អន្តរជាតិ
បន្ថែម​ពី​ចលនា​ប្រឆាំង​ក្នុងស្រុក ម៉ាឡេស៊ី តាម​រិះគន់​មី​យ៉ាន់​ម៉ា​ដល់​ក្នុងផ្ទះ
19, Dec 2016 , 5:01 pm        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman
លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman
ដោយ:
​បន្ថែម​ពី​ចលនា​ពី​បាតុកម្ម​ក្នុងប្រទេស រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ នៅមុខ​រដ្ឋាភិបាល​ក្រុង​ណៃ​ពី​ដោរ បាន​ពណ៌នា​បញ្ហា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ថា​ជា​ក្តីបារម្ភ​ក្នុង​តំបន់​មួយ និង​ថែមទាំង​ទទូច​ឲ្យ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចូលរួម​សហការ​លើ​ជំនួយ​មនុស្សធម៌ និង​ការស៊ើបអង្កេត​លើ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិភាគតិច​ទាំងនោះ​ផងដែរ​។


«​យើង​ជឿជាក់ថា បញ្ហា​(​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​) កំពុងតែ​ក្លាយជា​ក្តីបារម្ភ​ក្នុង​តំបន់ ហើយ ក៏​គួរតែ​ត្រូវបាន​ដោះស្រាយ​ទាំងអស់គ្នា​ផងដែរ​»​។ នេះ គឺ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Anifah Aman ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​ក្រុង​រ៉ង​ហ្គូ​ន​នៅ​ថ្ងៃទី​១៩ ធ្នូ ដែល​ត្រូវបាន​ភ្នាក់ងារ​ព័ត៌មាន Reuters ស្រង់​ចេញពី​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​នោះ​។

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​នៅក្នុង​រដ្ឋ Rakhine គឺជា​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​មួយ​នៅក្នុង​តំបន់ ដោយ​លោក ពន្យល់ថា មាន​ជនជាតិភាគតិច​រ៉ួ​ហ៊ីង​យ៉ា​ប្រមាណ ៥៦០០០​កំពុងតែ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​២០១៥​នោះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ដែល​បន្តទៀតថា លោក​ប្រមុខ​ការទូត ក៏បាន​រិះគន់​ទៀតថា ដំណើរការ​នៃ​ការធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​លើ​សិទ្ធិ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នោះ ហាក់ដូចជា​យឺតយ៉ាវ​។

​សូម​ជម្រាប​ផងដែរ​ថា លោកស្រី​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជីបាន​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ក្រៅផ្លូវការ​មួយ​នៅ​ថ្ងៃទី​១៩ ធ្នូ ក្នុង​ក្រុង​រ៉ង​ហ្គូ​ន​នេះ ក្នុង​គោលដៅ​ចែករំលែក​ពី​ព័ត៌មាន​លម្អិត​ជាមួយនឹង​សម​ភាគី​អាស៊ាន​លើ​ការអភិវឌ្ឍ​របស់​ប្រទេស​នា​រយៈពេល​ចុងក្រោយ និង​ជាពិសេស​នោះ​លើ​ជម្លោះ​នៅក្នុង​រដ្ឋ Rakhine ដែល​កំពុង​តែមាន​ចម្រូងចម្រាស​ខ្លាំង​លើ​បញ្ហា​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​ការធ្វើ​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។​

 កិច្ចប្រជុំ​នេះដែរ ធ្វើឡើង​ក្រោយពី​មាន​ចលនា​របស់​ប្រជាជន​ជនជាតិ​ម៉ូ​ស្លី​ម​ដែលមាន​ទាំង​នៅ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ បាន​ប្រមូល​ផ្តុំគ្នា​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកស្រី ស៊ូ​ជី បញ្ឈប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ Rakhine ។

​កិច្ចប្រជុំ​ក្រៅផ្លូវការ​នេះដែរ មិនមែនជា​រឿង​ចែដ​ន្យ​ឡើយ​។ មិន​ចៃដន្យ​នោះ ក៏​ដោយសារតែ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី បាន​មាន​ល្ខោន​ឆ្លើយឆ្លង​គ្នា​ពាក់ព័ន្ធ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ដែល​មតិ​មួយចំនួន​ចាត់ទុកថា​ការមិនយល់​ចិត្ត​គ្នា និង​អាច​ជំរុញ​ឲ្យ​អាស៊ាន​បែកបាក់​សាមគ្គីភាព​គ្នា​ផងដែរ​នោះ​។ នៅ​ថ្ងៃទី​០៤ ខែធ្នូ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដឹកនាំ​បាតុកម្ម និង​ការប្រមូលផ្តុំ​សន្តិវិធី​ដែលមាន​ការចូលរួម​ពី​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ ៥០០០​នាក់ នៅក្បែរ​ស្ថានទូត​មី​យ៉ាន់​ម៉ា ប្រចាំ​កូ​ឡា​ឡាំ​ពួរ​ក្នុង​គោលដៅ​បង្ហាញ​ពី​ការព្រួយបារម្ភ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​នៅ​មី​យ៉ាន់​ម៉ា និង​ប្រឆាំងនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើ​ក្រុម​ជនជាតិភាគតិច​ទាំងនោះ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅក្នុង​ចំណោម​ការប្រមូល​ផ្តុំ​ដ៏​ធំ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​ការបង្ក្រាប​បង្ហូរឈាម​លើ​ក្រុម​ជនជាតិភាគតិច​។ ហើយ​លោក ថែមទាំង​ប្រើពាក្យ​វាយប្រហារ​ខ្លាំង​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយ​លោក ចោទ​យ៉ាង​ដូច្នេះ​ថា​៖«​តើ​អ៊ុង​សាន ស៊ូ​ជី ប្រើ​ងារ​ពានរង្វាន់​ណូ​ប៊ែ​ល​ដើម្បី​ធ្វើ​អ្វីខ្លះ​? យើង​ត្រូវតែ និង​ការពារ​ប្រជាជន​ម៉ូ​ស្លី​ម និង​សាសនា​ឥស្លាម​»​។​

​កន្លងមក លោកស្រី​អ៊ុង​សាន ស៊ូ​ជី​វិញ ក៏​ធ្លាប់​ប្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ យោបល់ និង​ទុក​ឲ្យ​រដ្ឋាភិបាល​លោកស្រី ដោះស្រាយ​បញ្ហា និង​ថែមទាំង​សុំ​ចិត្ត​សហគមន៍​អន្តរជាតិ​លើកឡើង​បញ្ហា​ក្នុងស្រុក​ខ្លួន​ឲ្យ​កាន់តែ​ធំ​ទៀតផង​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​សិង្ហ​បុរី​នាពេល​ថ្មីៗ​នេះ លោកស្រី​ទីប្រឹក្សា​រដ្ឋ​អ៊ុង​សាន ស៊ូ​ជី ក៏បាន​ផ្ញើ​សារ​ខ្លាំង​ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ​ផងដែរ​។ លោកស្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ នឹង​ស្វាគមន៍ ប្រសិនបើ សហគមន៍​អន្តរជាតិ នឹង​ជួយ​យើង​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព និង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការកសាង​ទំនាក់ទំនង​រវាង​សហគមន៍​ទាំងពីរ​កាន់តែ​ល្អប្រសើរ​(​ក្រុម​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ភាគច្រើន​ពុទ្ធសាសនិក​) ជំនួស​ដោយ​ការ​តែងតែ​ការអំពាវនាវ និង​ការសម្តែង​ការខកចិត្ត​ពី​បញ្ហា​ជាដើម​នោះ​»៕


Tag:
 ម៉ាឡេស៊ី​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com