ជាតិ
គម្រោង​អភិវឌ្ឍន៍​ទីតាំង​អគារ​ប៊ូ​ឌី​ញ នឹងត្រូវ​ចំណាយ​ថវិកា ៧០​ទៅ​៨០​លាន​ដុល្លារ​
28, Oct 2016 , 10:53 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​នៅ​ទីតាំង​អគារ​ប៊ូ​ឌី​ញ  ក្នុង​ទឹកប្រាក់ ៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​។​

 
​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​សួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​២៧​ខែតុលា​នេះ បាន​ជួប​ជាមួយ​ពលរដ្ឋ​សហគមន៍​ប៊ូ​ឌី​ញ ដើម្បី​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅនឹងកន្លែង​នៅ​ទីតាំង​អគារ​ប៊ូ​ឌី​ញ ដែល​កំពុង​តែមាន​សភា​ព​ទ្រុឌទ្រោម​ខ្លាំង​។ សេចក្ដីប្រកាស​របស់​ក្រសួង​ឲ្យ​ដឹងថា  ក្នុងជំនួប​នេះ លោក ជា សុផារ៉ា ថ្លែងថា ការអភិវឌ្ឍន៍​នៅ​ទីតាំង​នោះ គឺជា​ការយកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ  ដើម្បី​ឲ្យ​ពួកគាត់​រស់នៅក្នុង​សេចក្ដីថ្លៃថ្នូរ សុវត្ថិភាព និង​សុខមាលភាព​។​
  
​បើតាម​សេចក្ដីប្រកាស​ខាងលើ គម្រោង​អភិវឌ្ឍន៍ ដែល​ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន Arakawa កំពុង​សិក្សា​នេះ ត្រូវបាន​វាយតម្លៃថា​នឹង​ចំណាយ​ថវិកា ៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។ គម្រោង​នេះ​មានការ​សាងសង់​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ការសង់​អគារ​ថ្មី​កម្ពស់ ២១​ជាន់ ដោយ​រួមមាន​ទីតាំង​ចំណត ៣​ជាន់​, កន្លែង​លក់ដូរ​១​ជាន់​, កន្លែង​ស្នាក់នៅ​៥​ជាន់ ហើយ​ចាប់ពី​ជាន់​ទី​៩​ឡើង​ទៅនឹង​ក្លាយជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន  Arakawa ។​
 
​សេចក្ដីប្រកាស​ដដែល​នេះ​បញ្ជាក់ថា ក្រសួង​នឹង​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​អនុត្ត​គម្រោង​នេះ ។ ទន្ទឹមនឹងនេះ សេចក្ដីប្រកាស​ក៏បាន​ស្រង់​ប្រសាសន៍ លោក ជា សុផារ៉ា ដែល​លោក​រំពឹងថា អគារ​ថ្មី​នេះ នឹង​លេច​រូបរាង​របស់ខ្លួន​ក្នុង​រយៈពេល​ប្រម​ណ ៤​ឆ្នាំ​ទៀត​។​
 
​អគារ​ប៊ូ​ឌី​ញ ត្រូវបាន​ស្ថាបនា​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕
 



Tag:
 ប៊ូ​ឌី​ញ​
  ជា សុផារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com