អន្តរជាតិ
បេក្ខភាព​រដ្ឋមន្ត្រី​ការងារ​របស់លោក ត្រាំ ដកខ្លួន​មុន ព្រោះ​ដឹងថា​មិនអាច​ឈ្នះ​ការគាំទ្រ​ពី​ព្រឹទ្ធសភា
16, Feb 2017 , 10:59 pm        
រូបភាព
លោក Andy Puzder ជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ
លោក Andy Puzder ជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ
​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទើប​តែមាន​រដ្ឋមន្ត្រី​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ចាប់តាំងពី​លោក​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​២០ ខែមករា​។ ព្រឹទ្ធសភា​អាមេរិក ដែល​ទទួលបន្ទុក​ត្រួតពិនិត្យ និង​បោះឆ្នោត​លើ​បេក្ខភាព​រដ្ឋមន្ត្រី​នីមួយៗ បាន​បង្កើន​ការ​រឹតបន្តឹង​បេក្ខភាព​ដែល​ប្រធានាធិបតី ត្រាំ បានជ្រើសរើស និង​បញ្ជូន​ឈ្មោះ​មក​។ ដោយសារ​រឿងនេះ Andrew Puzder ក៏បាន​ដកខ្លួន​ជា បេក្ខជន​រដ្ឋមន្ត្រី​ការងារ ដ្បិត​លោក​មានរឿង​អាស្រូវ​ច្រើន ដែល​មិនអាច​ទទួល​ការគាំទ្រ​ពី​ព្រឹទ្ធសភា​បាន​។​


​មហាសេដ្ឋី​ភោជនីយដ្ឋាន Andrew Puzder ដែល​ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ដល់​ទំនុកចិត្ត​សម្រាប់​បេក្ខភាព​តំណែង​រដ្ឋមន្ត្រី​ការងារ បានសម្រេច​ចិត្ត​ដកខ្លួន​វិញ ស្របពេល​មានការ​បារម្ភ​ថា លោក​មិនអាច​ឆ្លង​ផុត​ដំណាក់កាល​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​ឡើយ​។ ការដកខ្លួន​របស់លោក Andrew Puzder គឺជា​ការវាយប្រហារ​មួយទៀត​លើ​លោក ត្រាំ ដែល​មិនទាន់មាន​រដ្ឋមន្ត្រី​គ្រប់គ្រាន់ និង​កំពុង​ប្រឈមមុខ​បញ្ហា​មន្ត្រី​លាលែង​ដោយសារ​រឿងអាស្រូវ​។​

​លោក Andrew Puzder ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CKE Restaurants Inc ចោមរោម​ដោយ​បញ្ហា​ជាច្រើន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ខែ​មុន លោក Puzder សារភាពថា លោក​និង​ភរិយា បាន​ជួល​ស្ត្រី​គ្មាន​ឯកសារ​មក​ធ្វើការ​ក្នុងផ្ទះ​។ លើសពីនេះ លោក​ក៏​ប្រឈមមុខ​ការតវ៉ា​ផ្លូវច្បាប់​ជាច្រើន​ពី​សំណាក់​កម្មករ​ប្រឆាំង​ក្រុមហ៊ុន​រកស៊ី​របស់លោក​ទៀតផង​។

​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១៥ ខែកុម្ភៈ លោក Puzder និយាយថា​៖ «​បន្ទាប់ពី​ការពិភាក្សា និង​ការពិចារណា​ដិតដល់​ជាមួយ​គ្រួសារ ខ្ញុំ​សម្រេចចិត្ត​ដកខ្លួន​ជា​បេក្ខភាព​រដ្ឋមន្ត្រី​ការងារ​»​។ ការដក​បេក្ខភាព​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​មុនពេល​ព្រឹទ្ធសភា​អាមេរិក​បើក​កិច្ចប្រជុំ​អនុម័ត​បេក្ខភាព​របស់លោក​។ យ៉ាងតិចណាស់ សមាជិក​ព្រឹទ្ធសភា​ចំនួន​៧​នាក់​មកពី​បក្ស​សាធារណរដ្ឋ បានប្រកាស​ទុក​មុន​ហើយ​ថា ពួកគេ​ប្រឆាំង​បេក្ខភាព​លោក Puzder ។​

​ច្បាស់​ណាស់​ថា លោក Puzder ដឹងខ្លួន​មិនអាច​ទទួល​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​ព្រឹទ្ធសភា ទើប​សម្រេចចិត្ត​ដកខ្លួន​មុន​។ នេះ​ក៏​ព្រោះតែ​សមាជិក​ព្រឹទ្ធសភា ជាពិសេស​ក្រុម​ប្រជាធិបតេយ្យ បានដាក់​សម្ពាធ​ខ្លាំង​លើ​បេក្ខភាព​សមាសភាព​នីមួយៗ​របស់​រដ្ឋាភិបាល​លោក ត្រាំ មុននឹង​បោះឆ្នោត​សម្រេច​។ រដ្ឋមន្ត្រី​ភាគច្រើន​របស់លោក ត្រាំ ដែល​ឆ្លង​ផុតពី​ដៃ​ព្រឹទ្ធសភា ស្ទើរតែ​មិនអាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់​បាន​ពី​សមាជិក​ព្រឹទ្ធសភា​។​

​ជាក់ស្ដែង​នោះ លោកស្រី Betsy DeVos សមាជិក​ជាន់ខ្ពស់​បក្ស​សាធារណរដ្ឋ ស្ទើរតែ​មិនអាច​ក្លាយជា    រដ្ឋមន្ត្រី​អប់រំ​ថ្មី​បាន​ទៅហើយ​។ ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​សាធារណរដ្ឋ​៥២​នាក់ លោកស្រី ទទួលបាន​ការគាំទ្រ​ចំនួន​៥០ ខណៈ​២​នាក់​ទៀត​បោះឆ្នោត​ព្រម​គ្នា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ​៤៨​នាក់​។ ជាមួយ​សំឡេងឆ្នោត​៥០-៥០ អនុ​ប្រធានាធិបតី Mike Pence ដែលជា​ប្រធានព្រឹទ្ធសភា​ដែរនោះ បាន​បោះឆ្នោត​ចុងក្រោយ​១​សំឡេងគាំទ្រ​លោកស្រី DeVos តែម្ដង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  Andrew Puzder
© រក្សាសិទ្ធិដោយ thmeythmey.com