អន្តរជាតិ
កូរ៉េខាងត្បូង​បំពាក់​មី​ស៊ី​ល​លើ​យន្តហោះ F-16 ដែល​អាច​កម្ទេច​ទីតាំង​សំខាន់ៗ​កូរ៉េខាងជើង​
19, Dec 2016 , 11:19 pm        
រូបភាព
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានសម្រេច​បំពាក់​គ្រាប់បែក​និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​លើ​យន្តហោះ​ប្រដេញ F-16 ។ អាវុធ​ថ្មី​ដែល​ត្រូវ​បំពាក់​លើ​យន្តហោះ​ចម្បាំង​នេះ​នឹង​ជួយ​ឲ្យ​កងទ័ពអាកាស​កូរ៉េខាងត្បូង​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់​និង​អាច​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​ក្រុង​ព្យុងយ៉ាង​ផងដែរ​។


​ថ្ងៃ ១៩ ធ្នូ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​ចុះផ្សាយ​ថា យន្តហោះ​ចម្បាំង F-16 របស់​កូរ៉េខាងត្បូង​ទទួលបាន​ការបំពាក់​ស​ព្វា​វុ​ធ​ថ្មី​ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​។ យន្តហោះ​នេះ​ត្រូវបាន​បំពាក់​ដោយ​គ្រាប់បែក និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ដែល​វា​អាច​បាញ់​កម្ទេច​ទីតាំង​សំខាន់ៗ​នៅ​កូរ៉េខាងជើង​ផងដែរ​។​

​បើតាម​ការដឹង​ពី​សំណាក់​កងទ័ពអាកាស​ក្រុង​សេ​អ៊ូ​ល មី​ស៊ី​ក​បាញ់​ពីលើ​អាកាស AIM-120 ត្រូវបាន​គេ​បំពាក់​លើ​យន្តហោះ​ចម្បាំង F-16 ដែល​វា​អាច​បាញ់​បាន​ចម្ងាយ​ពី ៥០ ទៅ ១៨០ គីឡូម៉ែត្រ​ឯណោះ​។

​ក្រៅពីនេះ យន្តហោះ​ប្រដេញ​នេះ​ក៏​ត្រូវបាន​បំពាក់​ដោយ​គ្រាប់បែក GBU-31JDAM ដែល​ទម្លាក់​ពីលើ​អាកាស​ដោយមាន​ប្រព័ន្ធ​បញ្ជា​ផងដែរ​។ កងទ័ពអាកាស​កូរ៉េខាងត្បូង​បាន​សង្កត់ធ្ងន់ថា គ្រាប់បែក​នេះ​អាចមាន​សមត្ថភាព​បំផ្លាញ​ទីតាំង​យោធា​កូរ៉េខាងជើង ក្នុងពេល​អាសន្ន​បាន​។

​ការបំពាក់​អាវុធ​បន្ថែម​ឲ្យ​យន្តហោះ​ចម្បាំង F-16 នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង​ដើម្បី​ប្រឆាំង​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ​ជាពិសេស​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​។​

​យន្តហោះ F-16 មាន​តួនាទី​សំខាន់​ក្នុង​ការបំពេញ​ប្រតិបត្តិ​ការថែរក្សា​សន្តិសុខ​ដែនអាកាស របស់​កូរ៉េខាងត្បូង​ចាប់តាំងពី​ពេលដែល​យន្តហោះ​នេះ​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ១៩៨៦ នោះ​។ ដូច្នេះហើយ យន្តហោះ​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ការពារជាតិ​កូរ៉េខាងត្បូង​ចាំបាច់​ត្រូវមាន​ការកែលម្អ និង​បំពាក់​សព្វាវុធ​ថ្មីៗ​បន្ថែម​ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​។

​ដល់​ឆ្នាំ ២០០៩ កូរ៉េខាងត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Lockheed Martin Corp ដើម្បី​បន្ទាន់​សម័យ​យន្តហោះ​នេះ​។ ដល់​ឆ្នាំ ២០១៣ យន្តហោះ​ចម្បាំង F-16 ប្រហែល ៣០ គ្រឿង​ត្រូវបាន​គេ​កែលម្អ និង​បន្ទាន់​សម័យ​ដោយមាន​បំពាក​សព្វាវុធ​និង​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ដែរ​។​


Tag:
 F-16
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com