិពល​ខ្លួន​លាតសន្ធឹង​លើ​មហាសមុទ្រ​ឥណ្ឌា និង​អាស៊ី​ខាងត្បូង​ផង​នោះ​។ កន្លងមក ទោះជា​ចិន​អះអាងថា រាល់​គោលនយោបាយ​ខ្លួន​ខាងលើ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្តី​ក៏ដោយ ឥណ្ឌា​មិនដែល​ជឿជាក់​ឡើយ​។ 

​តាមពិតទៅ គម្រោង​«​ខ្សែ​គជ់​» របស់​ក្រុង​ប៉េកាំង សំដៅ​ដល់ ប្រព័ន្ធ​ទំនាក់ទំនង​ផ្លូវ​សមុទ្រ ដែល​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិ កងទ័ព​ចិន និង​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ចិន​នៅតាម​ផ្លូវ​សមុទ្រ ដែល​លាតសន្ធឹង​ពី​ចិន​ដល់​តំបន់​អាហ្វ្រិក​ឯណោះ​។ ដូច​ឃើញស្រាប់ ចិន បានសម្រេច​សង់​និង​ដាក់​ឲ្យ​ដំណើរការ​នូវ​មូលដ្ឋានទ័ព នៅ​ប្រទេស​ជី​ប៊ូ​ទី កាលពី​ប៉ុន្មាន​ខែ​មុន​នោះ​។

​ក្រៅពី​បញ្ហា​នេះ ការបន្ត​ធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ការទាមទារ​យក​តំបន់​ជម្លោះ​ស្ទើរតែ​ទាំងស្រុង​នោះ ក្លាយជា​រឿង​ដែល​ឥណ្ឌា​ព្រួយបារម្ភ​ខ្លាំង​ដែរ​។ ដូច​សហរដ្ឋអាមេរិក ដែរ ឥណ្ឌា ចាត់ទុក សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ​ជាគោលការណ៍​សំខាន់​មិនអាច​ខ្វះ​បានឡើយ​។ ដូច្នេះហើយ​កន្លងមក​ឥណ្ឌា​ស្នើ​ឲ្យ​ចិន​គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សមុទ្រ ហើយក៏​ឈានទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្នុងការ​រក្សា​ឲ្យ​បាន​នូវ​សិទ្ធ​សេរីភាព​នាវាចរណ៍​និង​ហោះហើរ​នេះដែរ​។​

​ម្យ៉ាង ព្រោះតែ​ជម្លោះដែនសមុទ្រ និង​ការកើនឡើង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​នេះ ឥណ្ឌា​ក៏​សម្រេច​ផ្លាស់ប្តូរ​គោលនយោបាយ​ខ្លួន​ពី គោលនយោបាយ​សំឡឹង​ទៅ​ទិសខាងកើត ទៅជា​«​ធ្វើ​សកម្មភាព​ទិសខាងកើត​»​វិញ ដើម្បី​ចែចូវ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ និង​ពង្រីក​តួនាទី​របស់ខ្លួន​ឲ្យ​កាន់តែ​ធំ​ដើម្បី​ប្រជែង​ចិន​ដែរ​៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com