ប្លែកៗ
អន្តរជាតិ
ការសិក្សា​៖ អត្រា​រួមភេទ​របស់​គូ​ស្វាមី​-​ភរិយា​ជនជាតិ​ជប៉ុន ធ្លាក់ចុះ​
18, Feb 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ការសិក្សា​មួយ បាន​បង្ហាញថា គូ​ស្វាមីភរិយា​ជនជាតិ​ជប៉ុន មាន​ទំនាក់ទំនង​ផ្លូវភេទ​គ្នា​កាន់តែ​តិច​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​។ វា​ជា​កំណត់ត្រា​ថ្មី​មួយ​បន្ថែមទៀត បន្ទាប់ពី​ជប៉ុន​ជាប់​ជា​ប្រទេសមួយ​ដែលមាន​អត្រាកំណើត​ទាប​ជាងគេ​លើ​ពិភពលោក​។​


​សមាគម​ស្រាវជ្រាវ​គម្រោង​គ្រួសារ​របស់​ជប៉ុន (JFPA) បានបង្ហាញ​លទ្ធផល​នៃ​ការស្ទង់មតិ​លើ​ជីវិត​ឯកជន​របស់​បុរស និង​នារី ដែល​រៀប​អាពាហ៍ពិពាហ៍​រួចហើយ ចំនួន​៦៥៥​នាក់ អាយុ​ចន្លោះ​ពី​១៨ ទៅ​៤៩​ឆ្នាំ​។ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្រាវជ្រាវ​ប្រចាំឆ្នាំ​របស់​វិទ្យាស្ថាន​សាធារណៈ​នេះ នៅក្នុង​ឆ្នាំ​២០១៦ ។​

​យោងតាម​លទ្ធផល បុរស​៤៧,៣​ភាគរយ និង​ស្ត្រី​៤៧,១​ភាគរយ បាន​ឆ្លើយថា ពួកគេ​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ឡើយ​ជាមួយ​ភរិយា ឬ ស្វាមី របស់ខ្លួន កាលពី​ខែ​មុន [​មួយខែ​មុន​ការស្ទង់មតិ​]​។ JFPA បាន​ប្រៀបធៀប​ឃើញថា ជនជាតិ​ជប៉ុន​ដែល​មិន​ចាប់អារម្មណ៍​រឿង​រួមភេទ កាន់តែច្រើន ពោល​ពី​៣១,៩​ភាគរយ​នៅ​ឆ្នាំ​២០០៤ ឡើងដល់​ទៅជិត​ពាក់កណ្តាល​ក្នុងចំណោម​អ្នក​រៀបការ​រួច​។​

​ទាក់ទង​នឹង​ការមិន​អើពើ​រឿង​លើ​គ្រែ បុរស​៣៥,២​ភាគរយ​ឆ្លើយថា មកពី​អស់កម្លាំង​ដោយសារ​ការងារ ហើយ​១២,៨​ភាគរយ និយាយថា ពួកគេ​ចាត់ទុក​ភរិយា​ជា​សមាជិកគ្រួសារ​ម្នាក់​ជាជាង​ជា​ដៃគូ​រួមភេទ​។​

​ចំពោះ​ស្ត្រី​វិញ ២២,៣​ភាគរយ និយាយថា ការរួម​ភេទ​ជាការ​ងារ​ដ៏​រវល់​មួយ និង​២០,១​ភាគរយ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើង ដោយ​គ្រាន់តែ​លើកឡើងថា អត្រា​រួមភេទ​ធ្លាក់ចុះ​បន្ទាប់ពី​សម្រាលកូន​រួច​។​

​ជប៉ុន​នាំមុខ​អាល្លឺម៉ង់ ក្នុងនាម​ជា​ប្រទេស​ដែលមាន​អត្រាកំណើត​ទាប​ជាងគេ​ក្នុង​ពិភពលោក ដោយ​ស្ត្រី​មានកូន​ជា​មធ្យម ១,៤​ក្នុង​មួយ​ឆាកជីវិត​របស់​ពួកគេ ហើយ​គូ​ស្វាមីភរិយា​ដែល​រៀបការ​ចន្លោះ​ពី​១៥​ឆ្នាំទៅ​១៩​ឆ្នាំ ផ្តល់កំណើត​ក្នុង​អាត្រា ១,៩៤ នាក់​ជា​មធ្យម​៕


Tag:
 ប្លែកៗ​
  អាពាហ៍ពិពាហ៍​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com