អន្តរជាតិ
អាជ្ញាធរ​មី​យ៉ាន់​ម៉ា បញ្ចប់​ប្រតិបត្តិ​ការបង្ក្រាប​នៅ​រដ្ឋ​ជម្លោះ​«​រ៉ូ​ហ៊ីង​យ៉ា​» ជាមួយ​ការចោទប្រកាន់​ច្រើន​ពី​សហគមន៍​អន្តរជាតិ
17, Feb 2017 , 3:03 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានបញ្ចប់​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​ជម្លោះជាតិសាសន៍​រ៉ូ​ហ៊ីង​យ៉ា Rakhine ហើយ​។ ការបិទ​បញ្ចប់​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោយពី អាជ្ញាធរ បាន​បើក​ការប្រយុទ្ធ​វាយបក​ទៅលើ​ក្រុម​ឧទ្ទាម​អស់​រយៈពេល​បួន​ខែ ដែល​សហគមន៍​អន្តរជាតិ បាន​ចោទ​ប្រតិបត្តិការ​នោះ ថា បាន​បង្កើត​បទល្មើស​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​តែម្តង​។​


«​ស្ថានភាព​នៅក្នុង​រដ្ឋ Rakhine មាន​ស្ថិរភាព​ឡើងវិញ​ហើយ​។ ហើយ​ប្រតិបត្តិការ​បោសសម្អាត​ដោយ​កង​កម្លាំងយោធា ក៏បាន​បញ្ឈប់​, បម្រាម​គោចរ ក៏បាន​ដក ហើយ​មានតែ​កងកម្លាំង​សមត្ថកិច្ច​ប៉ុណ្ណោះ​នោះទេ ដែល​បន្ត​នៅ​ឈរជើង​នៅ​ទីនោះ​ដើម្បី​រក្សា​សន្តិសុខ​»​។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ពាក់ព័ន្ធ​នឹង​ស្ថានភាព​រដ្ឋ​ជម្លោះជាតិសាសន៍​រ៉ូ​ហ៊ីង​យ៉ា Rakhine ដែល​ដកស្រង់ និង​ចុះផ្សាយ​ដោយសារ​ព័ត៌មាន AP​នៅ​ថ្ងៃទី​១៦ កុម្ភៈ​ម្សិលមិញ​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ជុំវិញ​បញ្ហា​នេះដែរ ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ក៏​បានចេញ​ថ្លែងការណ៍​ដាច់ដោយឡែក​ផងដែរ​។ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​លោក Zaw Htay បាន​ពន្យល់ថា ការបញ្ឈប់​ប្រតិបត្តិការ​យោធា មិនមែន​មានន័យថា រដ្ឋាភិបាល មិន​ដាក់​បញ្ឈរជើង​កម្លាំង​នៅ​ទី​នោះទេ​។ លោក បន្ថែមថា រដ្ឋាភិបាល នៅតែ​ដាក់​កងកម្លាំង​នៅ​ទីនោះ​ដើម្បី​រក្សា​សន្តិសុខ​ដដែល​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំមុន កងកម្លាំង​អាជ្ញាធរ បាន​បើក​ប្រតិបត្តិ​ការប្រយុទ្ធ​មួយ​នៅក្នុង​រដ្ឋ Rakhine ដែលមាន​សហគមន៍​ធំ​ពីរ​នៅ​ទីនោះ គឺ​សហគមន៍​ពុទ្ធសាសនិក និង​សហគមន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ដោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថា ការ​វាយបក​ទៅនឹង​ក្រុម​ឧ្ទាម​ដែល​បាន​វាយប្រហារ និង​សម្លាប់​ប៉ូលិស​តម្រួត​នៅ​ទីនោះ​។

​អ្វី​គួរកត់សម្គាល់​នោះ ប្រតិ​ប​ត្ត​ការ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អះអាងថា​ជាការ​វាយបក​ទៅលើ​ក្រុម​ឧទ្ទាម​នោះ បាន​បង្កើតជា​រឿងចម្រូងចម្រាស​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់​រដ្ឋ Rakhine នោះ​តែម្តង​។ រឿងចម្រូងចម្រាស​នោះ មាន​របាយការណ៍​អង្គការសិទ្ធិមនុស្ស​ជាច្រើន បាន​បង្ហាញថា យោធា បានដាក់​គោលដៅ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​រស់នៅ​ក្រោម​ការ​ស្អប់ខ្ពើម និង​មិន​ទទួលបាន​សិទ្ធិ​ស្របច្បាប់​រស់នៅ​ពី​រដ្ឋាភិបាល​នោះ​។

​តាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​ទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។​

​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។ តាម​ចម្លើយ​ក្នុង​របាយការណ៍​ដដែល​នោះ ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​៕


Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com