អន្តរជាតិ
អាមេរិក​ថ្លែងថា​ការអះអាង​របស់​រុស្ស៊ី​ដែលថា ខ្លួន​បានសម្លាប់​អ្នកនាំពាក្យ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះ គឺជា​រឿង​មិន​ពិត​នោះទេ​
02, Sep 2016 , 8:19 am        
រូបភាព
ដោយ: VOA
​មន្ត្រី​មួយរូប​របស់​អាមេរិក​បាន​ប្រាប់ VOA ថា​៖ «​ការអះអាង​របស់​រុស្ស៊ី​ដែលថា ខ្លួន​បានធ្វើការ​វាយប្រហារ​តាម​អាកាស​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​បានសម្លាប់​អ្នកនាំពាក្យ និង​មេ​យុទ្ធសាស្ត្រ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះ គឺជា​រឿង​មិន​ពិត​នោះទេ​។​


​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ថ្លែងថា​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ចំនួន ៤០​នាក់ រួមទាំង Muhammad al-adnani ក្នុងអំឡុងពេល​ទម្លាក់​គ្រាប់បែក​នៅក្បែរ​ទីក្រុង Aleppo កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។ មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ប្រាប់ VOA ថា ការអះអាង​របស់​រុស្ស៊ី​គឺជា «​ការប៉ុនប៉ង​ផ្តល់ព័ត៌មាន​មិន​ពិតតែ​ប៉ុ​ណ្ណ‍ោះ​»​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ថ្លែងថា al-adnani ស្ថិតក្រោម​ការតាមដាន​ក្នុងពេលខ្លះ ហើយ​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​នៅក្បែរ​ភូមិ Washiya ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Aleppo​។​

​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​ពី​ការស្លាប់​របស់ Abu Muhammad al-Adnani កាលពី​ថ្ងៃ​អង្គារ ដោយ​និយាយថា al-Adnani ត្រូវបាន​សម្លាប់​ក្នុងខណៈ​ពេលដែល​គាត់​កំពុង​អង្កេត​ការណ៍​ប្រតិបត្តិការ​វាយបក​យុទ្ធនាការ​យោធា​ប្រឆាំងនឹង​រដ្ឋា​ភិ​បា​ល‍​»​។​

​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​រូបនេះ​បាន​ថ្លែងថា al-Adnani មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុងការ​ជ្រើសរើស​ជន​ស​កម្ម​ប្រយុទ្ធ​បរទេស ហើយក៏​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ការវាយប្រហារ​ធំៗ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្រៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ដែលជា​តំបន់​គោល​របស់ខ្លួន​នោះ​ផងដែរ​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com