អន្តរជាតិ
បន្ថែមពីស្ត្រីវៀតណាម ប៉ូលិសម៉ាឡេស៊ី ចាប់ជនសង្ស័យពីរនាក់ទៀតលើឃាតកម្មបងប្រុសលោកគីមជុងអ៊ុន 16, Feb 2017 , 4:09 pm
លោក គីមជុងណាំ និងលោក គីម ជុងអ៊ុន (ប្រភពរូបភាព៖ The Telegraph)
× ប៉ូលិសម៉ាឡេស៊ី នៅថ្ងៃទី១៦ កុម្ភៈនេះ បានឲ្យដឹងថា ប៉ូលិស បានចាប់ខ្លួនស្ត្រីម្នាក់ និងបុរសម្នាក់ទៀតដែលជាជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មលើបងប្រុសរបស់ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ តាមការបញ្ជាក់របស់ប៉ូលិសម៉ាឡេស៊ី ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មានកាន់លិខិតឆ្លងដែនឥណ្ឌូណេស៊ី។
មេប៉ូលិសម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Khalid Abu Bakar បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍មួយថា៖«ជនសង្ស័យម្នាក់ ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈកាមេរ៉ាសុវត្ថិភាពពីដែលដាក់នៅព្រលានយន្តហោះហើយ។ ហើយតាមលិខិតឆ្លងដែនដែលដកហូតពីស្ត្រីជនសង្ស័យនោះ មានឈ្មោះថា Siti Aishah កើតនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩២ នៅក្នុងប្រទេសឥណ្ឌូណេស៊ី»។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានចិន Xinhua។
ហើយថ្ងៃដដែលនេះ ប៉ូលិស ក៏បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ទៀត ដែលជាមិត្តប្រុសរបស់ស្ត្រីសង្ស័យសញ្ជាតិឥណ្ឌូណេស៊ី។
សូមជម្រាបផងដែរ នៅថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ ពោលគឺក្រោយមួយថ្ងៃនៃហេតុការណ៍ឃាតកម្មនេះ ប៉ូលិសម៉ាឡេស៊ី ក៏បានចាប់ខ្លួនជនសង្ស័យដែលជាស្ត្រីម្នាក់ដែលប៉ូលិសកំណត់អត្តសញ្ញាណតាមរយៈកាមេរ៉ាសុវត្ថិភាពផងដែរ។ តាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសម៉ាឡេស៊ី ជនសង្ស័យនោះ មានភ្ជាប់ជាមួយនឹងលិខិតឆ្លងដែនវៀតណាម។
តាមសេចក្តីថ្លែងការណ៍ប៉ូលិសម៉ាឡេស៊ីដដែលនោះ បានបញ្ជាក់ដែរថា ស្ត្រីខាងលើត្រូវបានចាប់ឃុំខ្លួននៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ។ ស្ត្រីរូបនេះ ត្រូវបានកំណត់អត្តសញ្ញាណដែលមានឈ្មោះថា Doan Thi Huong កើតនៅខែឧសភា ឆ្នាំ១៩៨៨ ក្នុងប្រទេសវៀតណាម ។
ជុំវិញបញ្ហានេះ លោក លី ប្យុងហ៊ូ ប្រធានភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែធ្នូម្សិលមិញ បានអះអាងថាយ៉ាងដូច្នេះថា៖«បងប្រុសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានសម្លាប់ដោយសារធាតុពុលនៅម៉ាឡេស៊ី»។
ប្រមុខភ្នាក់ងារស៊ើបការណ៍ដដែលនោះ ក៏បានបញ្ជាក់ដែរថា៖« រយៈពេលប្រាំឆ្នាំហើយ ដែលក្រុងព្យុងយ៉ាង បានតាមប៉ុនប៉ុងធ្វើឃាតលោក គីម ជុងណាំ ដែលលោក បន្ថែមថា លោក គីម ជុងណាំ ត្រូវបានទទួលការការពារពីរដ្ឋាភិបាលចិននោះ។ ហើយគ្រួសាររបស់លោក គីមជុងណាំ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងក្រុងម៉ាកាវនៃប្រទេសចិន។» នេះបើយោងប្រភពព័ត៌មានដដែលនោះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលបានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោក គីម ជុងណាំ ដែលមានម្តាយផ្សេងគ្នាពីលោកប្រធានាធិបតីគីម ជុងអ៊ុន ត្រូវបានសម្លាប់នៅព្រលានយន្តហោះកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយសារស្ត្រីពីររូបដែលមិនទាន់ដឹងអត្តសញ្ញាណ ដោយពួកគេ ប្រើប្រាស់ម្ជុលដែលមានសារធាតុពុល មុនពេលគេចខ្លួនទៅក្នុងតាក់ស៊ី៕
Tag:
វៀតណាម
ម៉ាឡេស៊ី
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com