អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការិយាល័យ​ប្រធានាធិបតី​៖ អតីត​យោធា​មី​យ៉ាន់​ម៉ា ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​មេធាវី​បក្ស​កាន់អំណាច​លោកស្រី ស៊ូ​ជី​
16, Feb 2017 , 2:44 pm        
រូបភាព
ដោយ:
 
​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ម្សិលមិញ បានចេញ​សេចក្តីប្រកាស​មួយ ដោយបាន​ចោទ​អតីតមន្ត្រី​យោធា​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការសម្លាប់​មេធាវី​បក្ស​កាន់អំណាច​លោកស្រី អ៊ុង​សាន ស៊ូ​ជីកា​លពី​ខែ​មុន​។ នេះ​បើ​យោងតាម​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​បាង​ង​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ។
 
​សេចក្តីប្រកាស​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​និយាយថា​៖« អតីតមន្ត្រី​យោធា​ឈ្មោះ Aung Win Khine ដែលមាន​ឋាន​ជា​វីរៈ​សេនីយ៍ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​មេធាវី Ko Ni ដែលជា​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ជាន់ខ្ពស់​នៃ​កាន់អំណាច និង​ជា​សមាជិក​នៃ​ក្រុម​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​ផងដែរ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដែល​ដកស្រង់​សេចក្តី​ប្រកាស​នោះ ដែល​បន្តទៀតថា ប៉ូលិស កំពុងតែ​ស្វែងរក​ចាប់ខ្លួន​អតីតមន្ត្រី​យោធា​នោះ​ផងដែរ​។ 
 
​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​២៩ ខែមករា​កន្លងទៅ លោក Ko Ni មេធាវី និង​ជាទី​ប្រឹក្សា​ច្បាប់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវ​ខ្មាន់កាំភ្លើង បាន​បាញ់សម្លាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​យ៉ាំង​ហ្គោ​ន បន្ទាប់ពី​លោក បាន​វិល​ត្រលប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី ដែល​កន្លែង​លោក ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មួយ​។ 
 
​ហេតុការណ៍​នេះ ក៏បាន​បណ្តាល​ឲ្យ​អ្នកបើក​តាក់ស៊ី​ម្នាក់​ដែល​បាន​ព្យាយាម​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង ត្រូវបាន​សម្លាប់​ផងដែរ​។ តែ​យ៉ាងណាក៏ដោយ ជនសង្ស័យ​ដែលជា​ឃាតករ ក៏​ត្រូវបាន​ឃាត់ខ្លួន​ក្រោយ​ហេតុការណ៍​ផងដែរ​។ 
 
​បើទោះបីជា រដ្ឋាភិបាល បាន​រកឃើញ​អ្នក​នៅ​ពីក្រោយ​នៃ​ការសម្លាប់​នេះ​ក៏ដោយចុះ ឃាតកម្ម​លើ​មេធាវី​ស្នូល​របស់​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​រូបនេះ បាន​បង្កើតជា​សំណួរ និង​ម​ណ្ទិ​ល​ជាច្រើន ថា​តើ​វា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​សាសនា​ជាតិ​សាសន៍​ដែល​កំពុង​តែមាន​ចម្រូងចម្រាស​ស្រាប់​នោះ​។ នោះ​ក៏​ព្រោះតែ លោក​មេធាវី គឺជា​អ្នក​ប្រឹក្សា​ច្បាប់​ដ៏​សំខាន់​របស់​បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ជាពិសេស​នោះ លើ​សេចក្តីព្រាង​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​យោធា និង​មួយវិញទៀត​នោះ លោក​គឺជា​អ្នកតស៊ូ​មតិ​តំណាង​ឲ្យ​ជនជាតិ​ឥស្លាម​មី​យ៉ាន់​ម៉ា​ទៀតផង​។​
 
​ក្រោយ​នៃ​ហេតុការណ៍​នេះ ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ក៏​ធា្ល​ប់​បានចេញ​សេចក្តីប្រកាស​មួយ ដោយបាន​ចាត់ទុក​ការធ្វើ​ឃាតកម្ម​លើ​មេធាវី​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៃ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី គឺជា​ចេតនា​មួយ​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​អស្ថិរភាព​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com