ជាតិ
ឧទ្ធរណ៍​បើកសវនាកា​លើ​ករណី​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​
29, Oct 2016 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ សាលាឧទ្ធរណ៍ នឹង​បើកសវនាការ លើ​បណ្តឹង​របស់​ក្រម​មេធាវី ដែល​ប្តឹង​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឯកឧត្តម កឹម សុខា ឲ្យ​ពន្ធនាគារ​រយៈពេល​៥​ខែ​។


លោក សំ សុ​គង់ មេធាវី​មួយ​របស់​ឯកឧត្តម កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា លោក បានទទួល​លិខិត​ពី​សាលាឧទ្ធរណ៍​រួចហើយ ទាក់ទង​នឹង​ការបើក​សវនាការ នៅពេល​ខាង​មុន​។ លោក សំ សុ​គង់ បញ្ជាក់ថា ក្រុម​មេធាវី នឹង​ចូល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ទៅតាម​ផ្លូវច្បាប់​។ យ៉ាងណា លោក​មេធាវី​រូបនេះ មិនអាច​ជម្រាប​បានទេ​ថា ឯកឧត្តម កឹម សុខា នឹងចូលរួម​ក្នុង​សវនាការ ឬក៏​អវត្តមាន​។​

ការបើក​សវនាការ​នា​ពេលខាងមុខ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។ ក្រុម​មេធាវី បាន​ប្តឹងទៅ​សាលា​ឧ​ទ្ធ​ណ៍ ដើម្បី​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ ចាត់ទុកថា ជា​បទល្មើស​ជាក់ស្តែង​។

ក្រុម​មេធាវី យល់ថា ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​នៃ​ច្បាប់​នោះទេ​។ ក្រុម​មេធាវី អះអាង​ទៀតថា ឯកឧត្តម កឹម សុខា ក៏​មិនមាន​ទោសកំហុស ដូច​អ្វីដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ដែរ​៕


Tag:
 តុលាការ​
  មេធាវី​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com