អន្តរជាតិ
រុស្ស៊ី ចង់​ជួយ​ហ្វីលីពីន​ហ្វឹកហ្វឺន​អង្គរក្ស​ការពារ​លោក​ប្រធានាធិបតី Duterte
17, Feb 2017 , 2:11 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន ជួបប្រធានាធិបតីរុស្ស៊ី នៅប៉េរូ ចុងឆ្នាំ២០១៦
ប្រធានាធិបតីហ្វីលីពីន ជួបប្រធានាធិបតីរុស្ស៊ី នៅប៉េរូ ចុងឆ្នាំ២០១៦
ដោយ:
​ទីប្រឹក្សា​ជាន់ខ្ពស់​សន្តិសុខ​រុស្ស៊ី នៅ​ថ្ងៃ​១៦ កុម្ភៈ បានបង្ហាញ​ចេតនា​ក្នុងការ​ផ្តល់​លទ្ធភាព​ដល់​ហ្វីលីពីន​ក្នុងការ​អាច​ដំណើរការ​របាយការណ៍​ចារកម្ម​មួយ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​បទល្មើស និង​ក្រុម​ឧទ្ទាម និង​ថែមទាំង​ផ្តល់​វគ្គ​ហ្វឹកហ្វឺន​សម្រាប់​កងកម្លាំង​ពិសេស​ហ្វីលីពីន​ដែល​ត្រូវបានចាត់តាំង​ឲ្យ​ការពារ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte)​។


​លោក Nikolai Patrushev មន្ត្រីជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី និង​ជា​អ្នក​ប្រឹក្សា​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី Vladimir Putin បាន​សន្យា​ផ្តល់​លទ្ធភាព​ឲ្យ​ហ្វីលីពីន​អាច​ចូល​ប្រើប្រាស់​របាយការណ៍​ចារកម្ម និង​វគ្គ​ហ្វឹកហ្វឺន​សម្រាប់​កង​អង្គរក្ស​ប្រធានាធិបតី​ហ្វីលីពីន។ ការសន្យានេះ ធ្វើឡើងក្នុងជំនួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​សន្តិសុខ​ហ្វីលីពីន​ក្នុង​ក្រុង​ដា​វ៉ា​វ ដែលជា​កន្លែង​ដែល​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​រុស្ស៊ី​រូបនោះ ក៏បាន​បំពេញ​ទស្សនកិច្ច​នៅផ្ទះ​របស់លោក Duterte ផងដែរ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ជុំវិញ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana ក៏បាន​ឲ្យ​ដឹង​ដែលថា រុស្ស៊ី បាន​អញ្ជើញ​ហ្វីលីពីន ដើម្បី​ចូល​រូ​ម​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​រួមមួយ​ជាមួយគ្នា​ដើម្បី​ជំរុញ​កិច្ចការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន និង​ភេរវកម្ម ដែល​លោក ប្រមុខ​ការពារជាតិ​រូបនោះ ជឿជាក់ថា នឹង​អាចជួយ​តាមដាន​ក្រុម​សកម្មប្រយុទ្ធ និង​ចរន្ត​ហិរញ្ញវត្ថុ​របស់​ពួកគេ​។

​សំណើ​របស់​រុស្ស៊ី​ក្នុង​ការចង់​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទិន្នន័យ​ជាមួយនឹង​ហ្វីលីពីន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ គឺជា​គោលនយោបាយ​បរទេសមួយ​ដ៏​ឆ្លាត​របស់​រុស្ស៊ី ដ្បិត វត្តមាន​របស់​រុស្ស៊ី ធ្វើឡើង​ចំពេល​ដែល ហ្វីលីពីន កំពុង​តែមាន​ភាព​ប្រះ​ឆា​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាមេរិក​។ កន្លងមក អាមេរិក បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ការពារ​សន្តិ​សុខ​ក្នុងស្រុក​ហ្វីលីពីន​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ដ្បិត មាន​កងទ័ព​អាមេរិក​ជាច្រើន ក៏​ឈរជើង​នៅ​ទឹកដី​ហ្វីលីពីន​។​

​យ៉ាងណាក៏ដោយ ក្រោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ឡើងកាន់​អំណាច​មក ទំនាក់ទំនង​ទ្វេភាគី​ហ្វីលីពីន និង​អាមេរិក ជាពិសេស​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ បាន​ផ្លាស់ប្តូរ ដោយ ហ្វីលីពីន ហ៊ាន​ទាំង​ថ្លែងថា ចង់​ផ្អាក និង​ផ្តាច់ទំនាក់ទំនង​នេះ​ទៀតផង ដ្បិត ហ្វីលីពីន មិន​សប្បាយ​ចិត្តនឹង​អាមេរិក​ដែល​រិះគន់​ខ្លួន​ពី​បញ្ហា​សិទ្ធិមនុស្ស​នោះ​។

​ខណៈ​មិន​ឲ្យ​តម្លៃ​ទំនាក់ទំនង​ជាមួយនឹង​អាមេរិក ហ្វីលីពីន បាន​សរសើរ​ចិន និង​រុស្ស៊ី ជាពិសេស​នោះ ប្រធានាធិបតី Duterte បាន​សរសើរ​ពី​ភាព​ដឹកនាំ​របស់លោក​ប្រធានាធិបតី Putin ទៀតផង​។ ហើយ​នៅ​ខែឧសភា​ខាងមុខនេះ លោក Duterte នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ជា​លើកដំបូង​តប​តាម​ការអញ្ជើញ​របស់លោក Putin ផងដែរ​៕


Tag:
 រុស្ស៊ី​
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com