អន្តរជាតិ
អាមេរិក សន្យាការពារ«ជប៉ុននិងកូរ៉េខាងត្បូង»ពីការគំរាមពីកូរ៉េខាងជើង ទោះត្រូវប្រើអាវុធនុយក្លេអ៊ែរក៏ដោយ 17, Feb 2017 , 11:04 am
រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាមួយនឹងរដ្ឋមន្ត្រីការបរទេស G20 នៅក្នុងអាល្លឺម៉ង់ (រូបភាព៖ Xinhua)
× រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នៅថ្ងៃទី១៦ កុម្ភៈម្សិលមិញ បានសន្យាថា ក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កាំភ្លើងធំ ដែលរាប់បញ្ចូលទាំងអាវុធនុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្តខ្លួនជប៉ុន និងកូរ៉េខាងត្បូងពីការគំរាមកំហែងពីកូរ៉េខាងជើង ក្នុងករណីដែលចាំបាច់បំផុត។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងរដ្ឋបាលអាមេរិក គ្រប់គ្រងដោយប្រធានាធិបតី ដូណាល់ ត្រាំ។
«សហរដ្ឋអាមេរិក នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារជាតិសម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និងជប៉ុន ដែលការប្តេជ្ញាចិត្តនោះ រាប់បញ្ចូលទាំងការផ្តល់ការការពារតាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធា»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Rex Tillerson ក្នុសន្និសីទសារព័ត៌មានរួមជាមួយនឹងសមភាគីកូរ៉េខាងត្បូង Yun Byung-se និងសមភាគីជប៉ុន Fumio Kishida ។
តាមរយៈសេចក្តីថ្លែងការណ៍រួមត្រីភាគីនោះដែរ ប្រមុខការទូតទាំងបី បានថ្កោលទោស និងពណ៌នាការបាញ់សាកល្បងរបស់កូរ៉េខាងជើងថាជាសកម្មភាពដ៏ថោកទាបមួយ ដែលបានល្មើសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ជាងនេះទៅទៀតនោះ ប្រមុខការទូតទាំងបី សន្យាធ្វើការរួមគ្នាដើម្បីធានាឲ្យកូរ៉េខាងជើងដឹងថា ការបំពានផ្សេងៗទៀតនឹងត្រូវប្រឈមជាមួយនឹងវិធានការអន្តរជាតិកាន់តែខ្លាំង ហើយ ក៏បានទាមទារឲ្យក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផងដែរ។
សេចថ្លែងការណ៍របស់សម្ព័ន្ធមិត្តទាំងបីនេះ ធ្វើឡើងបន្ទាប់ពី កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាលើកដំបូងក្នុងឆ្នាំ២០១៧ដែលក្រុងព្យុងយ៉ាងអះអាងថា មីស៊ីលនោះ អាចមានសមត្ថភាពបំពាក់គ្រាប់បែកនុយក្លេអ៊ែរបាន។
សូមជម្រាបផងដែរថា នៅថ្ងៃទី១២ កុម្ភៈកន្លងទៅ កូរ៉េខាងជើងក្រោមការបញ្ជាដោយផ្ទាល់ពីលោកប្រធានាធិបតី គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីលមួយឆ្ពោះទៅកាន់សមុទ្រជប៉ុនជាលើកដំបូងនៅក្នុងឆ្នាំ២០១៧នេះ។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលដែលបាញ់នោះ ជាប្រភេទមីស៊ីលចម្ងាយមធ្យមស៊េរីថ្មី Pukguksong-2 ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ មីស៊ីលនេះ ត្រូវបានអភិវឌ្ឍចេញពីមីស៊ីលបាលីស្ទិកបាញ់ពីនាវាមុជទឹក ដែលធ្លាប់ជោគជ័យក្នុងការសាកល្បងកាលពីខែសីហា ឆ្នាំ២០១៦។
នៅដើមខែកុម្ភៈកន្លងទៅថ្មីៗនេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Jame Mattis ក៏ធ្លាប់ថ្លែងការណ៍ស្រដៀងទៅនឹងរដ្ឋមន្ត្រីការបរទេសនេះដែរ ក្នុងពេល លោក បំពេញទស្សនកិច្ចទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។ ក្នុងពេលនោះដែរ ប្រមុខការពារជាតិអាមេរិក ថែមទាំងសន្យាក្នុងការធានាឲ្យបាននូវការបំពាក់ប្រព័ន្ធការពារមីស៊ីលនៅក្នុងទឹកដីកូរ៉េខាងត្បូងដើម្បីប្រឆាំងនឹងកូរ៉េខាងជើងឲ្យទាល់តែបានផងដែរ៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
ជប៉ុន
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com