ជាតិ
ក្រសួង​ធនធានទឹក​៖ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ពី​តិច​ទៅ​ច្រើន ស្ទើរ​គ្រប់​តំបន់​
01, Sep 2016 , 8:39 pm        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​បន្ថែម​ពី​ការព្យាករណ៍​អាកាសធាតុ​ថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​មធ្យម និង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​កាត់​លើ​អាង​ទន្លេមេគង្គ បាន​ថមថយ​ឥទ្ធិពល​។ ចំណែក​ព្យុះ​ទី​១០ ឈ្មោះ LIONROCK បានធ្វើ​ដំណើរ​ទៅដល់​ភាគ​ខាងជើង​ឧបទ្វីប​កូរ៉េ និង​បាន​ចុះខ្សោយ​ឥទ្ធិពល​មកជា​សម្ពាធ​ទាប​។ នេះ​បើតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​។​


​ផ្អែក​តាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ កម្ពុជា​មានការ​ប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់​។ ចំពោះ​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ និង​តំបន់​ខ្ពង់រាប មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ពិសេស​ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និង​ខេត្តមណ្ឌលគិរី​។​

​ចំណែកឯ​តំបន់​វាលទំនាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ប៉ុន្តែ​ផ្នែក​មួយចំនួន​នៃ​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការយកចិត្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារតែ​ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ដោយ​យថាហេតុ​៕


© រក្សាសិទ្ធិដោយ thmeythmey.com